- 2020-07-24 06:30:00
- ព័ត៌មាន
ស្ត្រីសម័យថ្មីគួរត្រៀមរឿងនេះទើបចាប់ឱកាសល្អៗជាប់ មុនឈានទៅសម្រេចក្ដីស្រមៃក្នុងជីវិត
- 2020-07-24 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីសម័យថ្មីគួរត្រៀមរឿងនេះទើបចាប់ឱកាសល្អៗជាប់ មុនឈានទៅសម្រេចក្ដីស្រមៃក្នុងជីវិត
ចន្លោះមិនឃើញ
មនុស្សស្រីយើងតែងមានក្ដីស្រមៃខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្តចិត្តរបស់បុគ្គលនីមួយៗ។ ជារឿយៗ ការបង្កើតក្ដីស្រមៃ ឬចង់ចាប់យកឱកាសល្អៗ អាចងាយស្រួលក្នុងការនិយាយ ប៉ុន្តែវាពិតជាមានភាពពិបាកខ្លាំងក្នុងការធ្វើ និងរកវិធីធ្វើម៉េច ដើម្បីឲ្យបានសម្រេចគោលដៅដូចអ្វីដែលយើងស្រមៃចង់បាន។ ហេតុដូច្នេះហើយ ទើបមានអ្នកខ្លះលើកឡើងខុសៗគ្នាទាក់ទងនឹងការបង្កើតក្ដីស្រមៃឲ្យខ្លួនឯង។
ក្នុងមួយឆាកជីវិតរបស់យើង ជាពិសេសមនុស្សស្រី គួរតែមានក្ដីស្រមៃឲ្យច្រើន! នេះជាការលើកឡើងរបស់ស្ត្រីសម័យថ្មីមួយរូបដែលមានភាពក្លាហាន និងតស៊ូស្វិតស្វាញសិក្សា និងបន្តធ្វើការលើជំនាញដែលខ្លួនស្រឡាញ់។
មានឈ្មោះ អាត សុធាវី បច្ចុប្បន្នកញ្ញាជាស្ថាបនិក Think Plastic ដែលតែងធ្វើការផ្សព្វផ្សាយយ៉ាងផុលផុសពីការថែរក្សាបរិស្ថានតាមរយៈបណ្ដាញសង្គម និងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក បានប្រាប់គេហទំព័រ កញ្ញា ថា៖ ស្ត្រីយើងគួរមានក្ដីស្រមៃច្រើន ធំ ឬតូច និងខ្លះត្រូវការពេលវេលាខ្លី ឬវែងដើម្បីឆ្ពោះទៅមុខជាដើម។
ប៉ុន្តែពាក្យថា ច្រើនក្នុងន័យនេះ កញ្ញាអាត សុធាវី បានសង្កត់ធ្ងន់ថា ក៏ត្រូវទាមទារឲ្យយើងចេះកំណត់ខ្លួនឯងឲ្យជាក់លាក់ និងមិនមែនចាប់នេះបន្តិច ចាប់នោះបន្តិច ហើយចុងក្រោយខ្លោចឆៅ មិនឆ្ពោះត្រង់ណានោះទេ។
ចៀសវាងការយល់ច្រឡំ ពាក្យថាច្រើនត្រង់នេះ គឺក៏សំដៅដល់ចំនួនច្រើន ដែលអាចលើសពី១ អាចចំនួន ២ ឬ៣ យ៉ាងជាក់លាក់បំផុត។ ព្រោះថាមិនមែនគ្រប់ពេលវេលា ឬរឿងអ្វីដែលយើងចង់បាន សុទ្ធតែសម្រេចបានដូចចិត្តយើងនោះទេ។ មានពេលខ្លះ រឿងមួយចំនួនក៏អាចខកបំណងខ្លះដែរ។ ដូច្នេះវាជាជម្រើសល្អ បើយើងបានត្រៀម ឬមានក្ដីស្រមៃផ្សេងមកជំនួសស្រាប់ ដែលវាអាចជួយជំរុញយើងបន្តទៅរកគោលដៅ ដែលអាចជួយយើង មិនឲ្យជាំគាំងនៅទ្រឹង១កន្លែង ឬអាចបាក់ទឹកចិត្ត ពេលបរាជ័យនានា ដែលអាចកើតមានឡើងជាដើម។
