• 2020-03-10 07:39:52
  • ព័ត៌មាន

អេនឌី ឆ្លើយ​យ៉ាង​ហី ក្រោយ​បាន Visa ទៅ​អូស្ត្រាលី អំឡុង​ពេល Covid-19 វាយ​លុក​

  • 2020-03-10 07:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អូស្ត្រាលី ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន បាន និង​កំពុង​រង​ការ​វាយ​ប្រហារ​របស់​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី Covid-19 ខណៈ​ពេល​នេះ តារា​ចម្រៀង​កម្ពុជា​លោក លាវ ពិសិដ្ឋ ហៅ អេនឌី បាន​ទទួល Visa សម្រាប់​ដំណើរ​បេសកកម្ម​សិល្បៈ​នៅ​ក្នុង​ប្រទេស​នេះ ចំ​ពេល Covid-19 កំពុង​គំរាម​កំហែង។

តារា​ចម្រៀង​កម្ពុជា បញ្ជាក់​ថា លោក​មិន​បាន​បារម្ភ​នោះ​ទេ ប៉ុន្តែ​លោក​រីករាយ​ទៅ​វិញ​ចំពោះ​ឱកាស​នេះ ព្រោះ​ថា លោក​បាន​ទៅ​ជួប​បង​ប្អូន​ខ្មែរ​នៅ​អូស្ត្រាលី បង្កើត​ភាព​សប្បាយ​រីករាយ​ជាមួយ​គ្នា​ជា​ថ្មី ក្រោយ​ពី​លោក​បាន​ខកខាន​ទៅ​បំពេញ​បេសកកម្ម​ការងារ​សិល្បៈ​នៅ​ក្នុង​ប្រទេស​នេះ​យូរ​ក្រែល​ដែរ​ហើយ។

តាម​ការ​បញ្ជាក់​របស់​តារា​ប្រុស នេះ​គឺ​ជា​លើក​ទី​៣​ហើយ ដែល​លោក​បាន​ទទួល​បេសកកម្ម​ការងារ​ទៅ​អូស្ត្រាលី​ក្រោម​ការ​ឧបត្ថម្ភ​របស់​អ្នក​ឧបត្ថម្ភ​នៅ​ទី​នោះ ខណៈ​ដំណើរ​ចុង​ក្រោយ​របស់​លោក កើត​មាន​តាំង​ពី​ឆ្នាំ ២០១៥។ ឆ្នាំ ២០១៨ អេនឌី អេនឌី ក៏​ទទួល​បាន​ឱកាស​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​បរទេស​ដែរ ប៉ុន្តែ​មិន​មែន​អូស្ត្រាលី​ទេ បាន​ទៅ​អាមេរិក និង​កាណាដា។ ដូច្នេះ​ហើយ លោក​នៅ​តែ​អះអាង​ថា លោក​មាន​ភាព​សប្បាយ​រីករាយ​មែន​ទែន។

ប្រទេស​អូស្ត្រាលី បាន និង​កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំង​ពី Covid-19 ដែល​គិត​ត្រឹម​ថ្ងៃ​ទី ០៦ មីនា មាន​ករណី​អ្នក​ឆ្លង COVID-19 នៅ​អូស្ត្រាលី​មាន​សរុប ៦០​ករណី ក្នុង​នោះ ០២​នាក់​បាត់បង់​ជីវិត ហើយ​ករណី​ភាគ​ច្រើន​បំផុត គឺ​ជាអ្នក​ធ្វើ​ដំណើរ​មក​ពី​បរទេស។ ករណី​នេះ លោក អេនឌី បាន​បញ្ជាក់​ថា លោក​បាន​ដឹង​ខ្លះ​ៗ​ដែរ ប៉ុន្តែ​លោក​មិន​ជា​មាន​ការ​បារម្ភ​ប៉ុន្មាន​នោះ​ទេ។

លោក​ថា លោក​បាន​ទទួល​កិច្ចសន្យា​ការងារ​ជាមួយ​អ្នកឧបត្ថម្ភ​នៅ​អូស្ត្រាលី​រួច​ហើយ លោក​មិន​រារែក​ទេ។ ម្យ៉ាង​លោក​គិត​ថា នេះ​ជា​រឿង​ដែល​យើង​មិន​គួរ​ខ្លាច​ពេក​រហូត​ដល់​មិន​ហ៊ាន​ចេញ​ទៅ​ធ្វើ ឬ​ប្រកប​កិច្ចការ​អ្វី​នោះ​ទេ។ លោក ថ្លែង​ថា "មនុស្ស​យើង បើ​ត្រូវ​ស្លាប់ ធ្លាក់​តែ​ពី​លើ​ខ្នើយ​ក៏​ស្លាប់​ដែរ​បង​អ្ហើយ អិចឹង​មិន​ចាប់​បាច់​ខ្លាច​ពេក​ទេ"។

រូបភាព៖ ហ្វេសប៊ុក អេនឌី

តាម​ការ​បញ្ជាក់​របស់​លោក អេនឌី លោក​នឹង​ចេញ​ទៅ​អូស្ត្រាលី​នៅ​ថ្ងៃ​ស្អែក​នេះ​តែ​ម្ដង ក្រោយ​ពី​លោក​ទទួល​បាន​ទិដ្ឋាការ​ឲ្យ​ចូល​ទៅ​ប្រទេស​គេ​តាំង​ពី​សប្ដាហ៍​មុន។ លោក គ្រោង​​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ដើម​ខែ​ក្រោយ ហើយ​បន្ត​ពី​នោះ​មិន​ប៉ុន្មាន​ថ្ងៃ លោក​នឹង​ហោះ​ចេញ​ពី​កម្ពុជា​ម្ដង​ទៀត​ទៅ​កាន់​ប្រទេស​ទី​២ ក្រោយ​ពី​លោក​បាន​ស្រេច​បាច់​អស់​ហើយ​លើ​ឯកសារ​សំបុត្រ​ស្នាម​នានា នៅ​តែ​ថ្ងៃ​ឡើង​យន្តហោះ​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់