• 2020-03-13 05:21:00
  • ព័ត៌មាន

ក្រោយ​បែក​រឿង ទិត្យ វិច្ឆិកា បាន​ទៅ​ជួប​ជាមួយ​ម្ចាស់​លុយ​ភ្លាមៗ ស្នើ​សុំ​សង​១​ខែ ២០០​ដុល្លារ!

  • 2020-03-13 05:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ទិត្យ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា លោក​បាន​ទៅ​ជួប​ជាមួយ​ម្ចាស់​លុយ​​ជា​ហ្គារ៉ាស​ឡាន​ដែល​ជា​ម្ចាស់​ប្រាក់​ដែល​លោក​ជំពាក់​ហើយ ក្រោយ​ពី​សាច់​រឿង​លោក​ជំពាក់​ប្រាក់​ថ្លៃ​ជួសជុល​ឡាន​ចំនួន​ជាង ១ពាន់​ដុល្លារ​អាមេរិក ត្រូវ​បែក​ខ្ចរខ្ចាយ​លើ​បណ្ដាញ​សង្គម​ថ្មី​ៗ។

មុន​និយាយ​ការ​ជួប​ចរចា លោក ទិត្យ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​លោក​នៅ​ធ្វើ​ការងារ​សង្គម លោក និង​ម្ចាស់​ហ្គារ៉ាស គឺ​ជា​មនុស្ស​ស្គាល់​គ្នា ហើយ​នៅ​ពេល​រថយន្ត​ខូច លោក​តែង​តែ​យក​ទៅ​ធ្វើ​នៅ​ទី​នោះ ហើយ​ការ​ធ្វើ​នោះ លោក​ក៏​បាន​បង់​ប្រាក់​ភ្លាម​ៗ​ខ្លះ ជំពាក់​ខ្លះ ហើយ​ប្រាក់​នៅ​សល់​ប៉ុន្មាន ក៏​មក​ដល់​បច្ចុប្បន្ន។ ដោយ​សារ​ដាច់​រយៈ​គ្នា​យូរ ម្ចាស់​ប្រាក់​ក៏​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល។

តារា​ដែល​បាន​ធ្វើ​ការងារ​សង្គម​ជា​ច្រើន​រូប​នេះ បញ្ជាក់​ថា ក្រោយ​បាន​ឃើញ​ព័ត៌មាន​នោះ លោក​មិន​បាន​ខឹង​នោះ​ទេ ប៉ុន្តែ​ការ​ពិត​លោក​មាន​ការ​អន់​ចិត្ត​ខ្លះ ក្នុង​នោះ ក៏​អន់ចិត្ត​នឹង​ខ្លួន​ឯង​ដែល​ធ្លាក់​ដល់​ដំណាក់​កាល​នេះ។ ដូច្នេះ​ហើយ ក្រោយ​ឃើញ​ព័ត៌មាន​បង្ហោះ​ដោយ​ម្ចាស់​ហ្គារ៉ាស់ លោក​ក៏​បាន​ចូល​ជួប​ចរចា​រក​ដំណោះ​ស្រាយ ដោយ​លោក​គ្មាន​បំណង​គេចវេះ​ឡើយ។

បញ្ហា​ដែល​កើត​ឡើង គឺ​ដោយ​សារ​តែ​លោក រក​ស៊ី​ខាត ទើប​មិន​មាន​ប្រាក់​សង​ទៅ​ម្ចាស់​ប្រាក់​នានា​ទាន់​ពេលដែល​លោក​ជំពាក់ ហើយ​លោក​មាន​ឆន្ទៈ​ក្នុង​ការ​សង​ប្រាក់​ដែល​ជំពាក់​នោះ គ្រាន់​តែ​ថា​ពេល​នេះ លោក​ពិត​មិន​ទាន់​មាន​ប្រាក់​ពិត​មែន។ ដូច្នេះ​ហើយ លោក​សុំ​ផ្ដល់​ពេល​វេលា​ខ្លះ​ដល់​លោក។

