• 2020-09-21 02:54:53
  • ព័ត៌មាន

នៅ​មិន​សុខ! ស៊ិន ឧត្តម​ផល្លា ចេញ​មុខ​ទាំង​ក្បាល​អត់​សក់ ក្រោយ​មាន​រឿង​ចចាមអារ៉ាម​កើត​ឡើង!

  • 2020-09-21 02:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មេម៉ាយ​រូប​ស្រស់ ស៊ិន ឧត្តម​ផល្លា បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ចុង​សប្ដាហ៍​មុន ក្រោយ​ពី​នាង​បាន​ចេញ​មុខ​មក​ក្រឡឺម ខណៈ​សភាព​ពិត​របស់​នាង​នា​ពេល​នេះ គឺ​ក្បាល​អត់​មាន​សក់​ទាល់​តែ​សោះ ខុស​ពី​ពេល​មុន​នាង​រមែង​ចេញ​មុខ​មក​ក្នុង​សភាព​ជា​ស្ត្រី​ដ៏​ស្រស់​សោភា​មួយ​រូប។ បញ្ហា​នេះ ក៏​ព្រោះ​តែ​មាន​រឿង​មួយ​ដែល​សាមី​ខ្លួន​ថា នៅ​មិន​សុខ។

ស៊ិន ឧត្តម​ផល្លា បាន​បញ្ចេញ​រូបភាព​កម្រ​នោះ​នៅ​លើ Facebook Storyរបស់​នាង​ថ្មី​ៗ​នេះ។ តាម​ការ​កត់​សម្គាល់ ស៊ិន ឧត្តម​ផល្លា បាន​បាត់​មុខ​ឈឹង​ច្រើន​ខែ​មក​ហើយ ពី​ការងារ​សិល្បៈ​ដែល​ពី​មុន​ៗ​នាង​តែង​តែ​បង្ហោះ​បង្ហាញ​ពី​ការងារ​របស់​នាង​ជា​រឿយ​លើ​បណ្ដាញ​សង្គម។ ប៉ុន្តែ​ក្រោយ​មក​នាង​ក៏​ស្ងប់ស្ងាត់ ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ណា​ត្រូវ​បាន​ទម្លាយ​ឡើយ។ ស្រប​ជាមួយ​ការ​បាត់​មុខ​នេះ ក៏​បាន​រុញ​ឲ្យ​មាន​ចចាមអារ៉ាម ថា នាង​ត្រូវ​មេ​ក្រុម​បណ្ដេញ​ចេញ​ពី​ក្រុម​ចម្រៀង Dara Entertainment ទើប​ធ្លាក់​ចុះ​ការងារ រហូត​ដល់​ស្ងប់​ស្ងាត់​តែ​ម្ដង។

បញ្ហា​នេះ​ហើយ ទើប​សាមី​ខ្លួន​អះអាង​ថា នាង​នៅ​មិន​សុខ ត្រូវ​បង្ខំ​ចិត្ត​ចេញ​មុខ​មក​ការពារ​ខ្លួន សូម្បី​តែ​ពេល​នេះ ខ្លួន​មិន​មាន​សក់​នៅ​លើ​ក្បាល​មួយ​សរសៃ​ក៏​ដោយ។ ផល្លា ថា ជា​អ្នក​សិល្បៈ​មួយ​រូប ខ្លួន​មិន​ចង់​ឲ្យ​ប្រិយមិត្ត​ឃើញ​នាង​ក្នុង​សភាព​ដូច​នេះ​ឡើយ។ ប៉ុន្តែ​បើ​នៅ​តែ​សម្ងំ​ស្ងៀម ប្រិយមិត្ត​កាន់​តែ​ច្រើន​នឹង​មាន​ការ​យល់​ច្រឡំ​មក​លើ​ខ្លួន​ថែម​ទៀត។

ស៊ិន ឧត្តម​ផល្លា កាល​ទើប​កោរសក់​ដំបូង​ៗ

តារា​ចម្រៀង​ដែល​អាច​ច្រៀង​បាន​ជា​ច្រើន​ភាសា​រូប​នេះ​បាន​ទាត់​ដាច់​អហង្ការ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​គ្មាន​មូលដ្ឋាន​ដែល​ថា នាង​បាត់​មុខ​ព្រោះ​តែ​ត្រូវ​មេ​ក្រុម​បណ្ដេញ​ចេញ​នោះ។ ប៉ុន្តែ​បាន​បញ្ជាក់​ថា ការ​បាត់​មុខ​របស់​នាង គឺ​មាន​ពាក់​ព័ន្ធ​នឹង​ការ​កោរ​សក់​របស់​នាង​នេះ​ឯង។ ផល្លា លើក​ឡើង​ថា នាង​បាន​សម្រេច​កោរសក់​ដើម្បី​បួស​រយៈ​ពេល​ខ្លី ដើម្បី​សង​គុណ​ម្ដាយ ហើយ​នាង​បាន​ស្ថិត​ក្នុង​សភាព​អត់​មាន​សក់​លើ​ក្បាល​ប្រមាណ​ជាង ២ខែ​ហើយ។

