• 2020-06-17 05:19:53
  • ព័ត៌មាន

សមាគមមិត្ដនគរបាលជាតិ ស្នើឲ្យមានវិធានការលើសិល្បករដែលប្រើឯកសណ្ឋានជាមន្ដ្រីនគរបាល

  • 2020-06-17 05:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ចាត់​វិធានការ ឬ​ជួយ​កែ​លម្អ​ស្ថានីយ​ទូរទស្សន៍ និង​សិល្បករ​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ​មិន​បាន​ត្រឹមត្រូវ ដើម្បី​សម្ដែង​រឿង​កំប្លែង​ខ្លីៗ។

សមាគម ចាត់​ទុក​ថា ការ​ប្រើ​ឯកសណ្ឋាន និង​ពាក្យ​សម្ដី​ខ្លះរបស់តួអង្គនៅក្នុងរឿងកំប្លែង បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្យានុភាព និង​សេចក្ដី​ថ្លៃថ្នូរ​របស់​កង​កម្លាំង​នគរបាល​ជាតិ​ដែល​កំពុង​អនុវត្ត​ច្បាប់យ៉ាង​ត្រឹមត្រូវនៅលើដងផ្លូវ។

ការ​ស្នើ​ឲ្យ​មាន​ការ​ចាត់​វិធានការ​នេះ ក្រោយ​ពេល​ដែល​គេ​ឃើញ​ក្រុម​កំប្លែង​មួយក្រុម​ បាន​សម្ដែង​រឿង​កំប្លែង​ជា​ច្រើន​ ទាក់ទង​នឹង​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ។

ជាក់​ស្ដែង​នៅ​ក្នុង​កម្មវិធី​ "​បាន​មើល​បាន​សើច​"​ កាល​ពី​ពេល​ថ្មីៗ​នេះ មាន​រឿង​មួយ​គឺ​រឿង"បន្លំ​ចាប់" ដែល​មាន​តួអង្គ​២​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ប៉ូលិស​ចរាចរណ៍ ហើយ​បន្លំខ្លួនទៅ​ដាក់​ទីតាំង​ចាប់​ផាក​ពិន័យ​អ្នក​ជិះ​ម៉ូត​អត់​ពាក់មួក និង​កញ្ចក់​រហូត​ដល់​ក្នុង​ព្រៃ។ ក្នុងរឿងនេះ តួកំប្លែងទាំង២នាក់ ពាក់សក្ដិមិនបានត្រឹមត្រូវឡើយ។

នៅ​ក្នុង​លិខិត​ជម្រាប​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃទី១៦ ខែ​មិថុនា ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​សមាគម​មិត្ត​នគរបាល​ជាតិ គឺ​នាយ​ឧត្ដមសេនីយ៍ ប៉ែន វិបុល បាន​បញ្ជាក់​ថា ក្នុង​គ្រាហ៍​ដែល​ក្រសួង​មហាផ្ទៃ​ធ្វើ​យុទ្ធនាការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក សមាគម​សង្កេត​ឃើញ​ថា មាន​ស្ថានីយ​ទូរទស្សន៍ និង​សិល្បករ​ខ្លះ​បាន​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ​ដើម្បី​សម្ដែង​រឿង ហើយខុសទៅនឹងទៅនឹងបទដ្ឋាន។

សមាគមមិត្ដនគរបាលជាតិ បន្ថែមថារឿង​ខ្លះ តួ​អង្គ​មាន​សក់​វែង ប្រើ​ពាក្យ​សម្ដី​មិន​សម​ជា​មន្ត្រី​នគរបាលជាតិ ស្លៀកពាក់​ឯកសណ្ឋាន​មិន​ត្រឹម​ត្រូវ និង​សញ្ញា​សម្គាល់​គ្រប់គ្រាន់​ផ្អែក​តាម​បទដ្ឋាន​ស្ដីពី​ឯកសណ្ឋាន និង​ស្លាក​សញ្ញា​មន្ត្រី​នគរបាល​ជាតិ។ ដូច្នេះ​ហើយ សមាគម ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន មេត្តា​ពិនិត្យ និង​ជួយ​សម្រួល​ចាត់​វិធានការ​លើ​ស្ថានីយទូរទស្សន៍ និង​សិល្បករ​ដែល​មាន​ចំណុច​ខ្វះខាត​ទាំង​នេះ​តាមការគួរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់