• 2020-05-07 07:42:50
  • ព័ត៌មាន

បេះដូង​បញ្ជា ស៊ិន ឧត្តម​ផល្លា ប្រឹង​វក់វី​ជាមួយ​ការងារ​ដែល​មិន​បាន​​សូម្បី ១០០ លុយ​ខ្មែរ

  • 2020-05-07 07:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាម​តារា​ចម្រៀង​ដែល​អាច​ច្រៀង​បាន​ច្រើន​ភាសា ពិបាក​រក​នៅ​ក្នុង​ប្រទេស អាច​ឲ្យ ស៊ិន ឧត្តម​ផល្លា រក​ប្រាក់​បាន​ខ្ទង់​ពាន់​ក្នុង​១​ខែ ប៉ុន្តែ​ជាមួយ​គ្នា​នាង​ក៏​បាន​អះអាង​ថា ក៏​មិន​ចោល​ការងារ​មួយ​ទៀត​ដែល​នាង​មិន​ដែល​បាន​ប្រាក់​សូម្បី​១០០​លុយ​ខ្មែរ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​គឺ​តាម​បេះដូង​សុទ្ធ​សាធ​តែ​ម្ដង។

ផល្លា ថ្លែង​អំពី​ការងារ​ស្រាវ​ជ្រាវ​រក​សិល្បករ​ចាស់​ៗ​តាំង​ពី​ជំនាន់​ទសវត្ស​ទី៦០ មក​ដល់​ជំនាន់​ក្រោយ​ៗ​ទៀត ដែល​នាង​ធ្វើ​តាម​ទំព័រ​មួយ​ដែល​នាង​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​កាល​ពី​ប្រមាណ​ជាង ២​ឆ្នាំ​មុន ឈ្មោះ​ថា Movies Star Research ដែល​ធ្វើ​ការ​ទៅ​លើ​ការ​រុករក និង​ស្រាវជ្រាវ​រក​សិល្បករ​ចាស់​ៗ​ទាំង​ជាតិ និង​អន្តរជាតិ។ ការងារ​នេះ នាង​ធ្វើ​មិន​ដើម្បី​រក​ផល​តប​ស្នង​ណា​មួយ​ឡើយ។

“បាន​អី គ្មាន​បាន​អី ១០០​ទេ អ្វី​ដែល​ធ្វើ​គឺ​តាម​បេះដូង និង​ចង់​គាស់​រំលើង​សិល្បករ​រៀម​ច្បង​ចាស់​ៗ ដែល​ខ្លះ​គាត់​បាន​ឈប់​ពី​សិល្បៈ​ហើយ​បាត់​ដំណឹង​ឈឹង អីចឹង ខ្ញុំ​គ្រាន់​តែ​ចង់​រំលឹក​អនុស្សាវរីយ​ជាមួយ​គាត់ និង​ឲ្យ​បង​ប្អូន​ទស្សនិកជន ពិសេស​អ្នក​គាំទ្រ​ពួក​គាត់ បាន​ដឹង​ពី​សុខ​ទុក្ខ​គាត់​ប៉ុណ្ណោះ"។

ស៊ិន ឧត្តម​ផល្លា បាន​យក​ពេល​ទំនេរ​ពី​ការងារ​សិល្បៈ និង​ជំនួញ​លក់​គ្រឿង​សម្រាប់​បុណ្យ ទៅ​ធ្វើ ហើយ​ថ្វី​ត្បិត​ថា បច្ចុប្បន្ន​បច្ចេកវិទ្យា​មាន​ភាព​ជឿនលឿន ប៉ុន្តែ​ការងារ​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់ ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ពេក​ដែរ ពី​ព្រោះ​សិល្បករ​ខ្លះ​បាត់​មុខ​យូរ​ឆ្នាំ​ពេក ដូច្នេះ​ហើយ​គឺ​ត្រូវ​ការ​ចំណាយ​ពេល​ច្រើន ស៊ើប​សួរ​រក​តាម​បណ្ដាញ​ពី​មួយ​ទៅ​មួយ​ទម្រាំ​ឃើញ។ ប៉ុន្តែ​ដើម្បី​រំលឹក​អនុស្សាវរីយ និង​ចង់​គាស់​រំលើង​ពី​សុខ​ទុក្ខ​ពួក​គេ នាង​ប្រឹង​រក​ទាល់​តែ​ឃើញ។

"មាន​អ្នក​ខ្លះ ឆ្ងល់​ថា ខ្ញុំ​ពូកែ​រក​ម្ល៉េះ ទាំង​រូប​ថត និង​ព័ត៌មាន​ផ្សេង​ៗ ចេះ​តែ​រក​បាន ពួក​គេ​ឆ្ងល់​ថា​ខ្ញុំ​បាន​ពី​ណា ព្រោះ​មាន​បង​ប្អូន​សិល្បករ​ខ្លះ មិន​មាន​រូប​ខ្លួន​ឯង​ដែល​ខ្ញុំ​មាន​ផង អីចឹង​ហើយ ​ពួក​គាត់​ឆាត​មក​សុំ​រូប​គាត់​ពី​ខ្ញុំ​វិញ​ផង(សើច)"។

តាម​ការ​បញ្ជាក់​របស់​អ្នក​មេម៉ាយ​រូប​ស្រស់ មក​ទល់​បច្ចុប្បន្ន នាង​បាន​គាស់​រំលើង​ឡើង​វិញ​នូវ​សិល្បៈ​រៀម​ច្បង ឬ​វីរ​សិល្បករ​ខ្ទង់​រយ​នាក់​ទៅ​ហើយ​ទាំង​ជាតិ និង​អន្តរជាតិ ពោល​គឺ​ទាំង​សិល្បករ​ខ្មែរ អាមេរិក ឥណ្ឌា ចិន ហុងកុង​ជា​ដើម។ យ៉ាង​ណា សិល្បករ​រៀម​ច្បង​នៅ​ក្នុង​ស្រុក គឺ​ជា​ទិសដៅ​អាទិភាព​សម្រាប់​ការងារ​នេះ។ ពីព្រោះ​ថា ពួក​គេ​ទាំង​នោះ ធ្លាប់​ជា​ចំណែក​ដែល​បាន​ជួយ​ជ្រោង​សិល្បៈ​ឲ្យ​ខ្ពស់​ត្រដែត​នា​អតីតកាល។

ដូច្នេះ​ហើយ បើ​សម័យ​កាល​របស់​ពួក​គាត់​បាន​កន្លង​ផុត​ទៅ​ហើយ​ក្ដី ប៉ុន្តែ​គ្រប់​គ្នា​មិន​គួរ​បំភ្លេច​ពួក​គាត់​ដែរ។ បែប​នេះ​ហើយ ទើប​នាង​ខ្នះខ្នែង​លើ​ការងារ​ដែល​ចំណាយ​កម្លាំង​ចោល​ទទេ​នេះ។ មិន​ត្រឹម​តែ​មិន​ចំណេញ​អ្វី ប៉ុន្តែ ស៊ិន ឧត្តម​ផល្លា ក៏​ធ្លាប់​ត្រូវ​គេ​រក​រឿង​ដែរ​ពី​មនុស្ស​មួយ​ក្រុម ដែល​ចោទ​នាង​ថា បាន​លូក​លាន់​ការងារ​របស់​គេ។ បែប​នេះ​ក្ដី ម្ចាស់​ហាង "ឧត្តម ឧត្តម" លក់​គ្រឿង​បុណ្យ បញ្ជាក់​ថា នាង​មិន​ចោល​ការងារ​នេះ​ទេ។

អ្នក​នាង ហុង ហុង អតីត​បវរកញ្ញា នីកុង បច្ចុប្បន្ន​រស់​នៅ​សហរដ្ឋ​អាមេរិក ដែល​គាស់​រំលើង​ដោយ ផល្លា

ថ្វី​ត្បិត​ការងារ​នេះ មិន​ផ្ដល់​ផល​ចំណេញ​ណា​មួយ​ដោយ​ផ្ទាល់​ចំពោះ​ខ្លះ ផល្លា លើក​ឡើង​ថា អ្វី​ដែល​នាង​មោទកភាព​ពី​ការងារ​នេះ ក៏​ព្រោះ​តែ​សិល្បករ​ចាស់​ៗ​ខ្លះ ដែល​នាង​បាន​គាស់​រំលើង បាន​ការ​លើក​តម្កើង​សារ​ជា​ថ្មី ហើយ​ខ្លះ​ទៀត​បាន​ទាំង​ឱកាស​ការងារ​រក​ប្រាក់​កម្រៃ​ដើម្បី​ផ្គត់​ផ្គត់​ជីវភាព​ផង។

បន្ទាប់​ពី​មាន​ស្នាដៃ​លើ​ការ​ស្រាវជ្រាវ​រក​សិល្បករ​ចាស់​ៗ ទំព័រ Movies Star Research របស់​នាង​ក៏​ទទួល​បាន​ប្រជាប្រិយភាព ហើយ​ក៏​មាន​សិល្បករ​ជំនាន់​ថ្មី​ជា​ច្រើន ស្នើ​សុំ​នាង​ជួយ​លើក​តម្កើង​ពួក​គេ។ ចំណុច​នេះ ម្ចាស់​ស្រី សូម​ធ្វើ​ការ​អភ័យ​ទោស ទី​១​មួយ​ខុស​គោលការណ៍​របស់​នាង ទី​២​សិល្បករ​ជំនាន់​ថ្មី មិន​ទាន់​មាន​ស្នាដៃ​ច្រើន​នៅ​ឡើយ។ ដូច្នេះ​ហើយ ទុក​ពេល​ឲ្យ​ពួក​គេ​សាង​សមិទ្ធផល​បន្តិច​ទៀត នាង​នឹង​មិន​បិទ​ផ្លូវ​សម្រាប់​ពួក​គេ​ឡើយ៕

លោក ទេព វាសនា អតីត​តារា​សម្ដែង បច្ចុប្បន្ន​ជា​មន្ត្រី​រាជរដ្ឋាភិបាល
អ្នកនាង សាក់ សក្ការបុប្ផា អតីត​តារា​សម្ដែង

សួស សុគន្ធ​ថាវរី អតីត​តារា​សម្ដែង

អ្នកនាង ព្រំ ចិន្តា អតីត​តារា​ចម្រៀង

អត្ថបទ៖ ទារិកា

មតិយោបល់