- 2020-02-11 08:34:24
- ព័ត៌មាន
មានហេតុផល១ តារាជើងចាស់ ខំបិចចំណូលពីការទូលលក់នំតាមថ្នល់កាត់យប់អធ្រាត្រ ផលិតបទចម្រៀងផ្ទាល់ខ្លួន
- 2020-02-11 08:34:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានហេតុផល១ តារាជើងចាស់ ខំបិចចំណូលពីការទូលលក់នំតាមថ្នល់កាត់យប់អធ្រាត្រ ផលិតបទចម្រៀងផ្ទាល់ខ្លួន
ចន្លោះមិនឃើញ
អ្នកស្រី គង់ ប៊ុនសុន ហៅម៉ែស៊ុន តារាជើងចាស់ម្នាក់ ទោះបីជាមានជីវភាពក្រីក្រលំបាកក្ដី ក៍អ្នកស្រីមិនបោះបង់សិល្បៈឡើយ ជារឿយៗអ្នកស្រីតែងតែឆ្លៀតថតភាពយន្ត ខារ៉ាអូខេ ជាដើមឲ្យតែមានគេហៅថត អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ បើទោះបីជាវ័យចំណាស់ហើយក្ដី អ្នកស្រីបានថែមទាំង ផលិតបទចម្រៀងផ្ទាល់ខ្លួនថែមទៀតផង ហើយប្រាក់យកមកផលិតបទចម្រៀងនោះ គឺខ្លួនបានសន្សំពីការទូលនំលក់ កាត់យប់កាត់អធ្រាត្រ តែម្ដង។
មូលហេតុដែលនាំឲ្យ អ្នកស្រី ខំសន្សំប្រាក់យកមកផលិតបទចម្រៀង ច្រៀងដោយខ្លួនឯងនិពន្ធដោយខ្លួនឯង គឺចង់ឲ្យទស្សនិកជនស្គាល់ មានផលិតករហៅថត នឹង១ទៀត គឺដើម្បីទុកជាអនុស្សាវរីយ។ ក្នុង១បទ អ្នកស្រី ផលិតអស់ត្រឹមតែ២៥ ដុល្លារ ប៉ុណ្ណោះ ខណៈដែលតម្លៃទូទៅ ខាងស្ទីឌីយោ គេយក៥០ ដុល្លារក្នុង១បទឯណោះ។ "២៥ ដុល្លារនឹងគេថត បទភ្លេង វីដូអូ ជួយបង្ហោះឲ្យយើង១ចប់ គេយកអ្នកផ្សេង ៥០ អីណោះ១បទ តែសម្រាប់ខ្ញុំ គាត់យកតែ១៥ ទេ ប៉ុន្តែខ្ញុំជូនគាត់២៥ ទៅ ព្រោះគាត់ខំជួយខ្ញុំ" អ្នកស្រី គង់ ប៊ុនសុន ថ្លែង។
ចាប់តាំងពីអ្នកស្រីចូលសិល្បៈពីឆ្នាំ២០១៤ មក អ្នកស្រី គង់ ប៊ុនសុន ហៅម៉ែ សុន ខំសន្សំ ប្រាក់ផលិតបទចម្រៀង ខ្លួនឯងមាន៥ទៅ៦បទមកហើយ ដោយបទចម្រៀងទាំងអស់នោះ គឺជាការតែនិពន្ធដោយខ្លួនអ្នកស្រីផ្ទាល់តែម្ដង។
អ្នកស្រី គង់ ប៊ុនសុន បានថ្លែងទាំងសំដីមួយៗថា ជិត១ឆ្នាំមកហើយ ទីផ្សារសិល្បៈរបស់អ្នកស្រីធ្លាក់ចុះជាខ្លាំង គឺអត់មានផលិតកម្មណាហៅថតឡើយ ហេតុនេះហើយ ទើបអ្នកស្រីត្រូវតែឆ្លៀតដើរលក់នំ ដើម្បីបង់ថ្លៃឈ្នួលផ្ទះ ក៏ដូចជា ជីវភាពប្រចាំថ្ងៃ។ អ្នកស្រីបានលើក នំថង់ងួន នំបាតដៃ នំខ្ញី ជាដើម ពីអ្នកបោះដុំឯខេត្តកំពត ដោយក្នុង១ថង់ ចំណេញបានខ្ទង់៧០០រៀល ប៉ុណ្ណោះ។
ចាប់តាំងពីព្រឹក រហូតម៉ោង១២យប់ អ្នកស្រីថា អាចលក់បាន២០ទៅ ៣០ កញ្ចប់ប៉ុណ្ណោះ ក្នុង១ថ្ងៃ ផាត់ប្រាក់ថ្លៃថង់ និង ម៉ូតូឌុប សល់ជាង១ម៉ឺនរៀល ទៅ២ម៉ឺនរៀលប៉ុណ្ណោះ ។ "ខែនេះជំពាក់ថ្លៃផ្ទះគេ៣០ដុល្លារ ខែមុខជំពាក់គេ៣០ដែរ នំនៅតែជាង១០កញ្ចប់ទេ ដាច់ដើមហើយ ម្សិលមិញអត់បានទៅលក់ទេក្មួយអើយ ព្រឹមមិញកូនផ្ញើឲ្យ២០ ដុល្លារ ធ្វើដើមបន្ត ចេះតែខំទៅ "។ អ្នកស្រីនិយាយទាំងសំដីមួយៗមកកាន់ Sabay។
អ្នកស្រី គង់ ប៊ុនសុន ប្រកបរបរលក់នំនេះជាង១ឆ្នាំមកហើយ ដោយលក់នៅលើផ្លូវ២៧១ ក្រោយធនាគារANZ ។ ចំណែកថ្លៃផ្ទះជួល ស្ត្រីមេម៉ាយកូន៣វ័យ ៦៥រូបនេះ ជួលគេ១ខែ៩០ ដុល្លារ រស់នៅតែម្នាក់ឯង កូនៗមានគ្រួសារទៅរស់នៅជុំគ្រួសារគេរៀងៗខ្លួន។ ងាកមកការថតភាពយន្តវិញ តម្លៃខ្លួនអ្នកស្រី មិនបានថ្លៃឡើយ ក្នុង១ថ្ងៃទទួលបានត្រឹមតែ១៥ ទៅ ៥០ ដុល្លារប៉ុណ្ណោះ។
ក្នុងវិស័យភាពយន្តតារាជើងចាស់មានកំណើតមកពីខេត្ត តាកែវ រូបនេះ បានថតមិនក្រោម៣០ទៅ ៤០រឿងឡើយ ចំណែកវីដេអូខារ៉ាអូខេ និងស្ប៉តពាណិជ្ជកម្ម ក៏អ្នកស្រីថត បានជាច្រើនផងដែរ។
ទោះបីជាចំណូលមិនបានប្រសើរ ពីការងារសិល្បៈក្ដី អ្នកស្រី គង់ ប៊ុនសុន នៅតែមិន រាថយលើអាជីពនេះឡើយ បច្ចុប្បន្នទទឹងចាំតែគេហៅថត គឺសប្បាយចិត្តណាស់ ត្បិតអីវា គឺជាការស្រលាញ់។ ប្រសិនបើប្រិយមិត្តចង់ជួយឧបត្ថម្ភ ឬក៏ផលិតកម្មណាមានបំណងហៅអ្នកស្រី ប៊ុនសុន ថត អាចទាក់ទងលេខទូរសព្ទ 098 444 858 ៕