• 2020-01-10 04:21:43
  • ព័ត៌មាន

រឿង​ពិត​ពី​កូន​មាស កូន​ពេជ្រ សុគន្ធ​កញ្ញា គ្រាន់​តែ​ប៉ិច​មក​ រក​បាន​ប្រមាណ ២០ម៉ឺន​ដុល្លារ​​ទៅ​ហើយ!

  • 2020-01-10 04:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​តារា​ៗ​ស្ទើរ​តែ​គ្រប់​គ្នា គ្រាន់​តែ​មាន​វត្តមាន​លើ​ផែន​ដី​នេះ​ភ្លាម អាច​រក​ចំណូល​បាន​រាប់​ម៉ឺន ហើយ​បើ​កូន​តារា​ល្បី​លំដាប់​ជួរ​មុខ ដូច​ជា ឱក សុគន្ធ​កញ្ញា ថែម​ទៀត រឹត​តែ​ខ្លាំង​ដៃ ដោយ​ក្នុង​នោះ​មាន​លេច​ព័ត៌មាន​មក​ថា ទារក​ឈ្មោះ "ឆាលី" រក​ប្រាក់​បាន​ប្រមាណ ២០​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ហើយ​ឲ្យ​អ្នក​មាន​គុណ។

ឱក សុគន្ធ​កញ្ញា បាន​លេច​មុខ​លើក​ដំបូង​នៅ​ម្សិលមិញ​នេះ នៅ​ក្នុង​កម្មវិធី​ម្សៅ​ទឹក​គោ​មួយ ចាប់​តាំង​ពី​នាង បាន​ផ្ដល់​កំណើត​កូន​ដំបូង​កាល​ពី​ចុង​ឆ្នាំ ២០១៩ មក។ ប្អូន​ថ្លៃ​ថៅកែ​ហង្សមាស​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មាន​រូបរាង​ធាត់​ជាង​មុន ពោល​គឺ​មិន​ទាន់​ស្រក​គីឡូ​មក​ដល់​គីឡូ​ដើម​ ដែល​នេះ​ជា​បញ្ហា​ទូទៅ​របស់​ស្ត្រី​ទើប​សម្រាល​កូន​រួច​ជួប​ប្រទះ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​ដែរ​នោះ ទម្ងន់​ខ្លួន​នោះ មិន​រំខាន​ដល់​សម្ផស្ស​របស់​នាង​ទេ ព្រោះ​ថា កញ្ញា នៅ​តែ​មើល​ទៅ ស្រស់​ស្អាត សម​សួន បើ​ទោះ​មាន​ស្វាមី ព្រម​ទាំង​កូន​ហើយ​ក្ដី។ វត្តមាន​របស់​អ្នក​ម្ដាយ​រូប​នេះ កញ្ញា បាន​នាំ​ទាំង​ទារក​តូច​ដែល​ទើប​នឹង​មាន​វ័យ​ត្រឹម ២ខែ​មក​ជាមួយ​ផង គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ បន្តិច​មក​ ក៏​មាន​ការ​ប្រកាស​ថា អ៊ឹង បញ្ញាបុត្រ ហៅ "ឆាលី" និង​ម្ដាយ គឺ​អ្នក​តំណាង​ផលិតផល ណូទ្រីលេត រយៈ​ពេល​៣​ឆ្នាំ។

យ៉ាង​ណា មិន​មាន​តួលេខ​ពី​តម្លៃ​ពលកម្ម​របស់​ទារក​អាយុ​ពីរ​ខែ និង​ម្ដាយ​ត្រូវ​បាន​ប្រកាស​ជា​ចំហ​នោះ​ទេ ប៉ុន្តែ​គេ​ជឿ​ថា តម្លៃ​កិច្ច​ព្រមព្រៀង​នេះ អាច​នឹង​មាន​ទំហំ​ច្រើន​ដល់​រាប់​ម៉ឺន​ព្រោះ​ថា ម្ដាយ​របស់​គេ ជា​តារា​ស្រី​ល្បី​លំដាប់​ជួរ​មុខ​ប្រចាំ​ប្រទេស និង​ជា​ប្អូន​ថ្លៃ​ថៅកែ​ផលិត​ធំ​លំដាប់​ប្រទេស​ដូច​គ្នា។ ជុំ​វិញ​បញ្ហា ឱក សុគន្ធ​កញ្ញា នៅ​លើ​វេទិកា បាន​បដិសេធ​ក្នុង​ការ​ឆ្លើយ​សំណួរ​នេះ ដោយ​បង្វែរ​ឲ្យ​ទៅ​សួរ នាយក​គ្រប់​គ្រង ទឹម សុវណ្ណារ៉ា វិញ។

