• 2020-05-22 03:08:51
  • ចម្រៀង

នេះ​បទ​ដំបូង​របស់ ឆាយ វីរៈយុទ្ធ ដែល​គ្រប់​គ្នា​ស្ទើរ​មិន​ស្គាល់ និង​ជា​បទ​ដែល​ធ្វើ​ឲ្យ​លោក​បាក់​ទឹក​ចិត្ត​បំផុត​ដែរ

  • 2020-05-22 03:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្នាក់​ៗ​សុទ្ធ​តែ​មាន​ការ​ចាប់​ផ្ដើម ខ្លះ​ល្អ ខ្លះ​ក៏​មិន​ល្អ លោក ឆាយ វីរៈ​យុទ្ធ បាន​ចាប់​ផ្ដើម​អាជីព​ចម្រៀង​យ៉ាង​ត្រដាបត្រដួស​នោះ​ក៏​ដូច​គ្នា ទម្រាំ​បាន​ចេញ​បទ​ដំបូង ប៉ុន្តែ​បែរ​ជា​ទទួល​លទ្ធផល​មិន​ល្អ ធ្វើ​ឲ្យ​លោក​បាក់​ទឹក​ចិត្ត​ខ្លាំង​ថែម​ទៀត។

រូបភាព៖ ទំព័រហ្វេសប៊ុក ឆាយ វីរៈយុទ្ធ

បទ​ចម្រៀង​ជា​អនុស្សាវរីយ​ដំបូង​ដែល​បាន​ថត​បញ្ចូល​ក្នុង CD របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាម មាន​ចំណង​ជើង​ថា "ត្រឹម​១នាទី" ចេញ​​ក្រោម​ផលិតកម្ម រស្មី​ស្ទឹង​សែន​ក្នុង​ឆ្នាំ​ ២០០៥។ និយាយ​ពី​ស្នេហា​បាក់​បែក​ដ៏​ឈឺ​ចាប់​មួយ​របស់​យុវវ័យ ដោយ​ក្នុង​នោះ ខាង​ប្រុស​សុំ​ពេល​តែ​១នាទី​ប៉ុណ្ណោះ​ដើម្បី មុន​ពេល​បញ្ចប់​រាល់​ទំនាក់ទំនង​ទាំង​ឡាយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​ចេញ​ជា​ CD ផ្ទាល់​ខ្លួន​លើក​ដំបូង​នេះ​មិន​បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង​ខាង​លើ ​សប្បាយ​រីករាយ​​ឡើយ​ ព្រោះ​មិន​ទទួល​​​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​មហាជន។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន លោក ឆាយ វីរៈយុទ្ធ បាន​សរសេរ​រៀបរាប់​នៅ​ត្រង់​ទំព័រ​ប្រវត្តិ​ផ្ទាល់​ខ្លួន​ថា ៖”ខ្ញុំ​ បាក់​ទឹក​ចិត្ត និង​គ្មាន​កម្លាំង​ចិត្ត​បន្ត​ការ​ច្រៀង​ទៀត​ទេ​នៅ​ពេល​បទ​ចម្រៀង​ចេញ​ហើយ​ មិន​មាន​អ្នក​គាំទ្រ។ ខ្ញុំ​ចង់​ឈប់​ពី​អាជីព​ជា​អ្នក​ចម្រៀង​នេះ តែ​ដោយសារ​ឪពុក​ម្ដាយ​ចេះ​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ធ្វើ​ឱ្យ​ ព្យាយាម​ថែម​ទៀត​រហូត​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍”។

ក្រោយ​ពី​មិន​បាន​ជោគជ័យ​លើ​សមិទ្ធផល​ដំបូង​នេះ លោក ឆាយ វីរៈយុទ្ធ ក៏​បាន​ផ្លាស់​ប្ដូរ​ផលិតកម្ម​មក​ធ្វើ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម Blue Diamond វិញ។ នៅ​ទី​នេះ បទ​ចម្រៀង​ទី​២​របស់​លោក​បាន​ចេញ​មាន​ចំណង​ជើង​ថា "កិច្ច​សន្យា​ស្នេហ៍" ដោយ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ហើយ​កេរ្តិ៍​ឈ្មោះ​របស់​លោក ក៏​ត្រូវ​គេ​ស្គាល់​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​តារា​ចម្រៀង​ផ្ទាល់ កាន់​តែ​មាន​ទឹក​ចិត្ត​ពុះពារ​ក្នុង​អាជីព​សិល្បៈ​តាំង​ពី​ពេល​នោះ​មក។

បើ​ទោះ​ជា​ជោគជ័យ​ខ្លាំង​តាម​រយៈ​បទ​ខាង​លើ​របស់ Blue Diamond ប៉ុន្តែ​ម្ចាស់​បទ "នឹក​អូន​ស្ទើរ​ដាច់​ខ្យល់" បាន​ចាក​ចេញ​មក​ចូល​រួម​ជាមួយ​ផលិតកម្ម M វិញ។ ហេតុផល​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ ទាំង​នៅ រស្មី​ស្ទឹងសែន និង Blue Diamond គឺ​ដោយ​សារ​តែ​ការ​ជាប់​គាំង​មិន​អាច​បញ្ចេញ CD ទៅ​លក់​លើ​ទីផ្សារ​បាន យ៉ាង​ណា​មិន​មាន​មូលហេតុ​ស៊ី​ជម្រៅ​ជាង​នេះ​ត្រូវ​បាន​នៅ​ចេញ​នោះ​ទេ។

ក្រោយ​មក​លោក​ក៏​បាន​ចេញ​ពី M មក​កាន់ Bigman តែ​មិន​មែន​ដោយ​សារ​មូលហេតុ​ដដែល​ខាង​លើ​ទេ គឺ​ដោយ​សារ​លោក​ផុត​កុងត្រា​ជាមួយ M។ យ៉ាង​ណា​ក៏ដោយ នៅ​ផលិតកម្ម​ថ្មី បាន​រយៈ​ពេល​តែ​២​ឆ្នាំ ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ​បាន​​បោះ​ជំហាន​ទៅ​កាន់​ផលិតកម្ម​ ថ្មី​មួយ​ទៀត​គឺ​ផលិតកម្ម សាន់ដេ​ក្នុង​ឆ្នាំ​២០១២ រហូត​មក​ដល់​បច្ចុប្បន្ន៕

តោះ...ឥឡូវ​ស្ដាប់​ម្ដង​ទៀត​អ្នក​ដែល​ធ្លាប់ និង​មិន​ធ្លាប់​ស្ដាប់ ហើយ​ចាំ​រក​មូលហេតុ​ថា ហេតុអ្វី​បទ​នេះ មិន​អាច​ផ្ទុះ​បាន!

អត្ថបទ៖ ទារិកា

មតិយោបល់