- 2020-02-03 03:53:10
- ព័ត៌មាន
លើកទី១ហើយ! តារាចម្រៀងផ្ដិតមេដៃ សុខចិត្តចែកចំណូលពីសិល្បៈ ២០% ទៅដល់អ្នកនិពន្ធ យឹម តាស្រង់
- 2020-02-03 03:53:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកទី១ហើយ! តារាចម្រៀងផ្ដិតមេដៃ សុខចិត្តចែកចំណូលពីសិល្បៈ ២០% ទៅដល់អ្នកនិពន្ធ យឹម តាស្រង់
ចន្លោះមិនឃើញ
តារាចម្រៀង តន់ ចន្ទ សីម៉ា ទើបតែបានចុះកុងត្រាជាមួយ និពន្ធ យឹម តាស្រង់ កាលពីម្សិលមិញនេះ ដោយខ្លួនស្ម័គ្រចិត្តកាត់ប្រាក់២០%រកចំណូលបានពីការងារសិល្បៈ ទៅជូនអ្នកនិពន្ធដែលខិតខំផលិតបទចម្រៀងឲ្យខ្លួនច្រៀង ក្នុងនោះលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជាចាងហ្វាងផលិតកម្ម Galaxy Navatra ធ្វើជាសាក្សីនៃការចុះកុងត្រានេះថែមទៀតផង។
សកម្មភាពខាងលើអាចចាត់ទុកថា ជាប្រវត្តិសាស្ត្រលើការតែងនិពន្ធរបស់អ្នកនិពន្ធខ្មែរ ដែលតារាចម្រៀងហ៊ាន ចែកភាគរយដែលខ្លួនរកបានឲ្យអ្នកនិពន្ធវិញពេលដែលខ្លួនរកចំណូលបានពីសិល្បៈ ដែលសកម្មភាពនេះ ត្រូវបានគេមើលឃើញថា លើកទឹកចិត្តខ្លាំងបំផុតដល់អ្នកនិពន្ធ ជាបុគ្គលដែលនៅពីក្រោយភាពជោគជ័យរបស់តារាចម្រៀងនីមួយៗ។
លោក យឹម តាស្រង់ បានឲ្យដឹងបន្ថែមថា ទង្វើរបស់តារាចម្រៀងខាងលើ គឺជាការតបស្មងដ៏ធំមួយដែលលោកខំលើកស្ទួយកន្លងមកនេះ ហើយក៏ជាការលើកទឹកចិត្តដល់អ្នកនិពន្ធទូទៅផងដែរ។ លោកបានបញ្ជាក់ថា ការចែកប្រាក់២០%របស់ សីម៉ា នេះ មិនមែនសំដៅតែបានមកពីការច្រៀង១មុខឡើយ គឺគ្រប់រូបភាពទាំងអស់ដែលបានមកពីសិល្បៈ ដូចជា ការថតស្ប៉ត ឬភាពយន្តជាដើម។
កុងត្រានេះមិនបានកំណត់ឆ្នាំឡើយ ប៉ុន្តែលោកថា មានរយៈពេលវែង ហើយការធ្វើឡើងមិនមែនធ្វើតែមាត់នោះទេ គឺមានទាំងមេធាវី ព្រមទាំង សាក្សី ដោយលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាចាងហ្វាងផលិតកម្ម Galaxy Navatra ធ្វើជាសាក្សីនៃការចុះកុងត្រានេះថែមទៀតផង។
ឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងបន្ថែមថា ដោយលោកមើលឃើញថា អ្នកនិពន្ធគឺជាចំណុចផ្ដើមធ្វើឲ្យតារាចម្រៀងទទួលបានភាពជោគជ័យ។ ក្រោយពួកគេមានភាពជោគជ័យ តារាទាំងអស់នោះមាន វីឡា មានរថយន្តទំនើប មានទ្រព្យសម្បត្តិច្រើនរស់នៅយ៉ាងស្រួល ប៉ុន្តែបើសម្លឹងមកមើលអ្នកនិពន្ធវិញ កម្រឃើញ អ្នកមានជីវភាពធូរធារ ដូចអ្នកចម្រៀងល្បីឡើយ ។
លោកបន្ថែមទៀតថា ពេលអ្នកនិពន្ធឈឺម្ដងៗ ឃើញព័ត៌មានចុះផ្សាយ រកតែប្រាក់ព្យាបាលជំងឺមិនបានផង អំពាវនាវសប្បុរសជនជួយជាបន្តបន្ទាប់ ចំណុចនេះហើយបានជាលោកឧកញ៉ាលើកទឹកចិត្តឲ្យតារាចម្រៀងក្នុងផលិតកម្មត្រូវតែគិតគូរដល់អ្នកនិពន្ធ ដូចយ៉ាង ការគិតគូររបស់ ច័ន្ទសីម៉ា នាពេលជាឧទាហរណ៍ស្រាប់។
តាមការបញ្ជាក់ពី តារាចម្រៀង តន់ ចន្ទសីម៉ា កុងត្រា ខាងលើ គឺកើតឡើងដោយ ការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំឡើយ ដោយនាងពេញចិត្តក្នុងការធ្វើវាឡើង ដើម្បីតបស្មងទៅអ្នកនិពន្ធដែលខំផលិតបទចម្រៀងឲ្យខ្លួនច្រៀង។
ទទឹមគ្នានោះដែរ លោក ឧកញ៉ា បានសំណូមពរ ដល់អ្នកចម្រៀងផ្សេងទៀត គួរតែសម្លឹងមើលអ្នកនិពន្ធដែលមានមានសមត្ថភាព គួរតែផ្ដល់អ្វីដែលសាកសមទៅនឹងអ្វីដែលអ្នកនិពន្ធបានខំប្រឹងប្រែង ដើម្បីឲ្យពួកគាត់ មានលទ្ធភាពក៏ដូចមានកម្លាំងចិត្ត ក្នុងការតែងនិពន្ធបទចម្រៀងដែលមានគុណភាព ដើម្បីប្រកួតប្រជែង ទាំងទីផ្សារក្នុងស្រុក នឹងអន្តរជាតិទៀត។
ទទួលបានការលើកទឹកចិត្តលើកដំបូងនេះពីតារាចម្រៀង លោក យឹម តាស្រង់ និយាយថា លោកនឹងព្យាយាមផលិតបទចម្រៀងជាច្រៀងបន្ថែមទៀត ឲ្យ សីម៉ា ច្រើន ដោយក្នុង១ខែ មិនក្រោម១០បទឡើយ ហើយបទចម្រៀងទាំងនោះ នឹងចេញជាបន្តបន្ទាប់ឆាប់ៗនេះ៕