- 2020-01-11 03:00:25
- ព័ត៌មាន
នូ ស៊ឹប៖ ខ្ញុំមានសិទ្ធិអីឲ្យសមាគមកោះហៅសិល្បករណាមួយមកអប់រំ!
- 2020-01-11 03:00:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នូ ស៊ឹប៖ ខ្ញុំមានសិទ្ធិអីឲ្យសមាគមកោះហៅសិល្បករណាមួយមកអប់រំ!
ចន្លោះមិនឃើញ
លោក នូ ស៊ឹប តារាចម្រៀងជើងចាស់ បានបញ្ចេញសារគួរឲ្យចាប់អារម្មណ៍មួយ ដោយលោកលើកឡើងថា ដូចជាលោកនេះ តើមានសិទ្ធិអ្វី ដែលអាចបង្គាប់ឲ្យសមាគមសិល្បៈឲ្យកោះហៅសិល្បករណាម្នាក់មកធ្វើការអប់រំបាននោះ។
ត្បិតថា មិនបញ្ចេញចំឈ្មោះសិល្បកររូបណានៅក្នុងសាច់រឿង ប៉ុន្តែតារាចម្រៀងជើងចាស់ បញ្ចេញសារបែបនេះ បន្ទាប់ពីមុន១ថ្ងៃ មានសារព័ត៌មានចុះផ្សាយថាលោក បានស្នើទៅសមាគមសិល្បៈឲ្យកោះហៅនាយ ចឺម ដែលមានរឿងរ៉ាវជាមួយនារីម្នាក់ រហូតដល់គេវាយឲ្យបែកក្បាលនោះ មកអប់រំ ព្រោះថា សិល្បករ សីលធម៌គឺសំខាន់ណាស់។
យ៉ាងណា លោក នូ ស៊ឹប បានសម្ដែងការហួសចិត្ត ក្រោយឃើញព័ត៌មាននោះ។ លោកថា មិនដឹងថា ព័ត៌មាននោះចេញតាមប្រភពនោះទេ ត្បិតថា លោកមិនដែលបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានលើករណីនេះទេ ហើយបើលោកទៅនិយាយ នៅកន្លែងណាផ្សេងក៏លោកមិនធ្លាប់ដែរ។ "មែនទែនទៅ ខ្ញុំស្ទើរមិនដឹងរឿង ចឺម ផង ខ្ញុំបានឃើញព័ត៌មានគេបង្ហោះ ហើយខ្ញុំភ្ញាក់ អ្ហាកក្មួយចឺម កើតរឿងអី ស្រាប់តែចៅរបស់ខ្ញុំវាស្រែកពីលើឡៅតឿថា គេថតកុនទេតាអើយ!”។
ដូច្នេះហើយ លោក បានបញ្ជាក់ថា លោកអត់បាននិយាយទាល់តែសោះ តែមិនដឹងថា យ៉ាងម៉េចស្រាប់តែមានព័ត៌មានសរសេរចេញមកបែបនេះ ហើយដាក់ឈ្មោះរបស់លោកថែមទៀត។ លោក ទទួលស្គាល់ថា លោកពិតជាធ្លាប់ជាតារាចម្រៀងឲ្យហង្សមាសតាំងពីម្ភៃឆ្នាំមុនមែនដូចការចុះផ្សាយមែន ប៉ុន្តែវាគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះ។ ដោយឡែករឿងផ្សេងទៀតពីការអធិប្បាយដូចព័ត៌មាន លោកថា ពិតជាមិនបាននិយាយមែន។
លោកគ្រូ នូ ស៊ឹប លើកឡើងថា "សព្វថ្ងៃរស់ក្រោមដំបូលផ្ទះជួលបានទទួលឧបត្ថម្ភពីសមាគមសិល្បៈផងពីសប្បុរសជនផងមានពីសិល្បករជំនាន់ក្រោយៗផងជួយផ្ដល់ជីវភាពដោយក្ដីសប្បុរស សួរថាតើខ្ញំបាទម្នាក់នេះអាចមានសិទ្ធិអីនឹងស្នើអោយសមាគមសិល្បៈកោះហៅសិល្បករណាមួយក៏ដោយ ដែលថាខុសក្រមសីលធម៌មកអប់រំទៅបាន... ខ្ញុំខំថែរក្សាតែសុខភាពក្នុងវ័យជរារបស់ខ្ញុំតែប៉ុណ្ណោះ"។
ម្ចាស់បទ "ផ្ការោយមុនរដូវ" ប្រាប់ទៀតថា តាំងពីបានឃើញព័ត៌មានដែលផ្សាយថា លោកស្នើឲ្យសមាគមសិល្ប់ហៅនាយ ចឺម មកអប់រំនោះមក លោកសម្រាកសម្រាន្តមិនដែលបានលក់ស្រួលឡើយ។ ដូច្នេះហើយ ទើបលោកដាច់ចិត្តសរសេរខ្លះដូចខាងលើ ទុកជាការបកស្រាយ និងបន្សាបការយល់ច្រឡំទាំងឡាយផង៕