• 2020-09-29 10:12:09
  • ចម្រៀង

បទ​​ចម្រៀង​ចេញ​តែ​៣សប្ដាហ៍ អ្នក​ស្ដាប់​ភ្លូក​ទឹក​ភ្លូក​ដី ប្រិយមិត្ត​ថា ពេជ្រ ថាណា ឡើង​ល្បី​ទៀត​ហើយ!

  • 2020-09-29 10:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេជ្រ ថាណា បាន​សាង​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន​នៅ​ក្នុង​ផលិតកម្ម Town តែ​មួយ​រយៈ​ចុងក្រោយ​ក៏​ថមថយ​បន្តិច​ទៅ​វិញ មុន​ពេល​មក​ផ្ទុះ​ជា​ថ្មី​តាម​រយៈ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ទើប​ចេញ​បាន​២​សប្ដាហ៍​ប៉ុណ្ណោះ តែ​មាន​អ្នក​ចូល​ទៅ​ទស្សនា និង​ស្ដាប់​ជាង ១លាន​ដង​នៅ​លើ Youtube Channel ផលិតកម្ម​ថោន។

បទ​ចម្រៀង​ថ្មី​របស់​លោក ពេជ្រ ថាណា នេះ​មាន​ចំណង​ជើង​ថា "ក្រមុំ​រើស​ខ្យង" ជា​ចង្វាក់​ប្រពៃណី​ដែល Town បាន​បញ្ចេញ​ជា​ពិសេស​ដើម្បី​អបអរ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ទើប​នឹង​កន្លង​ផុត​ថ្មី​ៗ​នេះ។ តាម​តួលេខ​គិត​មក​ដល់​រសៀល​ថ្ងៃ​ទី ២១ កញ្ញា ២០២០​នេះ វីដេអូ​សំឡេង(Video Audio)នេះ មាន​អ្នក​ចុច​ស្ដាប់​ជាង ១លាន​ដង​រួច​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ចេញ​ផ្សាយ​ដំបូង​លើ​យូធូប កាល​ពី​ថ្ងៃ​ទី ៣ កញ្ញា។

តួលេខ​នេះ គឺ​ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​ផលិតកម្ម​ថោន ក្នុង​រយៈ​ពេល​ដូច​គ្នា​ធៀប​នឹង​បទ​ចម្រៀង​ដទៃ​ទៀត ខណៈ​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​លោក​ជា​ច្រើន បាន​ភ្លាត់​មាត់​ថា idol របស់​ពួក​គេ​បាន​កម្រើក​ទីផ្សារ​ជា​ថ្មី​ទៀត​ហើយ​តាម​រយៈ​បទ​ចម្រៀង​នេះ។ ប្រិយមិត្ត​ខ្លះ​របស់​តារា​ចម្រៀង បាន​លាន់​មាត់​ថា រូប​គេ​ពិត​ជា​នឹកស្មាន​មិន​ដល់​ទាល់​តែ​សោះ ថា​វីដេអូ​សំឡេង​របស់ ថាណា ទទួល​បាន​ការ​ចុច​ចូល​ស្ដាប់​ច្រើន​ដល់​ម្លឹង។

ប្រិយមិត្ត​ខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា បទ​នេះ​ល្បី​ហើយ ព្រោះ​អំឡុង​ពេល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​កន្លង​ទៅ​នេះ ទៅ​ទី​កន្លែង​ណា រូប​គេ​បាន​លឺ​តែ​គេ​ចាក់​បទ​ចម្រៀង​មួយ​បទ​នេះ​ហូរហែ។ ក្រៅ​ពី​លើក​សរសើរ​ដល់​តារា​ចម្រៀង ប្រិយមិត្ត​ខ្លះ​ក៏​បាន​លើក​សរសើរ​ពី​បទ​ចម្រៀង​ថា មាន​ន័យ មាន​ខ្លឹមសារ​ល្អ ហើយ​អ្នក​ខ្លះ ក៏​សរសើរ​ចំ​ៗ​ចំពោះ​ផលិតកម្ម​ថា ធ្វើ​បាន​ល្អ​សម្រាប់​បទ​ចម្រៀង​មួយ​បទ​នេះ។

ពួក​គេ​លើក​ឡើង​ថា ថោន ធ្វើ​បាន​ល្អ​ទាំង​អត្ថន័យ និង​ខ្លឹមសារ ឯ​បទ​ភ្លេង​ទៀត​សោត ក៏​រឹត​តែ​ល្អ ពោល​គឺ​បាន​លឺ​ភ្លេង​ហើយ ចង់​តែ​ឡើង​រាំ​តែ​ម្ដង។ ជុំវិញ​ការ​លើក​សរសើរ​របស់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន ផលិតកម្ម ថោន នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​ធម្មតា ប៉ុន្តែ​សាមី​ខ្លួន​តារា​ចម្រៀង​នៅ​មិន​សុខ​ឡើយ។

លោក ពេជ្រ ថាណា បាន​ចូល​ទៅ​សរសេរ​សារ​ឆ្លើយ​តប​ទៅ​ប្រិយមិត្ត​របស់​លោក​នៅ​លើ​បណ្ដាញ​យូធូប ដោយ​ក្នុង​នោះ​លោក​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​ទាំង​អស់​របស់​ប្រិយមិត្ត។ ដូច្នេះ លោក​មាន​តែ​ម្រាម​ដៃ​ដប់ លើក​ឡើង​ជូន​ពរ​ពុកម៉ែ​បងប្អូន​មាន​សុខភាព​ល្អ​គ្រប់​ៗគ្នា មាន​តែ​ជ័យជំនះ ជោគជ័យ​គ្រប់​ភារកិច្ច​ទាំង​អស់ និង​ជៀស​ផុត​ពី​ជំងឺ​កូវីត១៩។

ក្រោយ​ផ្ទុះ​ជាមួយ​វីដេអូ Audio ថោន ទើប​នឹង​បញ្ចេញ​វីដេអូ​ចម្រៀង​ពេញ​លេញ​ប៉ុន្មាន​ថ្ងៃ​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ប៉ុណ្ណោះ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដូច​គ្នា។ លោក ពេជ្រ ថាណា តាំង​ពី​បាន​មក​ចូល​រួម​ជាមួយ​ផលិតកម្ម​ថោន​មក លោក​ធ្លាប់​សាង​កេរ្តិ៍​ឈ្មោះ​ខ្លាំង​តាម​រយៈ បទ​​ជា​ច្រើន​ដូច​ជា "បង្គាប់​១​ម៉ឺន" “មាន​ប្រពន្ធ​ល្អ​មិន​ចេះ​ថែ" “ដឹង​ទេ​ថា​ខ្ញុំ​យំ" “ស្ដាប់​ចម្រៀង​អូន បង​ហូរ​ទឹក​ភ្នែក" និង​បទ "មនុស្ស​បែក​គ្នា​ហើយ មិន​ជួប​គ្នា​វិញ​ទេ" ជា​ដើម៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី