• 2019-11-02 03:11:46
  • ព័ត៌មាន

អ្នក​ទៅ​លេង​មណ្ឌល​គីរី​អុំទូក​នេះ​ត្រូវ​ហើយ គម្រោង​កម្សាន្ត​ធំ​មួយដាក់​ចំ​បេះដូង​របស់​ខេត្ត​តែ​ម្ដង!

  • 2019-11-02 03:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សម្រាប់​ការ​កម្សាន្ត​ដ៏​ធំ​មួយ ត្រូវ​បាន​ប្រកាស​រៀប​​ចំ​នៅ​កណ្ដាល​ក្រុង​សែន​មនោរម្យ​របស់​ខេត្ត​មណ្ឌល​គីរី នា​ឱកាស​ព្រះរាជពិធី​បុណ្យ​អុំ​ទូក អក​អំបុក សំពះ​ព្រខែ និង​លយ​​ប្រទីប​ដែល​នឹង​មក​ដល់​នៅ​​សប្ដាហ៍​ទី​២ នៃ​ខែ​វិច្ឆិកា​នេះ។

តាម​ព័ត៌មាន​គម្រោង​សម្រាប់​ការ​កម្សាន្ត​ដ៏​ធំ​នេះ នឹង​ត្រូវ​ធ្វើ​នៅ​លើ​ដី​ប្រមាណ​ជាង ៥ហិកតា ដោយ​នៅ​ក្នុង​បរិវេណ​នេះ មាន​​ដាក់បញ្ចូល​នូវ​ការ​កម្សាន្ត​ជា​ច្រើន មាន​ដូច​ជា​ការ​ប្រគំ​តន្ត្រី កម្មវិធី​ដាល់​អំបុក និង​ការ​ជួប​ជុំ​គ្នា​​ហាត់​យូហ្គា​ជា​​ដើម នៅ​ក្នុង​បរិយាកាស​ដ៏​មនោរម្យ។ ដូច្នេះ​ហើយ​ទើប គម្រោង​នេះ ត្រូវ​បាន​​ដាក់​ឈ្មោះ​ថា "រមនា​ហ្វេសស្ទីវ៉ល"។

គម្រោង​​នេះ មាន​ចេតនា​ស្រូប​យក​អ្នក​ទេសចរ និង​ផ្សព្វផ្សាយ​ពីសក្ដានុពល​របស់​ខេត្ត​ភាគ​ឥសាន្ត​មួយ​នេះ​​ផង។ កញ្ញា ឆរដ្ឋ ឆលាភី ប្រធាន​គម្រោង​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ខេត្ត​មណ្ឌល​គីរី គឺ​ជា​ខេត្តដ៏​មាន​សក្ដានុពល​ទេសចរណ៍ បែប​អេកូទេសចរណ៍ ដែល​មាន​លក្ខណៈ​អំណោយ​ផល​បំផុត។ ប៉ុន្តែ​ជា​មួយ​គ្នា ការ​បង្កើត​ឲ្យ​មាន​ផលិតផល​ទេសចរណ៍​ដើម្បី​ទាក់ទាញ​ទេសចរណ៍​បន្ថែម ជា​រឿង​ចាំ​បាច់។

កញ្ញា ឆរដ្ឋ ឆលាភី ប្រធាន​គម្រោង​ "រមនា​ហ្វេសស្ទីវ៉ល"

ដូច្នេះ​ហើយ ទើប​កញ្ញា​បាន​ផ្ដួច​ផ្ដើម​បង្កើត​​គម្រោង​នេះ​ឡើង​ដោយ​សហការ​ជាមួយ​ដៃគូ​ជា​ច្រើន​ រៀប​ចំ​ព្រឹត្តិការណ៍​នេះ ដើម្បី​អូស​ទាញ​អ្នក​ទេសចរ​ទៅ​មើល​ពី​​សក្ដានុពល​របស់​ខេត្ត​មណ្ឌល​គីរី ដែល​មាន​កំណប់​ទ្រព្យ​ធម្មជាតិ​ជា​ច្រើន និង​ចូល​រួម​ផ្សព្វផ្សាយ​ពី​​ទេសចរណ៍​របស់​ខេត្ត ក៏​ដូច​ជា​ទេសចរណ៍​របស់​កម្ពុជា​ទាំង​មូល​ផង ដែល​កិច្ច​ការ​នេះ កញ្ញា​ថា ជា​កិច្ចការ​របស់​អ្នក​ទាំង​អស់​គ្នា។

