• 2020-03-13 00:11:00
  • ព័ត៌មាន

កសិករ​ខ្មែរ​មាន​សង្ឃឹម​ហើយ! ខេម ៖ "ខ្ញុំ​ចង់​ឃើញ​ស្នាម​ញញឹម​កសិករ​ខ្មែរ"

  • 2020-03-13 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ផលិតកម្ម ថោន លោក ខេម បាន និង​កំពុង​មាន​សកម្មភាព​ខ្លាំង​ក្នុង​ការ​លើក​កម្ពស់​បន្លែ​ធម្មជាតិ​របស់​កសិករ​ខ្មែរ ដោយ​ក្នុង​នោះ លោក​មាន​គំនិត​មួយ គឺ​ចង់​ឃើញ​ស្នាម​ញញឹម​របស់​បង​ប្អូន​ប្រជា​កសិករ​ខ្មែរ​ចេញ​ពី​កសិផល​របស់​ខ្លួន។

សកម្មភាព​របស់ ខេម បាន​កើត​មាន ចាប់​តាំង​ពី​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ប្រកាស​ពី​គម្រោង "ផ្សារ​កសិផល​ធម្មជាតិ" កាល​ពី​ខែ​មុន ដែល​ពេល​នោះ ភ្លាម​ៗ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ឆ្នាំង បាន​ប្រកាស​គាំទ្រ និង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​ទីផ្សារ​កសិផល​របស់​បង​ប្អូន​ប្រជា​កសិករ​តាម​រយៈ​គម្រោង​នេះ។ ខេម បាន​ឲ្យ​ដឹង​ថា លោក​នឹង​ចូល​រួម​ផ្សព្វផ្សាយ​ដោយ​ឥត​គិត​ថ្លៃ​រាល់​សកម្មភាព​គម្រោង​ដើម្បី​ប្រជាកសិករ។

ធ្វើ​បែប​នេះ ម្ចាស់​បទ "ស្រឡាញ់​ស្រី​កម្ពស់ ១,៧៣" ប្រាប់​ថា មិន​មែន​ជា​ការ​គាំទ្រ​គម្រោង​របស់​ឧកញ៉ា​វ័យ​ក្មេង​តែ​ម្យ៉ាង​នោះ​ទេ តែ​ធាតុ​ពិត គឺ​លោក​ចង់​ជួយ និង​លើក​កម្ពស់​ទីផ្សារ​របស់​បង​ប្អូន​ប្រជា​កសិករ។ "ខ្ញុំ​ចង់​ឃើញ​ស្នាម​ញញឹម​របស់​បង​ប្អូន​ប្រជាកសិករ​យើង ព្រោះ​ឃើញ​កន្លង​មក ពួក​គាត់​ខំ​ដាំដុះ បាន​ផល​ហើយ បែរ​ជា​អត់​សូវ​មាន​ទីផ្សារ អីចឹង​ហើយ​ខ្ញុំ​ចង់​ជួយ​ពួក​គាត់ ហើយ​ជាមួយ​គ្នា ខ្ញុំ​ក៏​សុំ​សំណូម​ពរ​ដល់​រដ្ឋាភិបាល និង​ក្រសួង​ពាក់​ព័ន្ធ គួរ​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ ត្រី សាច់​ពី​បរទេស ដើម្បី​ទុក​លទ្ធភាព​ទីផ្សារ​ឲ្យ​បង​ប្អូន​កសិករ​យើង​ក្នុង​ស្រុក​វិញ"។

