• 2020-02-24 09:46:08
  • ព័ត៌មាន

ហេតុអ្វី​បាន​ជាមាន​រថយន្ដ​ក្រុង​សាធារណៈ​នៅ​ខេត្ដ​បន្ទាយមានជ័យ?

  • 2020-02-24 09:46:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ដ​ក្រុង​សាធារណៈ​ទៅ​មក​ក្រុង​ប៉ោយប៉ែត្រ-ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ ស្រប​ពេល​ដែល​ក្រុមហ៊ុន​ខ្នាត​យក្ស​ពីរ កំពុង​បោះ​ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ អគ្គិសនី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទី​នោះ។

ក្រុមហ៊ុន​ទាំង​ពីរ រួម​មាន៖ ក្រុមហ៊ុន “ឆាយ​ណា​ប៉ោយ​ប៉ែត​ស៊ែត​ថឺឡាយ ស៊ីធី” របស់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា វិនិយោគ​លើ​ផ្ទៃ​ដី​ជាង​១​ពាន់​ហិតា ដើម្បី​បង្កើត​ជា​ទីក្រុង​រណប​ថ្មី​មួយ នៃ​ខេត្ត​​​បន្ទាយ​មាន​ជ័យ ​ដែល​ប្រជុំ​ទៅ​ដោយ​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ខនដូ រីសត ផ្ទះ​ល្វែង វីឡា ​ភោជនីយដ្ឋាន ​ជា​ដើម។

រីឯ​ក្រុមហ៊ុន​វិនិយោគ​ធំ​មួយ​ទៀត គឺ​ក្រុមហ៊ុន មជ្ឈិមស្ទាល អ៊ីនធើប្រាយ របស់​លោក ស្រី ណាគ្រី ដែល វិនិយោគ​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​(សូឡា) រោង​ចក្រ​ផលិត​ទឹក​កក និង​តំបន់​សេដ្ឋកិច្ច​ពិសេស។

ដូច្នេះ​ការ​ធ្វើ​ចរាចរណ៍​ទៅ​មក​រវាង​ក្រុង​ប៉ោយប៉ែត និង​ស្រុក​ម៉ាឡៃ នឹង​មាន​ភាព​មមាញឹក​ខ្លាំង។ ស្រប​ពេល​គ្នា​នេះ​អាជ្ញាធរ និង​អ្នក​វិនិយោគ​ធំ​ៗ បាន​គិតគូរ​ពី​សុវត្ថភាព​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ តាម​រយៈ​បង្កើត​រថយន្ដ​ក្រុង​សាធារណៈ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ធ្វើ​ដំណើរ​ឆាប់​រហ័ស កាត់​បន្ថយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ចំណាយ​ថវិកា​តិច។

បើ​តាម​អភិបាល​ខេត្ដ​បន្ទាយ​មានជ័យ​លោក អ៊ុំ រាត្រី បាន​ឲ្យ​ដឹង​ថា រថយន្ដ​ក្រុង​ដែល​ដាក់​ឲ្យ​ដំណើរការ​មាន​ចំនួន​១៥​គ្រឿង ហើយ​ពលរដ្ឋ​គ្រប់​រូប​អាច​ជិះ​ទៅ​មក​ក្រុង​ប៉ោយប៉ែត្រ-ម៉ាឡៃ ដោយ​ឥតគិត​ថ្លៃ​រយៈ​ពេល​បី​ខែ គឺ​គិត​ចាប់​ថ្ងៃ​២២ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២០។ បន្ទាប់​ពី​នោះ​ក្រុមហ៊ុន​វិនិយោគ យក​ត្រឹម​តែ ​២ ០០០​រៀល​ប៉ុណ្ណោះ ​ក្នុង​មនុស្ស​ម្នាក់ ខណៈ​ពលរដ្ឋ​ជិះ​ម៉ូតូ​ឌុប​អស់​ប្រាក់​មិន​ក្រោម​២​ម៉ឺន​រៀល​ឡើយ សម្រាប់់​ថ្លៃ​ទៅ ឬ​មក​ក្រុង​ប៉ោយប៉ែត ឬ​ស្រុក​ម៉ាឡៃ។

សូម​រំលឹក​ថា ចម្ងាយ​ផ្លូវ​ពី​ក្រុង​ប៉ោយប៉ែត្រ ទៅ​ស្រុក​ម៉ាឡៃ មាន​ប្រវែង​ ៤០​គីឡូម៉ែត្រ។ រថយន្ដ​ក្រុង​ទាំង​ ១៥​គ្រឿង នឹង​ផ្លាស់​គ្នា​ដឹក​ជញ្ជូន​ពលរដ្ឋ​ក្នុង​រយៈ​ពេល​២០​នាទី​ម្ដង ដោយ​ក្នុង​១គីឡូម៉ែត មាន​ចំណត​មួយ។ បើ​គម្រោង​នេះ ជោគជ័យ អាជ្ញាធរ​ខេត្ដ នឹង​ពិចារណា​ដាក់​ឲ្យ​ដំណើរ​ការ​រថយន្ដ​ក្រុង​សាធារណៈ​មួយ​ខ្សែ​ទៀត​ដើម្បី​ទៅ​មក​ក្រុង​ប៉ោយប៉ែត-ក្រុង​សិរី​សោភ័ណ្ឌ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់