“និយាយ​ពី​ទេសចរណ៍ បង​ប្អូន​អាច​រំពឹង​ពី​ការធ្វើ​របស់​​ក្រសួង ឬ​រាជរដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​យើង​រីក​ចម្រើន ប៉ុន្តែ​សម្រាប់​នាង​ខ្ញុំ វា​គឺ​ជា​កិច្ចការ​របស់​យើង​ទាំង​អស់​គ្នា ព្រោះ​សម័យ​នេះ យើង​មាន​ហ្វេសប៊ុក មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត​ដែល​យើង​មាន​ឱកាស​អាច​ចូល​រួម​ផ្សព្វផ្សាយ​បាន ដោយ​ការ Like, Share ឬ​ក៏​បង្ហោះ​វីដេអូ បង្ហោះ​រូប​ភាព​ជា​ដើម ក៏​ជា​ការ​ផ្សព្វផ្សាយ​​ដែរ!"។

លោក ងិន សុវិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត មណ្ឌលគីរី

នេះ​ជា​លើក​ទី​១ ដែល​គម្រោង "រមនា​ហ្វេសស្ទីវ៉ល" ត្រូវ​បាន​គ្រោង​រៀប​​ចំ​នៅ​ខេត្ត​មណ្ឌល​គីរី ដែល​គម្រោង​នេះ​ត្រូវ​បានសាទរ​ដោយ​ក្រសួង​ទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​របស់​ខេត្ត។ លោក ងិន សុវិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​​ដឹង​ថា លោក​រីករាយ​ដែល​គម្រោង​ខាង​លើ បាន​ជ្រើស​រើស​ខេត្ត​របស់​លោក​សម្រាប់​បោះទី​តាំង។ លោក​ថា កន្លង​មក​ធ្លាប់​មាន​កម្មវិធី​ស្រដៀង​គ្នា​បាន​រៀប​ចំ​នៅ​ខេត្ត​របស់​លោក​ដែរ ប៉ុន្តែ​លើក​នេះ ហាក់​មាន​ភាព​ទាក់​ទាញ​ល្អ​ជាង​ច្រើន។

លោក​បន្ត​ថា ដូច​ការ​លើក​ឡើង​របស់​ប្រធាន​គម្រោង​ខាង​លើ មណ្ឌល​គីរី គឺ​តំបន់​អំណោយ​ផល​បំផុត​សម្រាប់​អេកូទេសចរណ៍ ព្រោះ​តែ​ខេត្ត​នេះ​មាន​តំបន់​កម្សាន្ត​ធម្មជាតិ​ជា​ច្រើន បូក​រួម​ទាំង​បរិយាកាស​មនោរម្យ​ស្ទើរ​គ្រប់​រដូវ។ បើ​ទោះ​ជា​បែប​នេះ​ក្ដី ការ​ផ្សព្វផ្សាយ​​ពី​អ្វី​ដែល​ខ្លួន​មាន គឺ​ជា​រឿង​ចាំ​បាច់ និង​រឹត​តែ​ល្អ ដែល​មាន​ការ​ចូល​រួម​ពី​ផ្នែក​ឯកជន​ដូច​ជា​ពេល​នេះ។

រូបភាព៖ Sopheak

ដូច្នេះ​ហើយ លោក​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​គម្រោង​ខាង​លើ និង​ក៏​​សូម​លើក​ទឹក​ចិត្ត​ដល់​ផ្នែក​ឯកជន​ផ្សេង​ទៀត ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​​បន្ត​បន្ទាប់​ទៀត​នៅ​លើ​ទឹក​ដី​ខេត្ត​មណ្ឌលគីរី​របស់​លោក ដើម្បី​បង្កើន​លំហូរ​ទេសចរណ៍​មក​មណ្ឌលគីរី បង្កើត​ឱកាស​ការងារ ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់។

ដោយ​ឡែក​តំណាង​ពី​ក្រសួង ក៏​បាន​សាទរ​ដូច​គ្នា​ពី​គម្រោង​ខាង​លើ ដោយ​សារ​តែ​ថា សកម្មភាព​របស់​ផ្នែក​ឯកជន​ខាង​លើ បាន​ដើរ​ចូល​​ទៅ​ក្នុង​ផែន​ការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​ដើម្បី​លើក​កម្ពស់​ទេសចរណ៍​របស់​ជាតិ​ទៅ​ហើយ។

