• 2020-02-14 04:02:25
  • ព័ត៌មាន

ស្ងាត់​ៗ ប្រទះ​ឃើញ ហង្ស ឈា លេច​មុខ​នៅ​ស្រុក​ខ្មែរ ក្នុង​ដំណើរ​លាក់​លៀម​មួយ

  • 2020-02-14 04:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហង្ស ឈា ដែល​បាន​ចាក​ចេញ​ពី​កម្ពុជា​អស់​រយៈ​ពេល​១៣ឆ្នាំ​ហើយ​នោះ ស្រាប់​តែ​ម្សិលមិញ ឃើញ​លេច​មុខ​ក្នុង​កម្មវិធី​សម្ពោធ​ហាង​តែ​គុជ​មួយ​មក​ពី​តៃវ៉ាន់ គួរ​ឲ្យ​ភ្ញាក់​ផ្អើល ពោល​គឺ​លោក​មក​លើក​នេះ​ក្នុង​លក្ខណៈ​ស្ងប់ស្ងាត់​ខុស​ពី​ពេល​មុន។

តាម​ការ​ឲ្យ​ដឹង​ពី​សាមី​ខ្លួន នេះ​គឺ​ជា​ដំណើរ​លើក​វិល​ត្រឡប់​មក​ប្រទេស​កំណើត​លើក​ទី​២​ហើយ ក្រោយ​ពី​បាន​ចាក​ចេញ​ទៅ​រស់​នៅ​ជាមួយ​ភរិយា​នៅ​អាមេរិក​ជាង​១​ទសវត្ស។ លើក​ទី​១​មួយ​លោក​បាន​មក​លេង​ប្រទេស​កំណើត​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ទំនាក់ទំនង​ការងារ ជួប​ជុំ​មិត្ត​សិល្បៈ​ខ្លះ និង​ជួប​ជុំ​ជាមួយ​គ្រួសារ។ គ្រា​នោះ រូប​ថត​អំពី​ដំណើរ​របស់​លោក​ឡើង​ព្រោងព្រាត​លើ​ហ្វេសប៊ុក ខុស​ពេល​នេះ លោក​មក​ក្នុង​ការ​លាក់​លៀម។

ហង្ស ឈា បាន​ទទួល​ស្គាល់​ថា លោក​មក​ស្រុក​លើក​នេះ គឺ​ក្នុង​ការ​លាក់​លៀម ពោល​គឺ​មិន​ចង់​ឲ្យ​មាន​ការ​ដឹង​លឺ​ច្រើន​​ពិត​មែន។ ដូច្នេះ​ហើយ លោក​មិន​បាន​ចេញ​មុខ​ទៅ​ជួប​ជាមួយ​មិត្ត​ភ័ក្តិ​សិល្បៈ​ច្រើន​នោះ​ទេ។ យ៉ាង​ណា អតីត​តារា​សម្ដែង និង​ចម្រៀង មិន​បាន​ពន្យល់​ឲ្យ​ច្បាស់​លាស់​ថា អ្វី​ជា​មូលហេតុ​ដែល​លោក​មិន​ចង់​ឲ្យ​ដំណឹង​មក​លេង​ស្រុក​របស់​លោក​លើក​នេះ ត្រូវ​ខ្ចរខ្ចាយ​នោះ​ទេ។

ទោះ​យ៉ាង​នេះ​ក្ដី លោក​គ្រាន់​តែ​បង្ហើប​ថា លោក​មក​លើក​នេះ គឺ​ក្នុង​ការងារ​សំខាន់​មួយ។ប៉ុន្តែ​លោក​ក៏​សុំ​សិទ្ធិ​មិន​អធិប្បាយ​ស៊ីជម្រៅ​លើ​ការងារ​នោះ​ដែរ។ លោក ហង្ស ឈា បាន​មក​ដល់​កម្ពុជា​ជា​លើក​ទី​២ កាល​ពី​សប្ដាហ៍​មុន...ក្នុង​រយៈ​ពេល​ប្រមាណ ១សប្ដាហ៍ ម្ចាស់​ឧបត្ថម្ភ​នាំ​យក​តារា​ទៅ​សម្ដែង​នៅ​អាមេរិក​រូប​នេះ ប្រាប់​ថា លោក​មិន​សូវ​ដើរ​ចេញ​ជា​សាធារណៈ ឬ​ជួប​ជុំ​ជាមួយ​មិត្ត​ភ័ក្ដិ​ច្រើន​ឡើយ ក្រៅ​តែ​ពី​ការ​ជួប​ជុំ​ជាមួយ​គ្រួសារ។

ប៉ុន្តែ​ម្សិលមិញ​លោក​បាន​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​ហាង​តែ​គុជ​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ដោយ​ក្នុង​ពេល​នោះ គេ​ឃើញ​លោក​កាន់​កូន​កាន់​កាមេរ៉ា​មួយ​ដើរ​ថត​ក្នុង​ហាង។បញ្ហា​នេះ ហង្ស ឈា បាន​ប្រាប់​ថា តាម​ពិត​ទៅ​លោក​មិន​មែន​ជា​ភ្ញៀវ​របស់​ម្ចាស់​ហាង​នោះ​ទេ។ ប៉ុន្តែ​លោក​មក​ចូល​រួម តាម​ការ​អញ្ជើញ​របស់​កូន​ៗ​ទាំង​៣​របស់​លោក​ព្រាប សុវត្ថិ ប៉ុណ្ណោះ។

កូន​ប្រស់​ទាំង​៣​របស់​លោក ព្រាប សុវត្ថិ គឺ​សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និង​សុវត្ថិ សិរីវុឌ្ឍ ត្រូវ​បាន​ជ្រើស​ដោយ​ម្ចាស់​អាជីវកម្ម​តែគុជ​មក​ពីតៃវ៉ាន់ ធ្វើ​ជា​តារា​តំណាង​ផលិតផល។ ដូច្នេះ​ហើយ ដោយ​យោង​លើ​ភាព​ជិតស្និទ្ធ រវាង​លោក ហង្ស ឈា និង​គ្រួសារ​ត្រកូល​កំពូល​តារា​នោះ លោក ត្រូវ​បាន​កូន​ប្រុស​លោក ព្រាប សុវត្ថិ អញ្ជើញ​មក​ចូល​រួម​កម្មវិធី​ខាង​លើ​ជាមួយ​គ្នា​តែ​ម្ដង។

ក្រោយ​ពី​បាន​បញ្ចប់​ការងារ​ដែល​លោក​សុំ​មិន​បញ្ចេញ លោក ហង្ស ឈា ជិត​ដល់​ថ្ងៃ​វិល​ត្រឡប់​ទៅ​ទឹក​ដី​លោក ដូណាល់ ត្រាំ វិញ​ហើយ ព្រោះ​នៅ​ទី​នោះ លោក​មាន​ការងារ​មួយ​ចំនួន​ត្រូវ​ធ្វើ និង​ដឹកនាំ។ តារា​ប្រុស​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​អាមេរិក​លោក​មាន​ក្រុមហ៊ុន​ចំនួន​២ ទី​១​អាជីវកម្ម​ផ្នែក​ភេសជ្ជៈ ដូច​ហាងតែគុជ​ខាង​លើ​ដែរ និង​ទី​២ លោក​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​ផ្ដល់​ការ​ប្រឹក្សា និង​ស្វែង​រក​មនុស្ស​សម្រាប់​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​នានា​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់