• 2020-08-22 05:38:53
  • ព័ត៌មាន

ដល់​ក​បាត់ ម៉ាដូណា យប់​មិញ​ហ៊ឺហា​ខ្សែ​ក​ពេជ្រ នាឡិកា​ពេជ្រ លេច​ធ្លោ​ជាង​គេ​ហ្មង!

  • 2020-08-22 05:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ពូកែ​កំប្លុកកំប្លែង បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​កម្មវិធី​សម្ពោធ​ហាង​ពេជ្រ​មួយ​កន្លែង​នៅ​ជិត​មន្ទីរ​ពេទ្យ​លោក​សង្ឃ ក្រោយ​ពី​ពេល​ដែល​គេ​បាន​ឃើញ​លោក ហ៊ឺហា​ខុស​ប្លែក​រាល់ដង​ដោយ​លំអ​ខ្លួន​សុទ្ធ​តែ​គ្រឿង​ពេជ្រ​តែ​ម្ដង។

ថៅកែស្រី និង​ ម៉ាដូណា តារាតំណាង​ផលិតផល

គ្រឿង​ពេជ្រ​ដែល តារា​កំប្លុកកំប្លែង ម៉ាដូណា ពាក់ មាន​ដូច​ជា ខ្សែ​ក​បន្តោង​ព្រះ​ដាំ​ពេជ្រ​ជា​ច្រើន​គ្រាប់។ ក្រៅ​ពី​នេះ នៅ​មាន​នាឡិកា​ដៃ​ម៉ាក Cartier ដាំ​ពេជ្រ​ជា​ច្រើន​គ្រាប់​ដូច​គ្នា ដោយ​បាន​ធ្វើ​មាន​ការ​ចាប់​អារម្មណ៍ និង​ទាក់​ទាញ​ក្រសែ​ភ្នែក​ភ្ញៀវ​កិត្តិយស​ជា​ច្រើន ក៏​ព្រោះ​តែ​កន្លង​មក គេ​កម្រ​ឃើញ​តារា​រូប​នេះ ហ៊ឺហា​បែប​នេះ​ណាស់។ ភ្លាម​ៗ​មាន​ការ​ប៉ាន់​ស្មាន​ថា សរុប​គ្រឿង​ពេជ្រ​របស់​តារា​ប្រជាប្រិយ​រូប​នេះ​ពាក់​យប់​មិញ មាន​តម្លៃ​មិន​តិច​ពាន់​ដុល្លារ​ឡើយ។

ចំពោះ​បញ្ហា​នេះ តារា​ស្រឡាញ់​ភេទ​ដូច​គ្នា បាន​ឆ្លើយ​តប​អ្នក​សារព័ត៌មាន​ថា នេះ​ជា​ឈុត​គ្រឿង​អលង្ការ​ដែល​លោក​ទើប​នឹង​ទិញ​ថ្មី​ៗ ទើប​យក​មក​ពាក់​ចូល​រួម​សម្ពោធ​ហាង​ពេជ្រ​តែ​ម្ដង។ សម្រាប់​គ្រឿង​ទាំង​​នោះ ខ្សែ​ក​បន្តោង​ព្រះ​ដាំ​ពេជ្រ មាន​តម្លៃ​ជាង ១ម៉ឺន​ដុល្លារ​អាមេរិក​។ ដោយ​ឡែក​នាឡិកា​ដៃ​ដាំ​ពេជ្រ​មួយ​គ្រឿង​ទៀត​វិញ​នោះ ក៏​មាន​តម្លៃ​ជិត ពាក់​កណ្ដាល​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។ "បាទ នាឡិកា​ហ្នឹង បើ​តម្លៃ​ពេញ ខ្ទង់​ជិត ៤០០០​ដុល្លារ​អាមេរិក​តែ នេះ​ខ្ញុំ​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស គឺ​សល់​ជាង ២០០០ដុល្លារ​ទេ"។

