- 2020-03-27 03:43:13
- ព័ត៌មាន
មើលប្រវត្តិចូលសិល្បៈរបស់ប្រុសសង្ហា តេង វាសនា ប្លែកខុសគេសឹងថាហួសចិត្តតែម្ដង
- 2020-03-27 03:43:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលប្រវត្តិចូលសិល្បៈរបស់ប្រុសសង្ហា តេង វាសនា ប្លែកខុសគេសឹងថាហួសចិត្តតែម្ដង
ចន្លោះមិនឃើញ
អស់នឹងគេមានប្រវត្តិចូលសិល្បៈរៀងៗខ្លួនដូចជា តាមរយៈការប្រឡងប្រជែងសមត្ថភាពក្នុងកម្មវិធីសិល្បៈណាមួយជាដើម ប៉ុន្តែតារាប្រុស តេង វាសនា មានប្រវត្តិចូលសិល្បៈខុសពីគេសឹងថាអស់សំណើចតែម្ដង។
លោក វាសនា ថ្លែងថា “ខ្ញុំចូលសិល្បៈ ដោយសារជិះឡានក្រុង!"។ លោក តេង វាសនា មានអាយុ ៣០ឆ្នាំជាប្រជាពលរដ្ឋមកពីខេត្តកំពត។ វិលទៅដំណើរដើមទងនៃការចូលសិល្បៈ លោកបានឲ្យដឹងថា លោកបានចូលសិល្បៈដំបូងនៅចុងឆ្នាំ ២០១៣ ដែលកាលនោះ គឺជារឿងចៃដន្យបំផុត។ វាសនា ប្រាប់ថា ដំបូងឡើយលោកបានមកបន្តការសិក្សានៅភ្នំពេញ ហើយនៅរាល់ថ្ងៃឈប់សម្រាកលោកតែងជិះឡានក្រុងទៅស្រុកកំណើត។
លុះថ្ងៃមួយ នៅក្នុងដំណើរជិះឡានក្រុងជាមួយមិត្តភ័ក្ដិត្រឡប់មករាជធានីវិញ លោកបានជួបលោកគ្រូផ្នែកបង្ហាត់សិល្បៈម្នាក់ដែលមិនដែលស្គាល់គ្នាសោះពីមុនមក។ ទំនងជាឃើញលោក វាសនា មានរូបរាងស្រស់សង្ហា គ្រូបង្ហាត់ជំនាញសិល្បៈរូបនេះ បានសួរលោកថាចង់ចូលសិល្បៈឬអត់។ "ដល់គាត់សួរអីចឹង...ខ្ញុំក៏គិតថា យើងមកពីខេត្តមករៀននៅភ្នំពេញអីចឹង បើមានការងារអីធ្វើបន្ថែមអាចបានលុយរៀនក៏ល្អដែរ អីចឹងខ្ញុំក៏ឆ្លើយជាមួយគាត់ថាព្រម"។
ក្រោយពីសម្រេចចិត្ត ថ្ងៃក្រោយលោកបានទៅជួបជាមួយគ្រូសិល្បៈរូបនោះ ហើយដំបូងឡើយ លោកបានចូលរៀនដើរបង្ហាញម៉ូដតាមការបង្ហាត់បង្ហាញរបស់លោកគ្រូសិល្បៈដដែល។ ហាត់ដើរម៉ូដបានប្រមាណ ៣-៤ ខែ លោកក៏បានទៅដាក់ពាក្យប្រឡងក្នុងកម្មវិធីរបស់ក្រុមហ៊ុនមួយ ប៉ុន្តែមិនទទួលបានជយលាភីអ្វីទេ។ ក្រោយមក លោកក៏បានទៅចូលរួមប្រឡងដើរម៉ូដម្ដងទៀត ដែលរៀបចំដោយគ្រឹះស្ថានអប់រំមួយ ទទួលបានចំណាត់ថ្នាក់លេខ៣។
ក្រោយពីបានចូលរួមប្រកួតប្រជែង២ឡើងនោះមក លោកក៏បានស្គាល់មនុស្សក្នុងសិល្បៈខ្លះ ហើយពីចាប់ផ្ដើមមានការងាររត់មករក។ វាសនាប្រាប់ថា ថ្ងៃមួយមានក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មបានធ្វើការទំនាក់ទំនងមក ក៏បានចូលរួមថតស្ប៉តពាណិជ្ជកម្មដំបូងបំផុតរបស់ Infinity Insurance ហើយក្រោយមកទៀតក៏មានស្ប៉តរបស់ក្រុមហ៊ុន មិត្តហ្វូន និងស្ប៉តមួយចំនួនទៀតជាបន្តបន្ទាប់។
បន្តមកទៀត លោកក៏បានមានឱកាសហក់មកធ្វើជាតារាសម្ដែងថែមទៀត ដែលរឿងទីមួយដែលលោកបានសម្ដែង គឺរឿង "ទំហំក្ដីស្រឡាញ់" ព្រមទាំងទទួលបានឱកាសដូចគ្នានៅក្នុងខ្សែភាពយន្តជាច្រើនទៀត ដែលសរុបទៅមានជាង ១០រឿងមកហើយ។ បច្ចុប្បន្នលោក តេង វាសនា ក៏កំពុងជាប់សម្ដែងជាតួរងក្នុងខ្សែភាពយន្តដ៏ធំរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយដែរ គឺរឿង "ម្ចាស់ក្រោលដំរី"។
រឿងនេះ បាន និងកំពុងដំណើរការផលិត និងកំពុងសម្រុកថតយ៉ាងសកម្មនៅលើទឹកដីនៃខេត្តមួយចំនួននាភាគឥសាន្តនៃប្រទេស គឺខេត្តមណ្ឌលគីរី និងរតនៈគីរីជាដើម ហើយត្រៀមនឹងដាក់បញ្ចាំងនៅពេលខាងមុខនេះហើយ៕