• 2019-11-15 09:34:30
  • ព័ត៌មាន

អ៊ឹម ជីវ៉ា ប្រកាស​លា​លែង​ពី​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ និង​ស្នើ​ថ្នាក់​ដឹកនាំ​បញ្ចេញ​របាយការណ៍​ចំណូល​ចំណាយ

  • 2019-11-15 09:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ឹម ជីវ៉ា បាន​ប្រកាស​លា​លែង​ពី​តំណែង​ជា​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ​យ៉ាង​តក់​ក្រហល់​នៅ​រសៀល​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​សង្គម​សិល្បៈ ដោយ​ជាមួយ​គ្នា​នេះ លោក​បាន​ស្នើ​ថ្នាក់​ដឹកនាំ​សមាគម​ទាំង​ពីរ គឺ​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម ដែល​មាន​លោក ហេង ឡុង ជា​ប្រធាន និង​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ចន ច័ន្ទ​លក្ខិណា ជា​ប្រធាន សូម​ធ្វើ​ការ​បក​ស្រាយ​លើ​បញ្ហា​មួយ​ចំនួន​ផង។

លោក អ៊ឹម ជីវ៉ា បាន​លើក​យក​បញ្ហា ៩ចំណុច ធ្វើ​ជា​កម្មវត្ថុ​សម្រាប់​ការ​សុំ​លា​លែង​ពី​សមាគម​សិល្បករ​ខ្មែរ ដែល​លោក​អះអាង​ថា​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ ចំណុច​ទាំង​នោះ​រួម​មាន៖ លោក ជីវ៉ា លើក​ឡើង​ថា តំណែង ​ជា​ក្រុមប្រឹក្សាភិបាលរបស់​លោក ក្នុង​​សមាគម​សិល្បករ​ខ្មែរ គ្រាន់តែ​ជា​ការ​រៀ​ប​ចំ​ដើម្បី​ល្អមើល​តែ​ប៉ុណ្ណោះ ឯ​មុខ និង​តួនាទី​គឺ​មិន​ដូច​អ្វី​ដែល​និយាយ​មុន​ពេល​បោះឆ្នោត ឬ​ការ​ធ្វើ​ការងារ​ដូច​អាណត្តិ​ប្រធាន​មុន​ៗ​ឡើយ មាន​ន័យ​ថា​ការងារ​សមាគម​ធ្វើ​ជា​លក្ខណៈ​បុគ្គ​ល មិនសូវ​បាន​មាន​ពេល​កោះហៅ​ប្រជុំ​ឬ​ពិភាក្សា​ឡើយ។

ចំណុច​ផ្សេង​ទៀត សិល្បករ​រូប​នេះ បញ្ចេញ​ថា​មាន​ពាក់​ព័ន្ធ​នឹង​ការ​ឲ្យ​តម្លៃ​សមាជិក​មិន​ស្មើ​ភាព​គ្នា ប្រកាន់​បក្ស​ពួក និង​បញ្ហា​ផ្សេង​ទៀត អំពី​ភាព​ច្បាស់​លាស់​នៃ​កិច្ចការ​របស់​សមាគម​ទាំង​ពីរ គឺ​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម ដែល​មាន​លោក ហេង ឡុង ជា​ប្រធាន និង​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ចន ច័ន្ទ​លក្ខិណា ជា​ប្រធាន​ជា​ដើម។ លោក ជីវ៉ា អះអាង​ថា លោក​ហាក់​មិន​ច្បាស់​ថា អ្នក​ណា ជា​ប្រធាន​សមាគម​មួយ​ណា​ឲ្យ​ប្រាកដ រវាង​សមាគម​ទាំង​ពីរ។

ចំណុច​សំខាន់​ផ្សេង​ទៀត ដែល​មាន​ក្នុង​កម្មវត្ថុ​នៃ​ការ​លា​ឈប់​របស់​លោក អ៊ឹម ជីវ៉ា គឺ​លោក​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​សមាគម​ទាំង​ពីរ ជួយ​បង្ហាញ​របាយការណ៍​គ្រប់​គ្រង​ចំណូល​ចំណាយ​របស់​សមាគម ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ថ្នាក់​ដឹកនាំ​ប្រទេស និង​ឧកញ៉ា​ធំ​ៗ​មួយ​ចំនួន មាន​ជា​អាទិ៍ សម្ដេច​តេជោ​ឧបត្ថម្ភ ៥០០០០ ប្រាំ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ រយៈពេល​៥​ឆ្នាំ ! លោក​ឧកញ៉ា ហុង​ពី​វ ឧបត្ថម្ភ​៥០០០០ ប្រាំ​ម៉ឺន​ដុល្លារ​រយៈពេល​៥​ឆ្នាំ​ដូចគ្នា រួម​ទាំង​ថវិកា​ជំនួយ​របស់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត។

