• 2020-06-02 06:53:58
  • ព័ត៌មាន

សិល្បកររាងសង្ហា១២ រូប ត្រៀមខ្លួនហាត់ល្ខោនខោលខ្មែរ នៅចុងសប្ដាហ៍នេះ

  • 2020-06-02 06:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ដើរ​ម៉ូដ​ខ្មែរ​ចំនួន​១២រូប នឹង​ចូល​រួម​ហាត់ និង​អបអរសាទរ​ក្នុង​ព្រឹត្តិការណ៍​សម្ដែង​ល្ខោន​ខោល​ដ៏​អស្ចារ្យ​ឆ្នាំ​២០២០ នៅ​រសៀល​ថ្ងៃទី៧ ខែ​មិថុនា នា​ពហុកីឡាដ្ឋាន​ជាតិ​ស្ដាតចាស់។

សិល្បករ​ទាំង​នោះ​រួម​មាន៖ លោក អ៊ុន សិទ្ធា លោក សន ពិសិដ្ឋ លោក ឌី វ៉ាន់ដា លោក រស រាជ្ជសាល លោក ពង្ស ពុទ្ធិស័ក្ដ លោក ហៃ ប៉ោហុង លោក Thean Frshie លោក ចន ស័ក្ដ លោក ចន្ថា ដារ៉ា លោក នូ ឧសភា លោក ទី ទុំ ហៅ​នេន​ទុំ និង​លោក ចន ស័ក្ដ។

តារា​សម្ដែង​សម្បូរ​សាច់ដុំ សន ពិសិដ្ឋ និយាយ​ថា​ ​រូប​លោក​ក៏​ដូច​ជា​សិល្បករ​ផ្សេង​ទៀត មាន​សេចក្ដី​រីករាយ និង​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ។ លោក​ពេញចិត្ត នឹង​អ្វី​ដែល​ខ្លួន​ចាប់​ផ្ដើម​ធ្វើ​នៅ​ពេល​នេះ ហើយ​សង្ឃឹម​ថា​វា​ជា​ផ្នែក​មួយ​ជួយ​អភិរក្ស គាំទ្រ ថែរក្សា និង​ផ្សព្វផ្សាយ​សិល្បៈ​ខ្មែរ​មួយ​ប្រភេទ​នេះ​ឲ្យ​កាន់​តែ​ល្បី​សុះសាយ៖"ខ្ញុំ​នឹង​ទៅ​ហាត់​ល្ខោនខោល​ដែល​ជា​មរតក​សិល្បៈ​ខ្មែរ"។

តាម​គម្រោង​របស់​ក្រុម​ការងារ​រៀបចំ​ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ដ៏​អស្ចារ្យ​ឆ្នាំ​២០២០ នឹង​បើក​ឲ្យ​មហាជន​ចូល​រួមទស្សនា និង​ហាត់រៀន​ដោយសេរី​ចាប់​ពី​ម៉ោង​១​រសៀល រហូត​ដល់​ម៉ោង​៧​យប់ នៅថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ២០២០។

ព្រឹត្តិការណ៍​ហាត់រៀន និង​សម្ដែង​ល្ខោនខោល​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​សំខាន់​ៗ​ដូច​ជា៖ ទាញ​ចំណាប់​អារម្មណ៍​មហាជន​ឲ្យ​យល់​ដឹង​ពី​ល្ខោនខោល​ខ្មែរ ផ្ដល់​ឱកាស​ដល់​បុគ្គល​ល្បីៗ​បាន​ចូល​រួម​លើក​កម្ពស់​ល្ខោនខោល និង​ដើម្បី​ឲ្យ​តារា​សម្ដែង​បាន​ដឹង​ពី​បញ្ហា​ប្រឈម​ពិតប្រាកដ​របស់​ល្ខោន​ខោល​ខ្មែរ ព្រម​ទាំង​បើកឱកាសឲ្យមហាជនចូលរួមបរិច្ចាគ​ថវិកាតាមលទ្ធភាព ដើម្បី​គាំទ្រ​ដល់​ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ឆ្នាំ​នេះបន្ថែមទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់