• 2020-07-28 07:40:58
  • ព័ត៌មាន

នៅ​ថ្ងៃ​នេះ វង្ស ថាណាន់ ស្រាប់​តែ​លេច​មុខ​ក្លាយ​ជា​តារា​ចម្រៀង​ផ្លូវ​ការ​របស់ Galaxy ហើយ!

  • 2020-07-28 07:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​វ័យ​ក្មេង មាន​ទឹក​ដម​សំឡេង​ល្អ​ក្រអួន​ក្រអៅ លោក វង្ស ថាណាន់ នៅ​ថ្ងៃ​នេះ បាន​សម្រេច​សមិទ្ធផល​ធំ​មួយ ពោល​គឺ​លោក​បាន​វិវត្ត​ពី​តារា​ចម្រៀង​ឯករាជ្យ មក​ជា​តារា​ចម្រៀង​អាជីព​មាន​កុងត្រា​ជាមួយ​ផលិតកម្ម Galaxy Navatra គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

ដំណឹង​នេះ ទើប​បាន​បែក​ធ្លាយ​បន្ទាប់​ពី​លោក​ទើប​បាន​ចេញ​បទ​ចម្រៀង​ទី​១​របស់​លោក​ថ្មី​ៗ​នៅ​ក្នុង​ផលិតកម្ម​ខាង​លើ ខណៈ​ពី​មុន​មក​លោក ថាណាន់ មិន​ដែល​​ឲ្យ​តម្រុយ​ណា​មួយ​ដល់​អ្នក​គាំទ្រ​សោះ។ បទ​ថ្មី​របស់​​តារា​ចម្រៀង​មាន​ទឹក​ដម​សំឡេង​ខ្ពស់ លះ​ល្អ​រូប​នេះ​មាន​ចំណង​ជើង​ថា "ស្នេហ៍​ក្រៅ​ផ្លូវ​ការ"។បទ​នេះ ទើប​នឹង​ចេញ​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ម្សិលមិញ​​នៅ​លើ​ប្រព័ន្ធ​យូធូប ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​លោក​មាន​ការ​ភ្ញាក់​ផ្អើល​តែ​ម្ដង។

ប្រិយមិត្ត​របស់​លោក​ជា​ច្រើន​បាន​ពោល​ដោយ​ការ​ភ្ញាក់​ផ្អើល ថា ទី​បំផុត​តារា​ចម្រៀង​ក្នុង​ដួង​ចិត្ត​របស់​ពួក​គេ​រក​ទ្រនំ​ធំ​ដើម្បី​ជ្រក​បាន​ហើយ។ ដោយ​ឡែក​អ្នក​ខ្លះ​ទៀត ក៏​បាន​ចូល​មក​សរសេរ​សារ​អបអរ​សាទរ​ចំពោះ​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ ដោយ​សារ​តែ​ពួក​គេ​ដឹង​ថា វង្ស ថាណាន់ បាន​តស៊ូ​ណាស់​ប៉ុន្មាន​ឆ្នាំ​មក​នេះ ពោល​គឺ​ខ្លួន​ទី​ពឹង​ខ្លួន ព្រោះ​លោក​ជា​តារា​ចម្រៀង​ឯករាជ្យ មិន​ធ្លាប់​ជ្រក​ក្រោម​ផលិតកម្ម​ណា​ពី​មុន​មក​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បន្ថែម​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​នាយក​គ្រប់​គ្រង​ផលិតកម្ម Galaxy បាន​ឆ្លើយ​ប្រាប់​តាម​សារ​អេឡិចត្រូនិក​ថា ថាណាន់ ពិត​ជា​បាន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​របស់​ផលិតកម្ម​លោក​ជា​ផ្លូវ​ការ​នា​ពេល​នេះ។ លោក​ថា ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​លក្ខខណ្ឌ​ការងារ​ជាមួយ​គ្នា​យូរ​ដែរ​ហើយ ប៉ុន្តែ​លោក​មិន​បាន​បញ្ចេញ​ឲ្យ​ទស្សនិកជន​ដឹង។

លោក​ បញ្ជាក់​ថា លោក​ចង់​ទុក​ដំណឹង​នេះ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​របស់​ផលិតកម្ម និង​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ភ្ញាក់​ផ្អើល ពេល​ចេញ​បទ​ចម្រៀង​តែ​ម្ដង ហើយ​ដូច​ការ​រំពឹង​ទុក គឺ​អ្នក​គាំទ្រ​នៃ​ភាគី​ទាំង​ពីរ ពិត​ជា​ភ្ញាក់​ផ្អើល ម្នាក់​ៗ​ចូល​មក​អបអរ​សាទរ​រៀង​ៗ​ខ្លួន។

វង្ស ថាណាន់ គឺ​ជា​តារា​ចម្រៀង​ប្រុស​ទី ២ ដែល Galaxy បាន​នាំ​ចូល​ក្នុង​ផលិតកម្ម​របស់​ខ្លួន​ក្នុង​រយៈ​ពេល​តែ​ប្រមាណ ១​ខែ បន្ទាប់​ពី លោក ខេម បាន​ចេញ​មុខ​មុន​នេះ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​តារា​ចម្រៀង និង​អ្នក​គាំទ្រ​របស់​ផលិតកម្ម​ភ្ញាក់​ផ្អើល​ដូច​គ្នា។ លោក យឹម តា​ស្រង់ បញ្ជាក់​ថា ផលិតកម្ម​លោក​នៅ​មាន​ផែន​ការ​វែង​ឆ្ងាយ​ទៀត និង​ក៏​ត្រូវ​ការ​តារា​ចម្រៀង​មាន​សមត្ថភាព​បន្ថែម​ទៀតដែរ។ ប៉ុន្តែ​ថា នោះ​ជា​ផែន​ការ​ជំហាន​បន្ទាប់​ទៀត ប៉ុន្តែ​ត្រឹម​បច្ចុប្បន្ន លោក​គិត​ត្រឹម​តារា​ចម្រៀង​ដែល​មាន​សិន។​

តោះ ស្ដាប់​បទ​ដំបូង​របស់ វង្ស ថាណាន់ ក្នុង​ផលិតកម្ម Galaxy មាន​ចំណង​ជើង​ថា "ស្នេហ៍​ក្រៅ​ផ្លូវ​ការ" ទាំង​អស់​គ្នា ព្រោះ​ក្រុម​អ្នក​គាំទ្រ​សរសើរ​ថា បទ​នេះ​ពិត​ជា​ពីរោះ និង​ចាក់​ដល់​បេះដូង​ពួក​គេណាស់!

អត្ថបទ៖ ទារិកា

មតិយោបល់