• 2020-08-04 07:57:16
  • ព័ត៌មាន

មរណទុក្ខ បានកើតឡើងផ្ទួនៗលើអ្នកសិល្បៈខ្មែរ នៅ​ពាក់កណ្ដាលឆ្នាំ២០២០ នេះ

  • 2020-08-04 07:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត ចាស់ ឈឺ ស្លាប់ គឺ​ជា​ច្បាប់​ធម្មជាតិ។ ប៉ុន្តែ​ការ​បាត់បង់​ខ្លះ​បាន​ធ្វើ​ឲ្យ​គ្រួសារ សាច់ញាតិ និង​មហាជន​សោកសង្រេង និង​គ្មាន​ថ្ងៃ​បំភ្លេច​បាន ដោយ​គ្រាន់​តែ​ឃើញ​ស្នាដៃ ឬ​បាន​ស្ដាប់​បទចម្រៀង​ដែល​បាន​បន្សល់​ទុក​ក៏​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​អ្នក​ស្លាប់​នោះ​ភ្លាម។

ជាក់ស្ដែង​ការ​បាត់បង់​សិល្បករជើងចាស់ និង​សមាជិក​គ្រួសារ​អ្នក​សិល្បៈ​ខ្មែរ​ល្បីៗ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​សាច់ញាតិ​សោកស្ដាយ ហើយ​អ្នក​គាំទ្រ​សិល្បករ-សិល្ប​ការិនី​ទាំង​នោះក៏ចូល​រួម​រំលែក​ទុក្ខច្រើនដែរ។

តារា​ចម្រៀង​កន្ទ្រឹម​ជើង​ចាស់​លោក ឡាយ វណ្ណៈ ដែល​ជា​ដៃគូ​ច្រៀងយ៉ាង​ថ្នឹក​របស់​អ្នកនាង ខាត់ សុឃីម នោះ បាន​ទទួល​មរណភាព​កាល​ពី​ល្ងាច​ថ្ងៃទី៣ ខែ​សីហា ឆ្នាំ​២០២០។ បច្ចុប្បន្ន​សព​របស់​លោក កំពុង​តម្កល់​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅ​វត្ដ​កៀនឃ្លាំង ស្ថិតនៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។

ម្ចាស់​បទ​កន្ទ្រឹម"ដល់​ឆ្នាំ​ថ្មី​យើង​រៀបការ" លោក ឡាយ វណ្ណៈ បាន​ទទួល​មរណភាព​ក្នុង​អាយុ​៥០​ឆ្នាំ នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត រាជធានីភ្នំពេញ ដោយ​ជំងឺ​ក្រិន​ថ្លើម និង​បញ្ហា​សរសៃឈាម​បំពង់​ក។ ការ​បាត់បង​នេះ បាន​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​ខ្មែរ​មិន​តិច​ទេបង្ហាញការ​សោក​ស្ដាយ ហើយ​បាន​ចូល​រួម​បុណ្យ​សព​លោក​ដោយ​ផ្ទាល់​ទៀត​ផង។

នៅ​មុន​២​ថ្ងៃ នៃ​ការ​ស្លាប់​របស់​តារា​ចម្រៀង​ជើងចាស់​ផ្នែក​ចម្រៀងកន្ទ្រឹម​នេះ ម្ដាយ​បង្កើត​របស់​តារា​សម្ដែង​​ កញ្ញា ទឹម រដ្ឋា ក៏​បាន​ទទួល​មរណភាព​ដែរ​កាល​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១ ខែ​សីហា ដោយ​ជំងឺ​គាំង​បេះដូង។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​សាច់ញាតិ និង​អ្នក​សិល្បៈ​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល និង​ចូល​រួម​សោកស្ដាយស្ទើរមួយចំហៀងសិល្បៈ។

នៅមុន​ការ​ស្លាប់​របស់​ម្ដាយ​តារា​សម្ដែង ទឹម រដ្ឋា មួយ​ថ្ងៃ គឺ​កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ក៏មានមរណ​ទុក្ខ​មួយ​ទៀត​បាន​កើត​ឡើង​ចំពោះ​តារា​សម្ដែង​ជើង​ចាស់ គឺ​អ្នក​នាង ប៉ែន សុផានី។ នោះ​គឺ​ជា​មរណភាព​របស់​ម្ដាយ​បង្កើតរបស់​នាង​ បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​មាត់​ស្បូន​រ៉ាំរ៉ៃ។ បច្ចុប្បន្ន​គ្រួសារ​អ្នក​នាង ប៉ែន សុផានី និង​គ្រួសារ​​កញ្ញា ទឹម រដ្ឋា បាន​ធ្វើ​ពិធី​បុណ្យ​សព​ចប់​សព្វគ្រប់​ហើយ ប៉ុន្តែ​ចិត្ត​ស្រឡាញ់​មិន​ចង់​បាត់​បង់​ម្ដាយ​មិន​ទាន់​រសាយ​នៅ​ឡើយ។

កាល​ពី​ខែ​មិថុនា និង​កក្កដា ឆ្នាំ​២០២០ ថ្មីៗ​កន្លង​ទៅ​នេះ អ្នក​ម្ដាយ​របស់​គ្រួសារ​ត្រកូល"ឱក" និង​លោក​ឪពុក​ដែល​ជា​គ្រូ​ភ្លេង​ប្រពៃណី​ខ្មែរ​ប្រចាំ​គ្រួសារ​ត្រកូល"ខាត់" ក៏​បាន​ទទួល​មរណភាព​ដែរ។ ការ​បាត់​បង់​វីរ​សិល្បករ អ្នក​ចម្រៀង​ជើងចាស់ និង​សាច់​ញាតិ​នេះ ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍ និង​ចូល​រួម​រំលែក​ទុក្ខ​ស្ទើរ​គ្រប់គ្នា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី