- 2019-12-24 04:45:43
- ព័ត៌មាន
បើជាអ្នកមានអារម្មណ៍យ៉ាងណា? លោក ទិត្យ ថាវរិទ្ធ ទីបំផុតចេញពាក្យពិតមួយឃ្លាពីបេះដូង ផ្ញើទៅ សុនិតា
- 2019-12-24 04:45:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើជាអ្នកមានអារម្មណ៍យ៉ាងណា? លោក ទិត្យ ថាវរិទ្ធ ទីបំផុតចេញពាក្យពិតមួយឃ្លាពីបេះដូង ផ្ញើទៅ សុនិតា
ចន្លោះមិនឃើញ
លោក ទិត្យ ថាវរិទ្ធ អគ្គនាយករងទូរទស្សន៍បាយ័ន និងជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ បានធ្វើឲ្យភរិយារបស់លោក គឺអ្នកនាង នៅ សុនិតា រំភើប ព្រោះនោះជាអ្វីដែលនាងបានឃើញលើកទី១បំផុត ចាប់តាំងពីមានសម្ព័ន្ធភាពជាមួយគ្នាមក។
តាមការកត់សម្គាល់ នាពេលកន្លងមក លោក ទិត្យ ថាវរិទ្ធ កម្រនឹងបញ្ចេញអារម្មណ៍ ពាក្យសំដីអំពី ឬកាយវិការណាមួយបង្ហាញពីជម្រៅបេះដូងរបស់លោកចំពោះភរិយា និងកូនលោកណាស់។ ប៉ុន្តែមិនមានន័យថា លោកមិនគិតបារម្ភ ឬមិនស្រឡាញ់ពីពួកគេ ប៉ុន្តែសាមីខ្លួនខាងស្រី បានប៉ាន់ស្មានថា ភាពចាស់ទុំ ទំនងជាហេតុផលដែលរារាំងភាពក្លាហានរបស់ស្វាមី។ នេះបើតាមការឆ្លើយឆ្លងកន្លងមក។
ដូច្នេះហើយ ភ្លាមៗក្រោយពី នៅ សុនិតា សម្រាលបុត្រ គេកម្រឃើញលោក បង្ហោះរូបជាមួយតំណក់ឈាមលោកណាស់ រហូតដល់សារព័ត៌មានមួយចំនួន បានយកចំណុចនេះធ្វើប្រធានបទទៀតផង។ ប៉ុន្តែអ្វីៗចាប់ផ្ដើមប្រែប្រួល នៅរយៈកាលចុងក្រោយ ដោយលោកឧស្សាហ៍ឃើញបង្ហោះរូបជាមួយកូនប្រុសតូចរបស់លោក។ យ៉ាងណា ក៏លោកកម្រនឹងបញ្ចេញសារផ្អែមល្ហែមដដែល ដោយទើបនៅថ្ងៃនេះ បានលេចសារផ្អែមល្ហែមដំបូងរបស់លោកផ្ញើចំពោះភរិយា។
លោក ទិត្យ ថាវរិទ្ធ សរសេរថា "អូនជាឧត្ដមភរិយាតែមួយគត់របស់បង សូមឲ្យអូន និងកូនមានក្ដីសុខជារៀងរហូត បងនឹងសងអ្វីៗគ្រប់យ៉ាង ដើម្បីអូន និងកូន...បងពិតជាមិនស្ដាយក្រោយ ដែលបានជ្រើសរើសអូន...”។ នេះ គឺជាសារលក្ខណៈឯកជនដែល លោក ថាវរិទ្ធ ផ្ញើទៅ សុនិតា ហើយភរិយារូបនេះ យកមកបង្ហាញប្រិយមិត្តនាងនៅលើបណ្ដាញសង្គម។
ជាមួយគ្នា សុនិតា ថ្លែងថា នេះជាលើកទី១ដែលស្វាមីសរសេរមកនាងបែបនេះ ហើយនាងបានលើកជាសំណួរថា "បើជាអ្នកមានអារម្មណ៍យ៉ាងណា?"។ តារាស្រី បានតបទៅស្វាមីវិញថា នាងធ្វើតាមការសន្យារបស់នាងដែលបានសន្យាជាមួយស្វាមី ក្នុងនាមជាភរិយាមួយរូប។ នាងតបថា "អូនបានសន្យារួចហើយទោះកាលៈទេសៈណា ក៏អូនមិនអាចអោយបងឯកាម្នាក់ឯងបានដែរ រក្សាភាពស្មោះត្រង់ និងសុភមង្គល"។
ភាពផ្អែមល្ហែម របស់ស្វាមី ភរិយា មួយគូនេះ បាន និងកំពុងធ្វើឲ្យប្រិយមិត្តលើបណ្ដាញសង្គម មោទកភាពជំនួស ក្នុងនោះ មិត្តសិល្បៈរបស់ពួកគេជាច្រើនបាន ចូលមកសាទរ និងសរសើរពីសំណាងរបស់ពួកគេរៀងខ្លួន ដែលបានជួបប្រសព្វគ្នាលើវិថីជីវិតគូដ៏ត្រចះត្រចង់ គួរឲ្យច្រណែន។
លោក ទិត្យ ថាវរិទ្ធ និង នៅ សុនិតា បានធ្លាយទំនាក់ទំនងផ្លូវការជាមួយគ្នាកាលពីដើមឆ្នាំនេះ បន្ទាប់ពីព្យាយាមលាក់បាំងអស់រយៈពេលយ៉ាងយូរ។ ក្រោយអ្វីៗត្រូវទម្លាយ ពួកគេបានរួមរស់ជាមួយគ្នាក្រោមដំបូលតែមួយរហូតដល់មានបុត្រម្នាក់ និងត្រូវមហាជនចោទថា ពួកគេរួមរស់ជាមួយគ្នាដោយមិនបានរៀបការ ខុសប្រពៃណី។ ប៉ុន្តែ សុនិតា ធ្លាប់ឆ្លើយប្រាប់ Sabay ថា នាង និងលោក ថាវរិទ្ធ បានរៀបការនឹងគ្នារួចហើយ។
"ខ្ញុំអត់បានធ្វើខុសនឹងប្រពៃណីទេបង គឺពួកខ្ញុំរៀបការរួចហើយ គ្រាន់តែធ្វើមិនធំដុំ ត្រឹមជួបជុំសាច់ញាតិ ដើម្បីចាស់ទុំទាំងសងខាងដឹងលឺ និងមានមិត្តភ័ក្ដិជិតស្និទ្ធប្រមាណជាង ១០នាក់ប៉ុណ្ណោះ"។ នីតា ថ្លែងប្រាប់កាលពីពេលមុន៕