លោក សុខ វណ្ណា ប្រធាន​នាយកដ្ឋាន​ជំរុញ​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​ដាក់​យុទ្ធសាស្ត្រ​ប៉ូល​ទាំង​៤ ដើម្បី​លើក​កម្ពស់​ទេសចរណ៍​របស់​ជាតិ ទី​១​​ភ្នំពេញ ទី​២ សៀមរាប ទី​៣​តំបន់​ឆ្នេរ និង​ទី​៤​តំបន់​ភូមិ​ភាគ​ឥសាន្ត​នេះ ដែល​មាន​ខេត្ត​មណ្ឌល​គីរី គឺ​ជា​ខេត្ត​មាន​សក្ដានុពល​មួយ​ក្នុង​តំបន់។ ដូច្នេះ ព្រឹត្តិការណ៍​ខាង​លើ នឹង​ជួយ​អូស​អ្នក​ទេសចរ​ទៅ​តំបន់​ភូមិ​ភាគ​ឥសាន្ត ពិសេស​មណ្ឌល​គីរី​បន្ថែម​ទៀត។

អំណោយ​ផល​ខ្លាំង​លើ​ទេសចរណ៍​បែប​អេកូទេសចរណ៍ មណ្ឌល​គីរី បាន និង​កំពុង​ក្លាយ​ជា​ទិស​ដៅ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ និង​កើន​ពី​១​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ ២០០០មក។ តាម​លោក ងិន សុវិមាន កាល​ពី​ឆ្នាំ ២០១៨ មណ្ឌល​គីរី​មាន​លំហូរ​ទេសចរណ៍​ប្រចាំ​ឆ្នាំ ២០២ ១៤៤នាក់ កើន​ឡើង ក្នុង​នោះ​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន ១៣ ២៧៦នាក់ កើន​សរុប១៧,៩០% ធៀប​នឹង​ឆ្នាំ ២០១៧។

ដោយ​ឡែក​៩ខែ​ចុងក្រោយ​ឆ្នាំ ២០១៩​នេះ ភ្ញៀវ​ទេសចរណ៍​សរុប​មាន​ចំនួន ១៩៤ ៣៨៩នាក់ កើន ២៤,៩០% ធៀប​នឹង​ឆ្នាំ ២០១៨ ក្នុង​នោះ​ទេសចរណ៍​អន្តរជាតិ ១០ ៣៧៧នាក់ កើន ១៣,៩៧% ធៀប​នឹង​ឆ្នាំ​ចាស់។ លោក​មាន​ជំនឿ​ថា ជាមួយ​ព្រឹត្តិការណ៍​ខាង​លើ ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​មណ្ឌល​គីរី នឹង​បន្ត​កើត​ឡើង​​ថែម​ទៀត។

"រមនា​ហ្វេសស្ទីវ៉ល" នឹង​រៀប​ចំ​លើក​ទី​១ចាប់ពីថ្ងៃទី៩-១២ វិច្ឆិកា។ ក្រៅ​ពី​កម្មវិធី​កម្សាន្ត​ខាង​លើ គម្រោង​នេះ ក៏​នឹង​ផ្ដល់​ប្រិយមិត្ត​នូវ​ការ​គេង​ក្នុង​តង់ មាន​គុណភាព​ខ្ពស់ ដោយ​រៀប​ចំ​ផ្នែក​បន្ទប់​អនាម័យ​ស្ដង់ដា រួម​ទាំង​បំពាក់​ម៉ាស៊ីន​ទឹកក្ដៅផង។ នៅ​ក្នុង​នោះ ក៏​ពូក ខ្នើយខ្យល់ ភួយ និងចង្កៀង ដែល​អាច​សាក​ថ្ម​គ្រឿង​អេឡិច​ត្រូនិច​ថែម​ទៀត។

រូបភាព៖ Sopheak

គម្រោង​នេះ បាន​សហការ​ជាមួយ​​ដៃគូ​មួយ​ចំនួន​មាន ក្រុម​ហ៊ុន លំហែ​ទេសចរណ៍ Bookmebus និង 50kplus។ កញ្ញា ឆលាភី បញ្ជាក់​ថា ជាមួយ​កិច្ច​សហការ​នេះ បាន​នាំ​ឲ្យ​គម្រោង​អាច​​ដាក់​ចេញ​នូវ​កញ្ចប់​សម្រាប់​ដំណើរ​ទេសចរណ៍​ក្នុង​ឱកាស​បុណ្យ​អុំទូក​ខាង​មុខ មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ ក្នុង​នោះ មាន​ចាប់​ពី ៤៩ដុល្លា ​រហូត​ដល់​ត្រឹម ៩៩ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ម្នាក់ ដោយ​អាស្រ័យ​ការ​ជ្រើស​រើស​កញ្ចប់​សេវា​របស់​អតិថិជន​នីមួយ​ៗ៕

អត្ថបទ៖ ទារិកា

មតិយោបល់