ជុំវិញ​បញ្ហា​ខាង​លើ​នេះ លោក ហេង ឡុង ជា​ប្រធាន​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ​ផង​នោះ នៅ​មិន​ទាន់​អាច​សុំ​អធិប្បាយ​ដោយ​ផ្ទាល់​បាន​ទេ​នៅ​រសៀល​នេះ ដោយ​ការ​សុំ​អធិប្បាយ​តាម​រយៈ​ហ្វេសប៊ុក លោក​មិន​ទាន់​បាន​ឆ្លើយ​តប គិត​ត្រឹម​ម៉ោង ៤ និង ១១នាទី​ថ្ងៃ​នេះ។ ប៉ុន្តែ​នៅ​ក្នុង​គ្រុប​របស់​ខ្លួន លោក ហេង ឡុង បាន​ដឹង​ពី​ករណី​ប្រកាស​លា​ឈប់​ពី​សមាគម​សិល្បករ​ខ្មែរ​របស់​លោក អ៊ឹម ជីវ៉ា ហើយ។

ថ្នាក់​ដឹក​នាំ​សមាគម​រូប​នេះ បញ្ជាក់​ថា លោក​នឹង​ឲ្យ​ក្រុម​មេធាវី​របស់​លោក​ធ្វើ​ការ​លើ​ករណី​នេះ ក្នុង​នោះ​នឹង​ឲ្យ​មេធាវី​របស់​លោក​សើរើ និង​ពិនិត្យ​ចំពោះ​ការ​លើក​ឡើង​ទាំង ៩​ចំណុច​នោះ មាន​ប៉ះពាល់ ឬ​ជា​ការ​បរិហាកេរ្តិ៍​សមាគម​ទាំង​ពីរ​ឬ​អត់។

វិល​មក​លោក អ៊ឹម ជីវ៉ា វិញ បាន​ឆ្លើយ​តប​ជាមួយ Sabay ថា នោះ​ជា​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​លោក ហើយ​ថា មិន​ថ្វី​ទេ ដែល​លោក ហេង ឡុង នឹង​ឲ្យ​មេធាវី​ពិនិត្យ​លើ​ករណី​នេះ ពី​ព្រោះ​ជា​រឿង​ធម្មតា ដែល​លោក​ជា​អ្នក​សុំ​លាលែង ត្រូវ​តែ​ភ្ជាប់​ជាមួយ​មូលហេតុ។ ដោយ​លោក ហេង ឡុង ជា​ថ្នាក់​ដឹក​នាំ​សមាគម ក៏​មាន​សិទ្ធិ​ប្រើ​ប្រាស់​មេធាវី​អនុវត្ត​នីតិវិធីដែល​ពាក់​ព័ន្ធ លើ​មូលហេតុ​នៃ​ការ​លា​ឈប់​របស់​សមាជិក​ដូច​គ្នា។

យ៉ាង​ណា​លោក បញ្ជាក់​ថា អ្វី​ដែល​លោក​បញ្ចេញ​នៅ​ថ្ងៃ​នេះ គឺ​ជា​រឿង​ពិត ហើយ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​សំដី​លោក​ដូច​គ្នា។ "បើ​គាត់​រក​ឃើញ​ថា​ចំណុច​ណា​មួយ​ដែល​ខ្ញុំ​ខុស ដែល​ខ្ញុំ​វាយ​ប្រហារ​សមាគម គាត់​ប្ដឹង​ខ្ញុំ​ទៅ តែ​ខ្ញុំ​ក៏​មាន​ក្រុម​មេធាវី​ខ្ញុំ​សម្រាប់​ធ្វើ​ការ​លើ​រឿង​ហ្នឹង​ដូច​គ្នា​ដែរ!" លោក អ៊ឹម ជីវ៉ា ថ្លែង៕

អត្ថបទ៖ ទារិកា

មតិយោបល់