• 2019-10-28 02:28:11
  • ព័ត៌មាន

យាយ និងចៅ បញ្ចេញស្នាដៃក្នុងរឿងភាគខ្មែរ «តួគេខ្ញុំសម្តែង» នៅភីអិនអិន

  • 2019-10-28 02:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់​ថាទស្សនិកជន​កំពុង​តែជក់ចិត្ត​ជាមួយ​រឿង​ភាគខ្មែរ​ចំណង​ជើង «តួគេខ្ញុំសម្តែង» ដែល​ទើបតែ​ចាក់ផ្សាយ​នៅលើ​កញ្ចក់ទូរទស្សន៍​ភីអិនអិន ដោយសារ​តែតួសម្តែង​មាន​ទេពកោសល្យ សាច់រឿងល្អ ជាពិសេស​ក្រោម​ស្នាដៃ​និពន្ធ និងដឹកនាំ​ការ​សម្តែងរបស់​អ្នកស្រី ពាន់ ភួងបុប្ផា រួមជាមួយ​និងចៅប្រុស​របស់លោកស្រី​គឺលោក ម៉ុង ម៉ានិត។

ក្នុងអាជីព​ជាអ្នក​និពន្ធ និងដឹកនាំ​ការសម្តែង​អស់រយៈពេល​សាមសិបឆ្នាំ​កន្លងមក លោកស្រី​បានធ្វើ​ឲ្យ​មហាជនទទួលស្គាល់នូវស្នាដៃនិពន្ធ និងដឹកនាំការសម្តែងរហូតមានឈ្មោះបោះសម្លេងមកដល់សព្វថ្ងៃនេះ។ ចំណែករឿង «តួគេខ្ញុំសម្តែង» គឺជាស្នាដៃ​ទី ៣០ របស់លោកស្រី ហើយក៏អាចនិយាយបានថាជារឿងដែលប្លែក ព្រោះមានបញ្ចូលទាំងល្ខោនយីកេ​ដែលជាមរតក​របស់ដូនតា​ខ្មែរយើង មានតួអង្គស្តេច តួអង្គព្រះនាង ជាពិសេសមាន​បង្កប់នូវអត្ថន័យ​អប់រំ លាយឡំជាមួយ​ភាពក្រម៉ិចក្រមើម​របស់តួឯក​ប្រុស​ផងដែរ។

ដោយឡែក​ចៅប្រុសបង្កើត​របស់លោកស្រី លោកម៉ានិត ដែលជាអ្នកនិពន្ធ និងជាតារាចម្រៀងមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈ​ផងនោះ ក៏មានចំណែកសំខាន់ក្នុងការជម្រុញអោយខ្សែរឿងមួយនេះកាន់តែល្អនោះ គឺការតែងនិពន្ធ និងបកស្រាយ​បទ​ចម្រៀង​យ៉ាងពិរោះរណ្តំចំនួនពីរបទទីមួយចំណងជើង «ព្រះនាងកំពូលដួងចិត្ត» និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយលោក ម៉ានិតផ្ទាល់។ បទទីពីរចំណងជើង «ទោះនៅក្បែរគ្នា» និពន្ធទំនុកច្រៀងដោយលោកម៉ានិត និពន្ធបទភ្លេងដោយ យាន គឺមសាន្ត បកស្រាយដោយកញ្ញា ស្រីកែវ។ ដោយឡែកមួយបទទៀត មានចំណងជើង «ស្នេហ៍បងដែលមិនមែនជាបង» និពន្ធ​បទភ្លេងដោយ ចាន់ សម្ផស្ស និពន្ធទំនុកច្រៀងដោយកញ្ញា ស្រេង ចាន់មល្លិកា បកស្រាយដោយកញ្ញា ស៊ិន ពេជ្រឆដា។

រឿង តួគេខ្ញុំសម្តែង តួឯកប្រុស​គឺកម្លោះធ្មេញជំពើសអេតវីន ចាប់ដៃគូជាមួយតារាទើបតែរះថ្មី ក្មេងខ្ចី ប៉ុន្តែមានសមត្ថភាពក្នុងការសម្តែង​ខ្ពស់គឺកញ្ញា មុនីវិច្ឆរ៉ា ហើយក៏ជាការជ្រើសរើសដោយផ្ទាល់ពីអ្នកស្រីពាន់ ភួងបុប្ផា។

ចង់ដឹងសាច់រឿងដែលយាយ និងចៅរួមគ្នាផលិតនេះ ល្អយ៉ាងណា កុំភ្លេចរង់ចាំតាមដានទស្សនារឿង «តួគេខ្ញុំសម្តែង» រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៧:៥០នាទី នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់