- 2020-04-09 02:54:12
- ព័ត៌មាន
តាមមើល ស្រីស្អាត ឆាយ នីតា ទំនងដល់វេលាដេកផ្ទះស្អាតហើយ!
- 2020-04-09 02:54:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមមើល ស្រីស្អាត ឆាយ នីតា ទំនងដល់វេលាដេកផ្ទះស្អាតហើយ!
ចន្លោះមិនឃើញ
ចាប់តាំងពី Covid-19 ចូលមកដល់មិនថាសិល្បករ ឬសាមញ្ញជនទេ ទទួលផលប៉ះពាល់ចំពោះសេដ្ឋកិច្ចផ្ទាល់ខ្លួនយ៉ាងខ្លាំង រហូតដល់អ្នកចេញមកត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូល។ ដោយឡែកស្រីស្រស់ ឆាយ នីតា វិញ គេឃើញថា នៅតែមមាញឹកក្នុងការចេញថត ប៉ុន្តែនាងថា អ្វីៗជិតដល់ពេលហើយ។
នីតា បានបង្ហើបថា នៅមុននេះ នាងក៏បានវិលទៅគេងផ្ទះ បង្ខាំងខ្លួនមិនចេញក្រៅចំនួន ២សប្ដាហ៍ដែរ ដោយសារតែការមកដល់របស់ Covid-19។ ប៉ុន្តែបន្តិចមកនាងក៏ចេញមកបន្តការងារវិញ ខណៈម្ដាយនាងបានជំទាស់ ព្រោះនាងមិនចង់ឲ្យកូនស្រីដ៏ស្រស់ស្អាតរបស់ខ្លួនយកកាយ ទៅប្រថុយជាមួយនឹងឃាតកលាក់មុខ។ "ម៉ាក់ខ្ញុំ គាត់ជំទាស់ណាស់បងអើយ គាត់មិនចង់ឲ្យចេញទេ ព្រោះខ្លាចឆ្លងអាជំងឺអីហ្នឹង!”។
យ៉ាងណា តារាស្រី ប្រាប់ថា នាងនៅតែមានះចេញទាល់តែបាន ព្រោះតែនាងមិនគេចវេះពីការទទួលខុសត្រូវលើការងាររបស់ខ្លួន ពោលគឺមិនចង់ក្បត់ពាក្យសន្យា ដោយសារបានចុះកុងត្រាឯកភាពគ្នាលើការងាររួចហើយ។ ដូច្នេះហើយ ត្រូវតែបំពេញឲ្យចប់ចុងចប់ដើម។
ឆាយ នីតា បច្ចុប្បន្ន បាន និងកំពុងថតក្នុងរឿង "ប្រហុកក្រអូប" របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន ដែលនេះជាការងារនៅសល់តែមួយគត់ក្នុងដំណាក់កាលនៃការគំរាមកំហែងរបស់ Covid-19។ តាមការបញ្ជាក់របស់សាមីខ្លួន វីដេអូភាគទូរទស្សន៍នេះ គ្រោងនឹងបញ្ចប់ការថតរបស់ខ្លួន ឆាប់ៗនេះហើយ។ ដូច្នេះហើយ ទើបនឹងសម្រុកថតបញ្ចប់ឲ្យគេ បន្ទាប់មក គឺថា គេងផ្ទះស្អាតតែម្ដង។
“រឿងហ្នឹងថ្ងៃ ១០ហ្នឹង ចប់ហើយបង ដល់ចប់ អស់អីធ្វើហើយ អីចឹងទំនេរ មានតែដេកផ្ទះ ដេកលេងទូរសព្ទអីចឹងទៅ!”។ នីតា បន្ថែមថា តាមពិតក្រោយពីថតបញ្ចប់រឿង "ប្រហុកក្រអូប" នាងត្រូវថតរឿងមួយទៀតភ្លាមៗ តែនាងសុំលាក់ចំណងជើងសិន។ យ៉ាងណាដោយសារតែការគំរាមកំហែងរបស់ខូវីដ ក្រុមការងារនៃរឿងនោះ បានសម្រេចលើកពេលថតទៅហើយ។
បែបនេះហើយ ទើបធ្វើឲ្យនាង ត្រូវទំនេរចំពេលរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរតែម្ដង។ នេះជាឱកាសជួបជុំគ្រួសារយ៉ាងពិសេសមួយ ដោយសារតែអាជីពសម្ដែង ត្រូវថតរហូតស្ទើររកពេលនៅផ្ទះមិនបាន។ យ៉ាងណា គិតមកដល់ពេលនេះ នាងមិនទាន់មានគម្រោងធ្វើអ្វីជាមួយក្រុមគ្រួសារនៅឡើយ នាឱកាសសម្រាកនៅផ្ទះក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