មាន​ការ​គិត​ធ្វើ​បែប​នេះ លោក ខេម ថ្មី​ៗ​នេះ ត្រូវ​បាន​គេ​ឃើញ​ចុះ​ទៅ​ជួប និង​ផ្សព្វផ្សាយ​បង្ហាញ​ពី​ទីផ្សារ​ដល់​បង​ប្អូន​ប្រជាកសិករ​ដាំ​បន្លែ​ធម្មជាតិ​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ទឹក​ដី​កំណើត​របស់​លោក។ លោក បញ្ជាក់​ថា លោក​នឹង​មាន​សកម្មភាព​ដូច​គ្នា​នេះ​ទៀត​នា​ពេល​ខាង នៅ​តាម​ទីកន្លែង​នានា​របស់​បង​ប្អូន​កសិករ​ដាំ​ដុះ​បន្លែ​ធម្មជាតិ។ ជាមួយ​គ្នា តារា​ចម្រៀង​ដដែល បាន​សំណូម​ពរ​ប្រជា​ពលរដ្ឋ​ខ្មែរ ចូល​រួម​គាំទ្រ​ផលិតផល​កសិកម្ម​របស់​បង​ប្អូន​កសិករ​ខ្មែរ ក៏​ដូច​ជា​គាំទ្រ​ផ្សារ​កសិផល​ធម្មជាតិ ព្រោះ​ទាំង​ពីរ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​គ្នា ពោល​គឺ​ពឹង​គ្នា​ទៅ​វិញ​ទៅ​មក។

នេះ​គឺ​ជា​ការ​ចេញ​មុខ​ជួយ​ប្រជាពលរដ្ឋ​យ៉ាង​កម្រ​របស់​លោក ខេម ក្នុង​រូបភាព​មួយ​ធំ​ដុំ​បែប​នេះ។ សាមី​ខ្លួន បាន​បញ្ជាក់​ថា ក្រៅ​ពី​ធ្វើ​តាម​បេះដូង ចង់​ជួយ​កសិករ​ខ្មែរ ជួយ​លើក​កម្ពស់​ទីផ្សារ​បន្លែ​ធម្មជាតិ​ក្នុង​ស្រុក​ហើយ កាយ​វិការ​នេះ លោក​ក៏​ចង់​តប​ស្នង​ទៅ​ដល់​​បង​ប្អូន​ប្រជាពលរដ្ឋ ពិសេស​អ្នក​គាំទ្រ​ទាំង​អស់ ដែល​តែង​តែ​ស្រឡាញ់​រាប់​អាន និង​គាំទ្រ​ចំពោះ​រូប​លោក​តាំង​ពី​ដើម​រហូត​មក។

“ខ្ញុំ​ចង់​តប​ស្នង​ចំពោះ​ការ​គាំទ្រ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ពិសេស​អ្នក​គាំទ្រ​ខ្ញុំ ដែល​បាន​ស្រឡាញ់ និង​គាំទ្រ​រហូត​មក។ មួយ​វិញ​ទៀត ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​បង​ប្អូន​កុំ​អោយ​អស់​សង្ឃឹម ទោះ​អត់​ធ្វើ​ការងារ​រោងចក្រ ប៉ុន្តែ​បង​ប្អូន​ក៏​អាច​ងាក​គិត​ពី​ការងារ​កសិកម្ម​ផង​ដែរ"។

លោក ខេម មិន​មែន​ជា​តារា​តែ​ម្នាក់​នោះ​ទេ ដែល​បាន​ប្រកាស​ចូល​ផ្សព្វផ្សាយ "គម្រោង​ផ្សារ​កសិផល​ធម្មជាតិ" ដើម្បី​ប្រជាកសិករ​នោះ​ទេ ប៉ុន្តែ​ជាមួយ​គ្នា​មាន តារា​ចម្រៀង តន់ ច័ន្ទសីម៉ា និង​លោក ខេមរៈ សិរីមន្ត​ជា​ដើម ក៏​អះអាង​ថា នឹង​ចូល​កិច្ចការ​នេះ ដើម្បី​ប្រជាកសិករ​ខ្មែរ​ដោយ​មិន​គិត​ថ្លៃ​ដែរ

ចាប់​ពី​ថ្ងៃ​ទី​១៥ មីនា ២០២០ ត​ទៅ លោក​អ្នក​អាច​រក​ទិញ​បន្លែ ផ្លែឈើ និង សាច់​សុវត្ថិភាព ពី​ផ្សារ​កសិផលធម្មជាតិ​ដោយ​ផ្ទាល់៖

  • ទីតាំង ៖ នៅក្នុង​ផ្សារ​ទំនើប អូឡាំព្យារ ជាន់​ផ្ទាល់​ដី
  • តាម​លេខ ៖ ០១១ ៤៤៤ ៤៤៤
  • សេវា​ដឹក​ជញ្ជូន​ដល់​ផ្ទះ ដោយ​ឥត​គិត​ថ្លៃ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី