- 2020-02-21 02:27:47
- ព័ត៌មាន
តារាប្រុសរូបសង្ហា ជា លាងឈែ បង្ហើបពីតម្លៃខ្លួនក្នុងឆ្នាំ ២០២០ សម្រាប់គ្រប់ប្រភេទរឿង
- 2020-02-21 02:27:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាប្រុសរូបសង្ហា ជា លាងឈែ បង្ហើបពីតម្លៃខ្លួនក្នុងឆ្នាំ ២០២០ សម្រាប់គ្រប់ប្រភេទរឿង
ចន្លោះមិនឃើញ
គ្រាន់តែឈានជើងចូលដល់ឆ្នាំ ២០២០ ការងារបានសម្រុកមក ដែលគិតត្រឹមពេលនេះ តារាសម្ដែងកូនចិន ជា លាងឈែ កាន់តែឡើងទីផ្សារខ្លាំង ដោយក្នុងនោះ លោកក្រសោបបានជិត១០រឿងហើយគិតត្រឹមខែកុម្ភៈនេះ ស្របពេលដែលតម្លៃខ្លួនទៀតសោត ក៏បានច្រើនថែមទៀតផង។
តាមព័ត៌មានដែល Sabay ទទួលបាន ភាពយន្តដែលតារាប្រុសល្បីឈ្មោះរូបនេះ ទទួលបានមានដូចជារឿង "ស្រោមមុខ" កំពុងចាក់បញ្ចាំងនៅទូរទស្សន៍បាយ័ន។ បន្តមកទៀតមានរឿង "កូនប្រសាអ្នកមាន" របស់ទូរទស្សន៍ហង្សមាស កំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ដូចគ្នា រឿង“ពិសឬស្យា" “រវាងយើង" “គ្រាប់បាល់អង្រួនបេះដូង" ។ ដោយឡែករឿងដែលលោក បាន និងកំពុងថតមានដូចជារឿង "ទាសករលុយ" ជាដើមដែលលោកថតឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥។
លោកលើកឡើងថា ការងារថតភាពយន្ត ពិសេសភាពយន្តភាគសម្រាប់ទូរទស្សន៍តែម្ដង គឺថាមានការកើនឡើងមែនទែន។ និយាយនេះ ជា លាងឈែ បញ្ជាក់ថា មិនមែននិយាយត្រឹមការងារខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែលោកនិយាយក្នុងឧស្សាហកម្មភាពយន្តភាគតែម្ដង ដែលលោកបានកត់សម្គាល់ឃើញថា មានការកើនឡើងច្រើនមែនទែននាមួយរយៈចុងក្រោយ ដែលនេះជាសញ្ញាល្អ និងរឹតតែល្អថែមទៀត សម្រាប់សិល្បករដូចជាលោក ព្រោះមានការងារធ្វើច្រើន ចំណូលក៏បានក្រាស់ក្រែងតាមហ្នឹងដែរ។
ដោយសារតែបែបនេះ តារារូបនេះ បានឲ្យដឹងទៀតថា ស្ទើរតែគ្រប់ទូរទស្សន៍ក្នុងស្រុកទៅហើយដែលលោកបានសម្ដែងក្នុងខ្សែភាពយន្តរបស់គេឲ្យនោះ។ វិលទៅតម្លៃពលកម្មវិញ លោក ឈែ បានបញ្ចេញឲ្យដឹងថា លោកទទួលបានចន្លោះពី ៣-៤ពាន់ដុល្លារសម្រាប់ការសម្ដែងរឿងភាគ ដែលមានរយៈពេលថតត្រឹម ១៥-២០ថ្ងៃ។ ប្រសិនបើច្រើនថ្ងៃជាងនេះ តម្លៃពលកម្មក៏កើនឡើងដែរ តាមការចរចា និងព្រមព្រៀងគ្នា។
ដោយឡែក វិលមករឿងសម្រាប់ដាក់បញ្ចាំងនៅរោងកុនវិញ លាងឈែ ប្រាប់ដែរថា លោកស៊ីថ្លៃប្រមាណជាង ៣ពាន់ដុល្លារឡើងទៅដូចគ្នា និងអាស្រ័យទៅតាមពេលវេលាថតក្នុង១រឿង ហើយតម្លៃការងារក៏ប្រែប្រួលទៅតាមនោះដែរ។
តម្លៃខ្លួនខាងលើ តារាប្រុសរូបសង្ហារូបនេះ បញ្ជាក់ថា គឺជាតម្លៃថ្មី ខណៈកាលពីឆ្នាំចាស់ គឺមានការខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។ លោកថា មិនមានគម្រោងតម្លើងប្រាក់ឈ្នួលបន្ថែមទៀតទេ ប៉ុន្តែលោកចង់បានការងារច្រើនថែមទៀត ព្រោះបើការងារកាន់តែច្រើន ចំណូលក៏កើនឡើងច្រើនតាមនោះដែរ។ និយាយបែបនេះ លោកថា ក្រៅពីខ្សែភាពយន្តទាំង ៩រឿង ដែលលោកបានថតចប់ និងកំពុងថតខាងលើ មានស្ថានីយទូរទស្សន៍បានទាក់ទងមកលោកបន្តបន្ទាប់ទៀតហើយ៕