• 2020-04-08 08:59:42
  • ព័ត៌មាន

មិន​ឲ្យ​នៅ​ផ្ទះ​អផ្សុក LD ត្រៀម​ដាក់​៦​រឿង​ចូល​ឆ្នាំ​នេះ ឲ្យ​មើល​បាន​ពី​ផ្ទះ​តែ​ម្ដង

  • 2020-04-08 08:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម អិលឌី ទើប​បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​ផែន​ការ​ថ្មី​មួយ​ចំ​ពេល​ដែល​បាន និង​កំពុង​មាន​វិបត្តិ​មនុស្ស​ពិបាក​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ផ្ទះ ដោយ​គ្រោង​ដាក់​បញ្ចេញ​ខ្សែ​ភាពយន្ត​របស់​ខ្លួន​​ដល់​ទៅ​៦​រឿង​ឯណោះ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ។

"ទែន​ៗ ៦រឿងតែម្តងនេះ​!!!​ ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​បងប្អូន​នៅ​ផ្ទះ​មិន​អផ្សុកទេ!”។ ផែន​ការ​នេះ ផលិតកម្ម​ខាង​លើ​បាន​ហៅ​ដោយ​ខ្លួន​ឯង​ថា​ជា "កម្មវីធី​មើល​រឿង​នៅ​ផ្ទះ​ប្រឆាំង​នឹង​កូវីដ១៩"។ ចំពោះ​គោល​បំណង គឺ​បញ្ចៀស​ប្រិយមិត្ត​របស់​ខ្លួន​ពី​ភាព​អផ្សុក ពិសេស​គឺ​ដើម្បី​ជា​ចំណែក​មួយ​ក្នុង​ការ​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ចូល​សហគមន៍។

បែប​នេះ​ហើយ តាម​ការ​បញ្ជាក់ រឿង​ទាំង​៦​នោះ នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​លើ​ឆាណែល​យូធូប​ផ្លូវ​ការ​របស់​ខ្លួន​តែ​ម្ដង ដែល​អាច​ឲ្យ​ប្រិយមិត្ត ទស្សនិកជន​អាច​ទស្សនា​បាន ខណៈ​ពេល​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ទៅ​ក្រៅ​បាន​ដោយ​សារ Covid-19 នេះ។

យ៉ាង​ណា​មក​ទល់​នឹង​ពេល​នេះ ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ណា​ខ្លះ នឹង​ត្រូវ​យក​ដាក់​បញ្ចាំង​​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​នោះ​ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ខណៈ​លោក លៀក លីដា នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បន្ថែម​បាន។ ប៉ុន្តែ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ផលិតកម្ម គឺ​រឿង "អាខ្វាក់​អាខ្វិន" សម្ដែង​ដោយ​នាយ គ្រឿន ជា សុវណ្ណារាហ៍ ម៉ាក សែន​សូនីតា ជា​ដើម ទំនង​ជា​រឿង​មួយ​ក្នុង​ចំណោម​៦ ដែល​នឹង​ត្រូវ​ដាក់​បញ្ចាំង។

ឈុត​ខ្លះ​ៗ​ក្នុង​រឿង "អាខ្វាក់​អាខ្វិន"

ដោយ​ឡែក​ចំពោះ កាល​បរិច្ឆេទ​ពិត​ប្រាកដ​នៃ​ការ​ដាក់​បញ្ចាំង​វិញ​នោះ ផលិតកម្ម​បាន​ឆ្លើយ​តប​ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន​ថា ផែន​ការ ក៏​ដូច​ជា​យុទ្ធនាការ​បញ្ចាំង​ភាពយន្ត​ដើម្បី​ការ​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ចូល​សហគមន៍​នេះ គឺ​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៣ មេសា ខាង​មុខ ដែល​ជា​ថ្ងៃ​ទី​១​នៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​យើង​តែ​ម្ដង៕​

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី