• 2020-05-19 13:27:51
  • ព័ត៌មាន

ប្រវត្តិជូរចត់របស់ Shu Qi៖ ពីតារា​ថត​រឿង​អាសអាភាស​ជោកជាំ ក្លាយជា​តារាល្បីជួរមុខ

  • 2020-05-19 13:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​​ទសវត្ស​ឆ្នាំ ១៩៩០ នៅ​ពេល​ដែល​រឿង​បែប​ស្រើបស្រាល កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​ហុងកុង Shu Qi (ស៊ូឈី) មាន​ងារ​ថា "រាជិនី​​រឿង​អាសអាភាស" ដោយ​មាន​​សម្រស់​ស្អាត​គ្មាន​ពីរ ក៏​ដូច​ជា​ទេពកោសល្យ​សម្ដែង​ល្អ។

ក្នុង​រយៈ​ពេល​ ៣០ ឆ្នាំ នៅ​លើ​វិថី​សិល្បៈ ភាព​ជោគជ័យ​របស់ Shu Qi គឺ​បាន​មក​ពី​ការ​តស៊ូ​មិន​ឈប់​ឈរ​ដើម្បី​​តប​សង​ទៅ​នឹង​​កំហុស​​​ឆ្គង​កាល​ពី​ក្មេង ក៏​ដូច​ជា​​បញ្ជាក់​នូវ​តម្លៃ​ពិត​ប្រាកដ​របស់​ខ្លួន។

Shu Qi ឥឡូវ​ជា​តារា​ជួរ​មុខ​ម្នាក់ ដែល​មាន​​​ឥទ្ធិពល​ហួស​ពី​ព្រំដែន​របស់​អាស៊ី​ទៅ​ដល់​​​ទី​ផ្សារ​​អន្តរជាតិ។ យ៉ាង​ណា​ក៏​ដោយ​ ពេល​រំលឹក​ដល់ Shu Qi មនុស្ស​មួយ​ចំនួន​នៅ​តែ​គិត​ដល់​អតីតកាល​របស់​នាង រាជិនី​រឿង​​អាសអាភាស​​ក្នុង​សតវត្ស​មុន។

ជីវិត​លំបាក​ក្នុង​កុមារភាព

Shu Qi មាន​ឈ្មោះ​ពិត​ថា Lin Li Hui កើត​ឆ្នាំ ១៩៧៦ ក្នុង​គ្រួសារ​អ្នក​​ក្រី​ក្រ​មួយ​នៅ​តៃវ៉ាន់។ ម្ដាយ​របស់ Shu Qi កើត​នាង​នៅ​ពេល​ដែល​គាត់​មាន​អាយុ​ទើប​តែ ១៨ ឆ្នាំ។ ឪពុក​ម្ដាយ​របស់ Shu Qi សុទ្ធ​តែ​ជា​មនុស្ស​មិន​សូវ​​មាន​ចំណេះ​ដឹង រាល់​ថ្ងៃ​ត្រូវ​​ធ្វើ​ការ​​ងារ​​អស់​ពី​ដៃ​ជើង​តែ​នៅ​តែ​មិន​មាន​បាន។ ជីវិត​ក្រ​លំបាក​​ជាមួយ​នឹង​ការ​យល់​ដឹង​តិច បាន​ធ្វើ​ឲ្យ​​ពួក​គេ​មាន​គំនិត​អភិរក្ស​និយម។ ពួក​គេ​តែង​តែ​ប្រើ​រំពាត់​​ជំនួស​ឲ្យ​ពាក្យ​សម្ដី​នៅ​ពេល​ដែល​ចង់​ប្រៀន​ប្រដៅ​​ដល់​កូន​ចៅ។​

នៅ​ពេល​ដែល​ធំ​ពេញ​វ័យ​ហើយ​ទើប Shu Qi ដឹង​ថា​ឪពុក​ម្ដាយ​ស្រលាញ់​នាង​ខ្លាំង​ណាស់ តែ​តាម​បែប​របស់​ពួក​គាត់។

អាយុ ១៦ ឆ្នាំ​មិន​ចេះ​គិត​វែង​ឆ្ងាយ

កើត​ក្នុង​គ្រួសារ​ដែល​ខ្វះ​ការ​ថែទាំ ក្មេង​ស្រី Li Hui ក្លាយ​​ជា​មនុស្ស​ឯករាជ្យ​ពី​ក្មេង។ អាយុ ១៣ ឆ្នាំ នាង​ចេះ​រក​លុយ​ខ្លួន​ឯង​ដោយ​រៀន​ធ្វើ​របស់​ហត្ថកម្ម​ពី​ម្ដាយ និង​យក​ទៅ​លក់​​ក្រៅ​ពេល​រៀន។

ឈាន​ចូល​វ័យ​ជំទង់ អាយុ ១៦ ឆ្នាំ ដោយ​សារ​ការ​គាប​សង្កត់​ពី​ឪពុក​ម្ដាយ​ខ្លាំង​ពេក ក្មេង​ស្រី​ម្នាក់​នេះ​បាន​ឈប់​រៀន​និង​រត់​ចេញ​ពី​​ផ្ទះ។ ក្មេង​ស្រី​អាយុ ១៦ ឆ្នាំ​រូប​នេះ​បាន​រស់​នៅ​ដោយ​ម្នាក់​ឯង​អស់​រយៈ​ពេល ៦ ខែ។ នាង​ធ្វើ​ជា​តារា​ម៉ូដែល​ឲ្យ​ទស្សនាវដ្ដី​បុរស​មួយ​ចំនួន​ដែល​ថត​រូប​អាក្រាត និង​ចាប់​ផ្ដើម​យក​រហស្សនាម​ថា Shu Qi។

ដូច​បាន​រៀប​រាប់​ខាង​លើ​គ្រួសារ​របស់ Shu Qi គឺ​មាន​គំនិត​ចាស់​គំរឹល ដោយ​មិន​ដែល​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​​ចេញ​ក្រៅ​នោះ​ទេ។ រហូត​ដល់​​ក្រោយ​មក​នៅ​ពេល​ដែល​ដឹង​ថា Shu Qi ថត​រូប​និង​លេង​រឿង អាសអាភាស ក៏​គ្មាន​អ្នក​ណា​ប្រាប់​នាង​ថា​នាង​កំពុង​ដើរ​ផ្លូវ​ខុស​នោះ​ដែរ។

កន្លះ​ឆ្នាំ​ក្រោយ​ពី​រត់​ចេញ​ពី​ផ្ទះ ​តារា​សម្ដែង​វ័យ ៣៩ ឆ្នាំ​រូប​នេះ​ចាប់​ផ្ដើម​យល់​ពី​​ជម្រៅ​ចិត្ត​របស់​ម្ដាយ​របស់​ខ្លួន គឺ​នៅ​ពេល​ដែល​នាង​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ពេល​ប្រណាំង​ឡាន​​ជា​មួយ​មិត្ត​ភក្តិ។ នៅ​ពេល​ដែល​មក​មើល Shu Qi ដូច​សព្វ​មួយ​ដង គាត់​បាន​ចង្អុល​មុខ​និង​ស្រែក​ដាក់ Shu Qi។ នៅ​ពេល​ម្ដាយ​ចេញ​ទៅ​ ហើយ​មិត្ត​ភក្ដិ​មក​ដល់​ពួក​គេ​បាន​ប្រាប់​ថា​ឃើញ​ម្ដាយ Shu Qi ឈរ​យំ​ម្នាក់​ឯង​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ។

ផ្ដិត​ទឹក​ភ្នែក​លើ​ថ្ពាល់ មើល​ទៅ​កាន់​អ្នក​កាសែត Shu Qi បាន​ឆ្លើយ​ថា "រូបភាព​មួយ​ទៀត​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​នោះ​គឺ ម្ដាយ​របស់​ខ្ញុំ​មាន​សក់​ស្កូវ​ច្រើន​ណាស់​​ទាំង​ដែល​គាត់​មាន​​​វ័យ​ទើប​តែ ៣០ ឆ្នាំ"។ នោះ​ក៏​ជា​​ពេល​ដែល​ក្មេង​ស្រី​មួយ​នេះ​ត្រលប់​​ទៅ​កាន់​ផ្ទះ​របស់​ខ្លួន​វិញ។

កំហុស​ឆ្គង​​អាយុ ១៧ ឆ្នាំ

ដូច​ក្មេង​ស្រី​ដទៃ​ទៀត ក្នុង​វ័យ ១៧ ឆ្នាំ Shu Qi ក៏​មាន​និមិត្តរូប​ផ្ទាល់​​ខ្លួន​ដែរ។ តារា​ដែល​នាង​ស្រលាញ់​នោះ​គឺ Veronica Yip។ Veronica Yip ល្បីឈ្មោះ​តាម​រយៈ​ការ​ថត​រឿង​អាសអាភាស “Pretty Woman"។ ដោយ​សារ​ហេតុ​នេះ នាង​បាន​សម្រេច​ចិត្ត​​តាម​ចាប់​ក្ដី​សុបិន​របស់​ខ្លួន ដោយ​​វេច​បង្វេច​ទៅ​រស់នៅ ទីក្រុង​​ហុងកុង។

ឥវ៉ាន់​ដែល​ក្មេង​​នេះ​​យក​​តាម​ខ្លួន​នៅ​ពេល​នោះ​គឺ​សម្រស់​ដ៏​ស្រស់​​ស្អាត​និង​ភាព​ជឿ​ជាក់​ថា​បើ Veronica ធ្វើ​បាន​ខ្លួន​នាង​ក៏​អាច​ធ្វើ​បាន។

ក្នុង​វ័យ ១៧ ឆ្នាំ Shu Qi បាន​ថត​រូប​ស្រាត​រាប់​មិន​អស់​ឲ្យ​ទស្សនាវដ្ដី​សម្រាប់​បុរស។ និយាយ​ពី​រឿង​​ហ៊ាន​ថត​រូប​អាក្រាត​ទាំង​នេះ Shu Qi បាន​សារភាព​ថា "នៅ​ពេល​នោះ​ខ្ញុំ​នៅ​ឆោត​ល្ងង់​ពេក។ ក្រុមហ៊ុន​តំណាង​របស់​ខ្ញុំ​ប្រាប់​ថា វា​ជា​ការ​លះបង់​ដើម្បី​សិល្បៈ។ ពួក​គេ​បាន​ពង្វក់​ខ្ញុំ​ដោយ​ពាក្យ​ផ្អែមល្ហែម​ដូច​ជា "សិល្បៈ" “សម្ផស្ស" ដើម្បី​លួង​លោម​ខ្ញុំ។ ចំពោះ​ការ​ថត​ភាពយន្ត​វិញ Shu Qi ចែក​រំលែក​ដោយ​ស្មោះ​ត្រង់​ថា "ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​​ធ្វើ​អ្វី​ខុស​នោះ​ទេ។ នៅ​ពេល​ថត​រឿង​ខ្ញុំ​គ្រាន់​តែ​គិត​ថា​ខ្ញុំ​និង​តួ​ប្រុស​កំពុង​តែ​​បង្កើត​សាច់​រឿង​មួយ​តែ​ប៉ុណ្ណោះ"។ ជាមួយ​នឹង​ការ​គិត​ក្មេង​ខ្ចី​បែប​នេះ​បាន​ជំរុញ​ឲ្យ​ក្មេង​ស្រី​នេះ បាន​ទទួល​ថត​រឿង​ដែល​មាន​ភាព​អាសអាភាស​​ខ្លាំង​ជា​ច្រើន។

ពី​តារា​អាសអាភាស​ក្លាយ​ជា​តារា​សម្ដែង​​ជួរ​មុខ

ទោះ​បី​ជា​ខ្វះ​ការ​តម្រង់​ទិស​និង ការ​ដាស់​តឿន​របស់​ចាស់​ទុំ តែ​ទឹក​ភ្នែក​របស់​ម្ដាយ​និង​ការ​ចេះ​គិត​ជ្រៅ​ជ្រះ​របស់​ខ្លួន Shu Qi បន្តិច​ម្ដង​ៗ បោះ​បង់​ចោល​ការ​ថត​​រឿង​អាសអាភាស ប្ដូរ​មក​ថត​​ភាពយន្ត​ធម្មតា​វិញ ដោយ​ការ​​ដើរ​តួរង​ក្នុង​រឿង​ជា​ច្រើន។

ទេពកោសល្យ​​​​សម្ដែង​​​ពិត​ប្រាកដ​បាន​​នាំ​មក​ឲ្យ Shu Qi នូវ​ពាន​រង្វាន់​វិជ្ជាជីវៈ​លើក​ទី​មួយ។ ក្នុង​ឆ្នាំ ១៩៩៧ តារា​សម្ដែង​ទើប​រះ Shu Qi បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​ជា​ច្រើន នៅ​ក្នុង​នោះ​តួ​សម្ដែង​របស់ Shu Qi ​ក្នុង​រឿង "Viva Erotica” បាន​ឈ្នះ​​ពាន​​តួ​រង​ល្អ​បំផុត ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Golden Statue ដែល​ជា​​ពាន​រង្វាន់​ភាពយន្ត​ដ៏​ធំ​មួយ​របស់​ហុងកុង។

ពាន​រង្វាន់​នេះ​បាន​ធ្វើ​ឲ្យ Shu Qi ត្រូវ​បាន​​អ្នក​ដឹក​នាំ​រឿង​​​ជា​ច្រើន​ចាប់​អារម្មណ៍។ ចាប់​ផ្ដើម​ពី​ពេល​នោះ​មក នាង​បាន​ខំប្រឹង​មិន​ឈប់​ឈរ​ក្នុង​រឿង​ដែល​​មាន​ន័យ​ពិត​ប្រាកដ មិន​មែន​​គ្រាន់​តែ​ការ​ដោះ​ខោ​អាវ​នោះ​ទេ។ មិន​​ត្រឹម​តែ​ទទួល​ជោគជ័យ​នៅ​ក្នុង​ស្រុក Shu Qi បាន​​ពង្រីក​ខ្លួន​ទៅ​ដល់​ទីផ្សារ​អន្តរជាតិ​ទៀត​ផង ដោយ​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​ហូលីវូដ​ដំបូង​ក្នុង​ឆ្នាំ ២០០២ រឿង "Transporter”។

ជីវិត​របស់ Shu Qi បាន​បើក​ទៅ​ទំព័រ​ថ្មី​មួយ​ទៀត​ក្នុង​ឆ្នាំ ២០០៥ នោះ​គឺ​នៅ​ពេល​ដែល​​តារា​​សម្ដែង​រូប​នេះ​បាន​ឈ្នះ​ពាន តារា​សម្ដែង​ស្រី​ល្អ​បំផុត​​ក្នុង​កម្មវិធី​ប្រគល់​ពាន Golden Horse សម្រាប់​រឿង "Best of Times”។

បន្ទាប់​ពី​នោះ Shu Qi ទទួល​ថត​តែ​​រឿង​ដែល​មាន​គំនិត​សិល្បៈ​ជ្រៅ ឬ​រឿង​ដែល​​​ត្រូវ​បាន​​ចំណាយ​ទុន​ច្រើន។ ​ជាក់​ស្ដែង​ក្នុង​ឆ្នាំ ២០០៨ រឿង "If You Are the One” រក​ចំណូល​បាន​រហូត​ដល់ ៤៩ លាន​ដុល្លារ។ រឿង "Journey To the West” ក្នុង​ឆ្នាំ ២០១៣ រក​បាន​ដល់​ទៅ ១៨៨ លាន​ដុល្លារ។

ក្នុង​​វ័យ ៤៤ ឆ្នាំ Shu Qi នៅ​ពេល​នេះ​ជា​តារា​​ជួរ​មុខ​​ក្នុង​បណ្ដា​ប្រទេស​អាស៊ី។ គ្រប់​សកម្មភាព​របស់ Shu Qi ទាំង​អស់​ត្រូវ​បាន​សារព័ត៌មាន​​ក៏​ដូច​ជា​ទស្សនិកជន​ចាប់​អារម្មណ៍​ជា​និច្ច។ ប៉ុន្តែ​សំខាន់​បំផុត Shu Qi បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នកណា​ក៏​មាន​អតីតកាល តែ​តម្លៃ​ពិត​ប្រាកដ​​របស់​អ្នក​នឹង​ត្រូវ​បាន​ទទួល​ស្គាល់​បើ​អ្នក​ព្យាយាម​​គ្រប់​កាលៈទេសៈ៕

អត្ថបទ៖ សុវណ្ណផៃ

មតិយោបល់