ដូច្នេះ​ហើយ ទើប​នាង​មិន​ចង់​ចេញ​ក្រៅ ហើយ​ក៏​បាន​បដិសេធន៍ កម្មវិធី​ជា​ច្រើន​រួច​មក​ហើយ​មិន​ថា កម្មវិធី​ចម្រៀង ឬ​កម្មវិធី​ជួប​ជុំ​ផ្សេង​ៗ​ឡើយ។ "មួយ​រយៈ​នេះ​ ខ្ញុំ​តែងតែ​បដិសេធន៍​រាល់​កម្មវិធី​ មិន​ថា​តន្ត្រី​ចម្រៀង​ រឺ​កម្មវិធី​ផ្សេងៗ​ ដោយ​សារ​ខ្ញុំ​បួស​សងគុណ​ម្ដាយ​ និយាយ​រួម​ក្បាល​ត្រងោល​ នេះ​គឺ​ជា​មូលហេតុ​ដែល​ខ្ញុំ​មិន​ចង់​ចេញ​ក្រៅ...អីចឹង​ហើយ​​គ្មាន​ទេ រឿង​ប្រធាន​ក្រុម​ក្នុង​វង់តន្ត្រី​ណា​មួយ​ដក​ខ្ញុំ​ចេញ​ពី​ក្រុម​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ ដូច្នេះ​សូម​កុំ​មាន​ការ​យល់​ច្រឡំ"។

ស៊ិន ឧត្តម​ផល្លា បាន​ប្រាប់​ថា ចចាមអារ៉ាម​នេះ បាន​កើត​ឡើង ក្រោយ​ពី​មួយ​រយៈ​ចុង​ក្រោយ Dara Entertainment ទទួល​កម្មវិធី​ជា​ច្រើន ប៉ុន្តែ​ក្នុង​នោះ គេ​មិន​ឃើញ អ្នក​មេម៉ាយ​រូប​ស្រស់ ដែល​រាប់​ថា​ជា​ធនធាន​កម្រ​នា​ពេល​បច្ចុប្បន្ន ព្រោះ​តែ​នាង​អាច​ច្រៀង​បាន​ច្រើន​ភាសា​នោះ មាន​មុខ​ក្នុង​ក្រុម​ពិធីការ​របស់​លោក យ៉ែម សំអូន ឡើយ។ "បញ្ហា​ហ្នឹង​ខ្ញុំ​បាន​លឺ ហើយ​មាន​មិត្តភ័ក្ដិ​ជា​ច្រើន​បាន​ឆាត​មក​សួរ ហើយ​ខ្ញុំ​បាន​ប្រាប់​ថា អត់​មាន​រឿង​ចឹង​ទេ ក៏​ដោយ​សារ​រឿង​ក្បាល​ត្រងោល​នេះ​ឯង ទើប​មិន​ចង់​ចេញ​ក្រៅ!”។

សង្កត់​ធ្ងន់​ទៅ​លើ​ការ​ចេញ​មុខ​បក​ស្រាយ​របស់ ស៊ិន ឧត្តម​ផល្លា គេ​ឃើញ​លោក យ៉ែម សំអូន ប្រធាន​ក្រុម Dara Entertainment ក៏​បាន​បញ្ជាក់​ដែរ​ថា មិន​មាន​រឿង​ដូច​នោះ​ទេ ពោល​គឺ​លោក​ក៏​រង់​ចាំ​ការ​វិល​ត្រឡប់​របស់​តារា​ចម្រៀង​ស្រី​ដូច​គ្នា​ដែរ។ លោក​សរសេរ​ថា "ចាំ​ស្វាគមន៍​អូន​វិញ​នា​ដើម​រដូវ​កាល​ថ្មី​ណា​អូន"។

ស៊ិន ឧត្តមផល្លា បញ្ជាក់​បន្ថែម​ថា មិន​យូរ​ទេ នាង​នឹង​វិល​មក​កាន់​មេក្រូហ្វូន​វិញ ឆាប់​ៗ បន្ទាប់​ពី​សក់​របស់​នាង​ដុះ​ពេញ​ក្បាល​ឡើង​វិញ៕

រូបភាព៖ ហ្វេសប៊ុក ផល្លា

អត្ថបទ៖ ទារិកា

មតិយោបល់