ស្ថាបនិកជំរុញការកាត់បន្ថយការប្រើប្លាស្ទិកល្បីឈ្មោះរូបនេះ បានបន្ថែមថា ដើម្បីឲ្យខ្លួនឯងអាចឈានដល់គោលដៅជីវិត ស្ត្រីយើងគឺត្រៀមខ្លួន ចំណេះដឹង ជំនាញមួយច្បាស់លាស់ និងបន្ថែមអ្វីថ្មីជានិច្ច កុំគិតថាខ្លួនឯងចេះហើយឲ្យសោះ។ ឧទាហរណ៍ថា៖ បើសិនជាយើងអាចចេះជំនាញនានា ដោយខ្លួនឯងបន្ថែម ដូចជាជំនាញកាត់ដេរបែបនេះស្រាប់ និងអាចរកលុយបានហើយក៏ដោយ ក៏នៅតែទាមទារឲ្យបងប្អូនជាស្ត្រី គួរឆ្លៀតបង្កើនរៀនសូត្របន្ថែម ដើម្បីហ្វឹកហាត់ជំនាញនោះឲ្យកាន់តែខ្លាំងស្របនឹងសម័យថ្មី។ មិនថាសម័យកាលណានោះទេ គឺគេតែងទាមទារអ្នកចេះប្រាកដ និងចេះអ្វីមួយឲ្យថ្នឹក គេដែលមិនត្រូវការអ្នកចេះមិនច្បាស់ ឬចេះលំៗនោះទេ។
ចំណុចសំខាន់ ដែលអ្នកគួរតែដឹង គឺការចំណាយពេលវេលាត្រឹមត្រូវ ធ្វើអ្វីដែលយើងស្រឡាញ់ពិតប្រាកដ។ ព្រោះថា បើយើងកំពុងធ្វើរឿងដែលយើងស្រឡាញ់ស្រាប់ ទោះពេលខ្លះពិបាកយ៉ាងណា ក៏យើងនៅតែអាចដោះស្រាយបាន។ ប៉ុន្តែបើយើងកំពុងបន្តធ្វើរឿងដែលរឿងដែលយើងមិនចូលចិត្ត ឬមិនស្រឡាញ់ គឺវា ពិតជាខាតពេល និងជាសំពាធសម្រាប់ខ្លួនឯងដ៏ធំមួយ។
ទន្ទឹមគ្នានេះដែរ បើជាយើងចង់ធ្វើអ្វីមួយឲ្យមានលទ្ធផលល្អ និងមានការទទួលស្គាល់ គឺយើងត្រូវមាន ចំណេះដឹង ជំនាញច្បាស់លាស់ និងឧស្សាហ៍ព្យាយាមបន្តរៀនសូត្រអ្វីថ្មីៗជានិច្ច។
សូមបញ្ជាក់ថា កញ្ញា អាត សុធាវី ជាអតីតនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងមានបទពិសោធន៍ដ៏សម្បូរបែបផ្នែកប្រព័ន្ធផ្សព្វផ្សាយ រួមនឹងធ្វើការក្នុងជំនាញព័ត៌មាន និងទំនាក់ទំនាក់ ឬភាសាអង់គ្លេសហៅថា (Media & Communications) ជាង១៥ឆ្នាំកន្លងទៅ។
ឆ្លងកាត់បទពិសោធន៍ការងារ និងការអនុវត្តផ្ទាល់លើជំនាញប្រព័ន្ធផ្សព្វផ្សាយ កញ្ញា អាត សុធាវី ដែលមានស្រុកកំណើតមកពីខេត្តកំពង់ចាម ក៏ទើបតែបានឈ្នះពានផ្នែកព័ត៌មាន និងទំនាក់ទំនាក់ ពីការប្រកួតប្រជែង«ពានរង្វាន់ស្ត្រីនៃពេលអនាគត ប្រចាំតំបន់អាស៊ីអាគ្នេយ៍» (Women of the Future Awards South East Asia) ប្រកាសតាមរយៈការផ្សាយផ្ទាល់លើ Youtube កាលពីខែមិថុនា ឆ្នាំ២០២០ នេះពីសណ្ឋាគារ Hilton Singapore ប្រទេសសិង្ហបុរី។