តារា​មុខ​សេះ បាន​ទិញ​គ្រឿង​អលង្ការ​ទាំង​ពីរ​មុខ ពី​ហាង​ពេជ្រ "រ៉ូយ៉ាល់​ឃីង"ខាង​លើ ដែល​ទើប​នឹង​បើក​សម្ពោធ​នា​យប់​មិញ​នេះ ហើយ​នេះ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ ប៉ុន្តែ​ថា នេះ​មិន​មែន​ជា​មូលហេតុ​តែ​មួយ​គត់​នោះ​ទេ ពោល​គឺ តាម​ពិត​លោក និង​ថៅកែ​ស្រី​ដ៏​ស្រស់​ស្អាត​ឈ្មោះ វណ្ណ នីកា ជា​មនុស្ស​រាប់​អាន​គ្នា​ជិត​ដិត ហើយ​កម្មវិធី​នេះ គឺ​លោក​ទទួល​ជួយ​រៀប​ចំ​ដំណើរ​ការ​ឲ្យ​តែ​ម្ដង។

ក្រៅ​ពី​នេះ អ្វី​ដែល​រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​លោក​ក៏​បាន​ព្រមព្រៀង​គ្នា​លើ​ការងារ​ធំ​មួយ​ជាមួយ​ថៅកែ​ស្រី​ដែល​ជា​មិត្តភ័ក្ដិ​នោះ​ដែរ។ តារា​និយម​តែង​មុខ​ដូច​តួ​ល្ខោន​ជប៉ុន ប្រាប់​ថា លោក​ត្រូវ​បាន​ថៅកែ​ស្រី​ទុក​ចិត្ត ហើយ​បាន​ជ្រើស​រើស​ធ្វើ​ជា​តារា​តំណាង​ផលិតផល​(Brand Ambassader)ថែម​ទៀត។នេះ​ជា​ការងារ BA ទី​១​ដែល​លោក​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ ២០២០ ក្នុង​ពេល​ដែល​កម្ពុជា ក៏​ដូច​ជា​ពិភព​លោក​បាន និង​កំពុង​ប្រឈម​នឹង​មេរោគ ខូវីដ១៩។

ប៉ុន្តែ​ងាក​ទៅ​កាល​ពី​ឆ្នាំ​ចាស់ លោក​ក៏​ទទួល​បាន​ការងារ​ដូច​គ្នា​នេះ​សម្រាប់​ផលិតផល​ជា​ច្រើន​ដែរ។ យ៉ាងណា​ខុស​ពី​អតីតកាល​បន្តិច ម៉ាដូណា បញ្ជាក់​ថា លោក​មិន​មាន​តម្លៃ​ពលកម្ម​ប្រចាំ​ឆ្នាំ​ដូច​ការងារ ​BA ទូទៅ​នោះ​ទេ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ថៅកែ​ស្រី ផ្ដល់​ជា​ភាគហ៊ុន​តែ​ម្ដង យ៉ាង​ណា​លោក​សុំ​មិន​បង្ហើប​ពី​ចំនួន​ហ៊ុន​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​នេះទេ។ ក្រៅ​ពី​នេះ លោក​នៅ​អាច​​ទទួល​បាន​ជា​ភាគរយ​ពី​ការ​លក់​ថែម​ទៀត ដែល​តាម​គម្រោង លោក​នឹង​ធ្វើ​ការ Live លក់​ពេជ្រ​នាំ​ពី​ប្រទេស​ប៊ែលហ្សិក​នេះ​ក្នុង​ពេល​ឆាប់​ៗ។

ដូច្នេះ​ហើយ លោក​បញ្ជាក់​ថា មាន​ភាព​រីករាយ​ណាស់ ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​បញ្ចូល​ជា​ម្ចាស់​ភាគ​ហ៊ុន​ម្នាក់ និង​មាន​ឱកាស​ទទួល​បាន​ភាគរយ​បន្ថែម​ទៀត​ពី​ការងារ​លក់ ដែល​នឹង​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ចំណូល​កាន់​តែ​ច្រើន។ តាម​តារា​កំប្លុកកំប្លែង​ដដែល ហាង​ពេជ្រ "រ៉ូយ៉ាល់​ឃីង" បាន​នាំ​ចូល​ពេជ្រ​គុណភាព​ខ្ពស់​ជា​ច្រើន​ពី​ប៊ែលហ្សិក ហើយ​ក្នុង​ឱកាស​បើក​ដំណើរ​ដំបូង​នេះ មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស និង​កាន់​តែ​ពិសេស​សម្រាប់​សិល្បករ​ខ្មែរ​ទាំង​អស់​ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់