• 2020-10-07 03:09:03
  • ព័ត៌មាន

លឿន​ដូច​ព្យុះ ទើប​លេច​លឺ​ម្សិលមិញ ឥឡូវ​ឃើញ​ហង្សមាស បញ្ចេញ សិរីមន្ត និង សុគន្ធកញ្ញា ឲ្យ​ច្រៀង​បទកឋិនទៅ​ហើយ!

  • 2020-10-07 03:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ម្សិលមិញ មាន​ចចាមអារ៉ាម​ថា ហង្សមាស គ្រោង​ចាយ​លុយ​ធំ​មិន​ធ្លាប់​មាន​ផលិត​បទ​សម្រាប់​បុណ្យ​កឋិន​នោះ ឥឡូវ​នៅ​ព្រឹក​នេះ គេ​ឃើញ​ផលិតកម្ម​ធំ​មួយ​នេះ បញ្ចេញ​​បទ​សម្រាប់​បុណ្យ​ប្រពៃណី​ជាតិ​ឲ្យ​កំពូល​តារា​របស់​ខ្លួន ខេមរៈ សិរីមន្ត និង ឱក សុគន្ធ​កញ្ញា ច្រៀង​បាត់​ហើយ។

បទ​ចម្រៀង​បែប​ប្រពៃណី​ខ្មែរ​មួយ​បទ ដែល​បកស្រាយ​ពី​កំពូល​តារា​ចម្រៀង​ប្រុស​ស្រី​ប្រចាំ​ប្រទេស​គឺ លោក ខេមរៈ សិរីមន្ត និង​អ្នកនាង ឱក សុគន្ធ​កញ្ញា ទើប​នឹង​ត្រូវ​បាន ផលិតកម្ម​រស្មី​ហង្សមាស ចេញ ក្តៅ​ៗ​នា​ព្រឹក​នេះ មាន​ចំណង​ជើង​ថា “បុណ្យ​កឋិន​ទាន” ដែល​ត្រូវ​ទៅ​តាម​រដូវ​កាល​នៃ​បុណ្យ​កឋិន​តែម្តង។ នេះ​គឺ​ជា​បទ​ចម្រៀង​ប្រពៃណី​ទី​២ ដែល​កំពូល​តារា​ទាំង​ពីរ ចេញ​រួម​បន្ទាប់​ពី​បទ “ភ្ជុំ​បិណ្ឌ​ដល់ហើយ” ដែល​បាន​អង្រួន​ ​បេះដូង​អ្នក​គាំទ្រ​ជា​ច្រើន​អំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ទើប​កន្លង​ផុត​ទៅ​ថ្មី​ៗ។

ងាក​មក​បទ "បុណ្យ​កឋិន​ទាន" នេះ​វិញ ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​លើក​សរសើរ​ជា​ថ្មី​ទៀត​ថា ពិត​ជា​សម​សួន​ឥតខ្ចោះ​ត្រូវ​ចំ​ទម្រង់​ប្រពៃណី​ខ្មែរ អម​ជាមួយ​សំឡេង​ដ៏​ពីរោះ​ស្រទន់​របស់​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​ថែម​ទៀត។ បទ​ចម្រៀង​ពិសេស​នេះ ត្រូវ​បាន​រៀប​រៀង តាក់តែង​ទំនុក​ច្រៀង​ដោយ​ឯកឧត្តម ហ៊ុន ហេង ដែល​មាន​ស្នាដៃ​និពន្ធ​លើ​បទ​ចម្រៀង​ពិសេស​ៗ​ជា​ច្រើន​នៅ​ក្នុង​ផលិតកម្ម​នេះ។

ចំណុច​មួយ​ទៀត ដែល​ប្រិយមិត្ត​លើក​សរសើរ គឺ​​ហង្សមាស ជា​ផលិតកម្ម​ក្នុង​ស្រុក​មួយ ដែល​អាច​ផលិត​បទ​ចម្រៀង​បែប​ប្រពៃណី​ត្រូវ​ចំ​ក្បួន​ខ្នាត និង​មាន​គុណភាព​ល្អ​វិសេស​បែប​ខ្មែរ​ពិត​ៗ។ នៅ​ម្សិលមិញ​នេះ មាន​ព័ត៌មាន​ចេញ​មក​ថា ផលិតកម្ម​ហង្សមាស គ្រោង​ចាយ​លុយ​ធំ​សម្បើម​ណាស់ ដើម្បី​ផលិត​បទ​ចម្រៀង​វ៉ុល​ពិសេស​សម្រាប់​រដូវ​កាល​បុណ្យ​កឋិនទាន​ឆ្នាំ 2020 នេះ ដោយ​គ្រោង​ប្រមូល​ផ្តុំ​​សិល្បករ​ច្រើន​ជំនាន់​គ្រប់​ទម្រង់​រាប់​រយ​នាក់​មក​ជុំ​គ្នា​តែ​ម្តង។

ទន្ទឹម​នឹង​ភាគី​ខាង​​ផលិតកម្ម​រស្មីហង្សមាស មិន​ទាន់​អាច​សុំ​ទំនាក់ទំនង​បាន​នៅ​ឡើយ ក៏​ស្រាប់​តែ​ឃើញ​ផលិតកម្ម​នេះ បាន​ចេញ​បទ​ត្រូវ​រដូវ​កាលឲ្យ​ ខេមរៈ សិរីមន្ត និង​ ឱក សុគន្ធ​កញ្ញា ច្រៀង​មែន។ ដូច្នេះ​ហើយ គេ​សន្និដ្ឋាន​ថា តម្រុយ​ខាង​លើ ទំនង​ជា​ការ​ពិត ហើយ​បើ​ដូច្នេះ​មែន ​កញ្ចប់​ថវិកា​សម្បើម​ដែល​ប្រភព​បង្ហើប​នោះ ទំនង​នឹង​អាច​បង្កើត​ភាព​អស្ចារ្យ​​ក្នុង​វីដេអូ​ចម្រៀង​ផ្លូវ​ការ​បទ "បុណ្យ​កឋិនទាន" ដែល​គេ​រំពឹង​ថា នឹង​ចេញ​ឆាប់​ៗ​នេះ​មិន​ខាន៕

អត្ថបទ៖ ទារិកា

មតិយោបល់