បែប​នេះ​ក្ដី ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​នេះ ក៏​មិន​ក្លាហាន​ក្នុង​ការ​បញ្ចេញ​តួលេខ​ពី​តម្លៃ​ពលកម្ម​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ដែរ ដោយ​លោក​ស្នើ​សុំ​ទុក​ជា​ការ​សម្ងាត់។ យ៉ាង​ណា បើ​ទោះ​ជា​ភាគី​សំខាន់​ទាំង​ពីរ ព្យាយាម​មិន​បង្ហើប​ក្ដី ប៉ុន្តែ​ប្រភព​ផ្សេង​មួយ​ទៀត បាន​លួច​បង្ហើប​ពី​រឿង​នេះ​ឲ្យ​ដឹង​ថា ឆាលី ស៊ី​ថ្លៃ​ខ្លួន​មិន​ធម្មតា​ឡើយ។

ប្រភព​នៅ​មិន​ឆ្ងាយ​ពី​តារា​ស្រី និង​ស្នើ​សុំ​លាក់​អត្តសញ្ញាណ​មួយ​រូប បាន​និយាយ​ថា តួ​លេខ​តម្លៃ​ខ្លួន​ពិត​ប្រាកដ​របស់​ម្ដាយ​កូន​តារា​ល្បី​ទាំង​ពីរ​លើ​ការងារ​ខាង​លើ​នេះ រូប​គេ​មិន​ច្បាស់​១០០%​ទេ ប៉ុន្តែ​រូប​គេ​អាច​ធ្វើ​ការ​ប្រៀប​ធៀប​ការងារ​ដូច​គ្នា​នេះ(អ្នក​តំណាង​ផលិតផល)​របស់ កញ្ញា ដែល​បាន​ធ្វើ​ជា​មួយ​ក្រុម​ហ៊ុន​ផ្សេង​បាន ហើយ​ថា ថ្ងៃ​ឈ្នួល​ជា​អ្នក​តំណាង​ផលិតផល​ចុង​ក្រោយ​នេះ ទំនង​ជា​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ។

“នេះ​បើ​តាម​ខ្ញុំ​ដឹង​ទេ​ណា​បង អាច​ថា​មិន ១០០%​ទេ...កញ្ញា កាល​ធ្វើ​ជា​អ្នក​តំណាង​ផលិតផល​គ្រឿង​អេឡិចត្រូនិច​មួយ មិន​បាច់​បញ្ចេញ​ថា​ជា​ផលិតផល​អេឡិចត្រូនិក​ណា​ទេ គឺ​គាត់ ទទួល​បាន​ខ្ទង់ ៦-៧ ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ។ អីចឹង​ការងារ​ថ្ងៃ​នេះ ខ្ញុំ​ជឿ​ថា គាត់​អាច​នឹង​ទទួល​បាន​ខ្ទង់​ប៉ុណ្ណឹង​ដូច​គ្នា!”។ ប្រភព​ថ្លែង។

ប្រភព បន្ថែម​ថា រូប​គេ​ហ៊ាន​សន្និដ្ឋាន ថា​កញ្ញា និង​កូន​តូច​នាង ទទួល​បាន​ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​គ្នា លើស​ក៏​មិន​ច្រើន ហើយ​បើ​តិច​ជាង ក៏​មិន​តិច​ជាង​ច្រើន​ដែរ។ យ៉ាង​ណា​រូប​គេ​ថា មាន​ភាគ​រយ​ខ្ពស់ ដែល​ពួក​គេ​អាច​ទទួល​បាន​តម្លៃ​ការងារ​នេះ​ខ្ពស់​ជាង​ ពី​ឆ្នាំ​ចាស់ ព្រោះ​ថា ជា​ទូទៅ តម្លៃ​ការងារ​របស់​ពួក​គេ មិន​នៅ​ទ្រឹង និង​រឹត​តែ​មិន​ដើរ​ថយ​ក្រោយ​ទៀត។

ដូច្នេះ តាម​ការ​ប៉ាន់​ប្រមាណ​បន្ថែម​ទៀត ប្រភព​ថា កិច្ច​សន្យា​ការងារ ៣​ឆ្នាំ​ជាមួយ ណូទ្រីលេត នា​ពេល​នេះ អូន​តូច ឆាលី និង​ម្ដាយ​ ទទួល​បាន​តម្លៃ​ហត់នឿយ មិន​ក្រោម ២០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់