ជុំវិញ​ការ​ចូល​ទៅ​ជួប​ដោះ​ស្រាយ​ជាមួយ​ម្ចាស់​បំណុល លោក ទិត្យ វិច្ឆិកា បញ្ជាក់​ថា មិន​ទាន់​បាន​ឯកភាព​គ្នា​នោះ​ទេ។ "ម៉ោង​២ជាង ខ្ញុំ​បាន​ទៅ​ជួប​ចរចា​ជាមួយ​គាត់​ហើយ...ហើយ​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​សុំ​សង​គាត់​១ខែ​២០០​ដុល្លារ តែ​គាត់​អត់​ព្រម គាត់​ថា​ឲ្យ​សង​១​ខែ ៣០០...ខ្ញុំ​ឆ្លើយ​ថា​អូខេ​ព្រម​សង​គាត់...ប៉ុន្តែ​ក្រោយ​មក​គាត់​អត់​ព្រម​ទេ គាត់​ទាម​ទារ​ឲ្យ​ខ្ញុំ​សង​គាត់​ឥឡូវ​នេះ ចំនួន ៣០០​ដុល្លារ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​មាន​ប្រាក់​ទេ!”។

ក្រោយ​ពី​ការ​ចរចា​សង​ប្រាក់ និង​ទទួល​ប្រាក់​សង មិន​ទាន់​ឯកភាព​គ្នា លោក ទិត្យ វិច្ឆិកា បាន​ឲ្យ​ថា លោក​ក៏​បាន​ត្រឡប់​មក​វិញ ព្រោះ​ថា លោក​មិន​ដឹង​ថា ដោះស្រាយ​យ៉ាង​ម៉េច ហើយ​លោក​សន្យា​ថា នឹង​ចូល​ខ្លួន​ទៅ​ជួប​ដោះស្រាយ​បន្ត​ទៀត​នា​ពេល​ក្រោយ។ លោក នៅ​តែ​អះអាង​ថា លោក​នឹង​ព្យាយាម​រក​ប្រាក់​មក​សង​ម្ចាស់​បំណុល​លោក ដោយ​មិន​គេចវេះ​នោះ​ទេ គ្រាន់​តែ​លោក​សុំ​ការ​យោគយល់ ផ្ដល់​ពេល​វេលា​ឲ្យ​លោក​សិន។

ក្រោយ​ផ្ដាច់​ខ្លួន​ពី​សិល្បៈ​ជា​តារា​ចម្រៀង លោក ទិត្យ វិច្ឆិកា ត្រូវ​បាន​គេ​ដឹង​ថា លោក​ក៏​ជា​នាយ​ទាហាន​មួយ​រូប​ដែល​ទទួល​ប្រាក់​បៀវត្ស​របស់​រដ្ឋាភិបាល។ ក្រៅ​ពី​នេះ លោក​ក៏​បាន​ងាក​ទៅ​រក​ស៊ី​បន្ថែម​ទៀត ក្នុង​របរ​លក់​ខ្សាច់។ ប៉ុន្តែ​របរ​នេះ​មិន​បាន​ជួយ​យឹតយោង​លោក​ទេ ប៉ុន្តែ​រឹត​តែ​ធ្វើ​ឲ្យ​លោក​ដុន​ដាប​ថែម​ទៀត ដោយ​សារ​ខាត​បង់​រហូត​ដល់​ក្ស័យ​ធន។ លោក វិច្ឆិកា បាន​បន្ទោស​លើ​ការ​គ្រប់​គ្រង​របស់​ខ្លួន ទើប​ធ្វើ​ឲ្យ​ជំនួញ​នេះ​បរាជ័យ ហើយ​ជីវិត​កាន់​តែ​ដុនដាប។

ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​លោក​មិន​ទាន់​មាន​ប្រាក់​សង​ទៅ​ម្ចាស់​បំណុល​វិញ។ លោក​ឡើង​លើក​ថា លោក​សូម​អរគុណ​ដល់​ម្ចាស់​​លុយ ដែល​ឲ្យ​ជំពាក់ និង​ឲ្យ​លោក​ខ្ចី​ទៅ​រក​ស៊ី ហើយ​ឥឡូវ​មុខ​របរ​លោក​កំពុង​លិចលង់។ ប៉ុន្តែ​លោក​ថា ឆ្នាំ​ថ្មី​នេះ​លោក​មាន​ជំនឿ​ថា មុខ​របរ​របស់​លោក​នឹង​ដំណើរ​ការ​ល្អ​វិញ ហើយ​លោក​នឹង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​រក​ប្រាក់​មក​សង​ម្ចាស់​បំណុល​របស់​លោក​វិញ។ យ៉ាង​ណា​ដូច​ប្រាប់​ពី​ខាង​លើ គឺ​លោក​សុំ​ការ​យោគយល់ ទុក​ពេល​វេលា​ឲ្យ​លោក​សិន៕

អត្ថបទ៖ ទារិកា

មតិយោបល់