• 2020-07-09 02:48:49
  • ព័ត៌មាន

ខូវីដ ធ្វើ​ឲ្យ​ជំនួញ១ក្នុង​ចំណោម​២ របស់ ហង្ស ឈា នៅ​សហរដ្ឋ​អាមេរិក ដល់​ដំណាក់​កាល​កាត់​បុគ្គលិក

  • 2020-07-09 02:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង និង​សម្ដែង ហង្ស ឈា ដែល​បច្ចុប្បន្ន​បាន និង​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក និង​កំពុង​គ្រប់​គ្រង​ជំនួញ​មួយ​ចំនួន​នោះ បាន​ប្រកាស​កាត់​បន្ថយ​បុគ្គលិក បន្ទាប់​ពី​ប្រទេស​របស់​លោក ដូណាល់ ត្រាំ បាន និង​កំពុង​ញុំា​ញី​ដោយ​សារ ខូវីដ ១៩។

សហរដ្ឋ​អាមេរិក​បាន​បើក​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឡើង​វិញ ប៉ុន្តែ​អត្រា​អ្នក​ឆ្លង​ខូវីដ ១៩ នៅ​តែ​បន្ត​កើន​ឡើង​ដោយ​នៅ​ថ្ងៃ​នេះ បាន​កើត​ដល់​ជាង ៣លាន​នាក់ ធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ច​ស្ទើរ​ជាប់​គាំង។ ស្ថានភាព​នេះ លោក ហង្ស ឈា ដែល​ជា​អ្នក​គ្រប់​គ្រង​អាជីវកម្ម​ចំនួន​២​ដែរ​នោះ បាន​ប្រាប់​ថា ផល​ប៉ះពាល់​កើត​មាន​ខ្លាំង​លើ​ប្រភេទ​អាជីវកម្ម​ធំ​ៗ​ដែល​មាន​ទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារ ខណៈ​អាជីវកម្ម​ខ្នាត​តូច​នៅ​មាន​សភាព​ធម្មតា​នៅ​ឡើយ កាល​ពី​ប្រមាណ​២​ខែ​មុន ខណៈ​បាន​ការ​គាំទ្រ​ដោយ​រដ្ឋបាល​លោក​ត្រាំ។

ប៉ុន្តែ​មក​ដល់​ឥឡូវ អាជីវកម្ម​ដូច​ជា​ពួក​លោក ក៏​រង​ប៉ះពាល់​ខ្លះ​ដែរ ដោយ​លោក​ទើប​បាន​សម្រេច​កាត់​បន្ថយ​បុគ្គលិក ៥០% ថ្មី​ៗ​នេះ។ តាម​ការ​បញ្ជាក់ លោក ហង្ស ឈា មាន​ជំនួញ​២​ដែល​បាន និង​កំពុង​គ្រប់​គ្រង​នៅ​ក្នុង​ដៃ​នា​ពេល​បច្ចុប្បន្ន ទី​១​ជំនួញ​ហាង​លក់​ភេសជ្ជៈ​យីហោ Boba Tea និង​ទី​២ គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បម្រើ​សេវាកម្ម​ពលកម្ម​សម្រាប់​តម្រូវ​កិច្ចការ​ងារ​ផ្សេង​ៗ។

ជំនួញ​ទាំង​ពីរ​នេះ បាន​ដំណើរ​ការ​ប្រមាណ ១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កន្លង​មក​បង​ថ្លៃ​របស់​លោក​ជា​អ្នក​គ្រប់​គ្រង។ បន្ទាប់​ពី​សាច់​ថ្លៃ​លោក​ដល់​វ័យ​ចូល​និវត្តន៍ លោក​ក៏​ទទួល​មក​គ្រប់​គ្រង​បន្ត​បាន​ប្រមាណ ២​ឆ្នាំ​ហើយ។ លោក ហង្ស ឈា បញ្ជាក់​ថា អាជីវកម្ម​របស់​លោក​ទាំង​ពីរ​ដំណើរ​បាន​ធម្មតា​បើ​ទោះ​មាន​ខូវីដ​មក​ដល់​ដី​សហរដ្ឋ​អាមេរិក​ហើយ​ក៏ដោយ។ ប៉ុន្តែ​ឥឡូវ​១​ក្នុង​ចំណោម​២ គឺ​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ពលកម្ម បាន​រង​ផល​ប៉ះពាល់។

លោក​ថា ខូវីដ បាន​ធ្វើ​ឲ្យ​ការ​បញ្ជា​ទិញ(​តម្រូវ​ការ​មនុស្ស​ធ្វើ​ការ) បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​រយៈ​កាល​ចុង​ក្រោយ​នេះ។ ស្ថានភាព​ដូច្នេះ លោក​ក៏បាន​សម្រេច​កាត់​បន្ថយ​បុគ្គលិក​៥០% ពោល​គឺ​ពី​ចំនួន ប្រមាណ​ជាង ៦០នាក់ មក​នៅ​ត្រឹម​ជាង ៣០នាក់​ប៉ុណ្ណោះ ដើម្បី​សម្រាល​ការ​ចំណាយ។ ប៉ុន្តែ​ជាមួយ​គ្នា អាជីវកម្ម​បម្រើ​ផ្នែក​ភេសជ្ជៈ​របស់​លោក យីហោ Boba Tea នៅ​តែ​ដំណើរ​ការ​ធម្មតា​នៅ​ឡើយ។

អាមេរិក​បាន និង​កំពុង​នៅ​លើ​កំពូល​តារាង​នៃ​ការ​ឆ្លង​វីរុស ខូវីដ ១៩ ដែល​មាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើន​ជាង​គេ។ ដូច​បាន​បញ្ជាក់​ពី​ខាង​លើ អ្នក​គ្រប់​គ្រង​អាជីវកម្ម​ទាំង​ពីរ​បញ្ជាក់​ថា ក្រុម​ហ៊ុន​ធំ​ៗ​លំដាប់​ពិភព​លោក​រង​គ្រោះ​ធំ ប៉ុន្តែ​អាជីវកម្ម​ខ្នាត​តូច នៅ​រក្សា​សភាព​ធម្មតា​នៅ​ឡើយ ព្រោះ​តែ​ទទួល​បាន​ជំនួយ​គាំទ្រ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជាមួយ​គ្នា​ប្រជាពលរដ្ឋ​សាមញ្ញ ក៏​មិន​រង​ការ​លំបាក​ខ្លាំង​​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់