• 2020-10-12 04:23:43
  • ព័ត៌មាន

​ម្សិលមិញនេះ លេច​រឿង ជា វិបុល បង្ខំ​ចិត្ត​ចាក​ផ្នួស​មុន​កំណត់ ក្រោយ​បាន​បួស​បាន​តែ ១០ថ្ងៃ

  • 2020-10-12 04:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជា វិបុល ស្វាមី​របស់​អ្នក​នាង គង់ សុជាតិ បាន​ប្រាប់​ថា លោក​បាន​បង្ខំ​ចិត្ត​ចាក​ផ្នួស​មុន​កាល​កំណត់ ក្រោយ​បួស​បាន​តែ ១០ ថ្ងៃ​ប៉ុណ្ណោះ នោះ​ក៏​តែ​នៅ​ក្នុង​នោះ​មាន​រឿង​ខ្លះ​ៗ ដែល​លោក​មិន​អាច​បន្ត​នៅ​តាម​ការ​គ្រោង​ទុក​បាន។

ជា វិបុល ត្រូវ​បាន​គេ​ឃើញ​ទុក​ចោល​កិច្ច​ការងារ របរ​រក​ស៊ី​ទាំង​អស់​របស់​ខ្លួន ទៅ​សាង​ផ្នួស​មួយ​រយៈ​ក្រោយ​ពី​បញ្ចប់​វេលា​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​រួច​។ បន្ទាប់​ពី​បួស​មួយ​រយៈ​នោះ​មក គេ​ស្រាប់​តែ​ឃើញ​ពិធីករ​ទូរទស្សន៍​រូប​នេះ បាន​លា​ចាក​សិក្ខា​បទ​វិញ។ ចំពោះ​បញ្ហា​នេះ សាមី​ខ្លួន​បាន​ប្រាប់​ថា តាម​ពិត​លោក​បាន​បង្ខំ​ចិត្ត​សឹក​វិញ​ទេ ព្រោះ​មិន​ទាល់​ដល់​កាល​កំណើត​ដែល​បាន​គ្រោង​ទុក​នោះ​ឡើយ។

ស្វាមី​អ្នកនាង គង់ សុជាតិ ប្រាប់​ថា ដើម​ឡើយ​លោក​គ្រោង​បួស​រយៈ​ពេល ៣សប្ដាហ៍ ក្នុង​នោះ​មាន​ហេតុផល​២​សម្រាប់​ការ​បួស​នេះ​ទី​១​ដើម្បី​លា​បំណន់​ចំពោះ​អ្វី​ដែល​លោក​បាន​បន់​ស្រន់​ហើយ​បាន​លទ្ធផល​ល្អ​ដូច​ការ​ចង់​បាន។ ទី​២​ទៀត គឺ​បួស​ដើម្បី​តប​គុណ​របស់​មាតា បិតា។ ប៉ុន្តែ​អ្វី​ៗ មិន​អាច​ធ្វើ​ទៅ​តាម​រយៈ​ពេល​ដែល​បាន​គ្រោង​នោះ​ទេ។ "ដំបូង​ខ្ញុំ​គិត​ថា នឹង​បួស​ចំនួន ២១ ថ្ងៃ ប៉ុន្តែ​ជាក់​ស្ដែង​បាន​តែ ១០​ថ្ងៃ​ទេ ក៏​សឹង​វិញ...ចំពោះ​ហេតុផល​នោះ គឺ​ថា ខ្ញុំ​មាន​កិច្ចការ​ច្រើន និង​ត្រូវ​ប្រញាប់​ធ្វើ​ឲ្យ​ហើយ...ទើប​មិន​អាច​បួស​យូរ​ទៀត ក៏​សម្រេច​សឹក​វិញ​ទៅ!”។

ការងារ​សំខាន់​មួយ ដែល​លោក​ត្រូវ​ប្រញាប់​នោះ គឺ​ការងារ​ផ្នែក​អចលនទ្រព្យ​ដែល​លោក​បាន​គិត​ជា​យូរ​ហើយ ហើយ​ក៏​ទើប​នឹង​សម្រេច​ចិត្ត​នា​ពេល​ថ្មី​ៗ​នេះ។ លោក ជា វិបុល បង្ហើប​ថា កាល​ពី​មួយ​ឆ្នាំ​មុន លោក​ធ្លាប់​បាន​ធ្វើ​ការ​ឲ្យ​លោក ឡេង និមល ប្អូន​ប្រុស​ឧកញ៉ា ឡេង ណាវ៉ាត្រា ដោយ​ធ្វើ​ជា​អ្នក​សម្របសម្រួល​ក្នុង​ពិធី​បើក​សម្ពោធ​គម្រោង​ដីឡូតិ៍​មួយ​កន្លែង​នៅ​ម្ដុំ​វត្ត​ជន្លង់​ម្លូ។

បន្ទាប់​ពី​នោះ​មក​លោក​ក៏​ចាប់​ផ្ដើម​យល់​ខ្លះ​ៗ​ពី​ការងារ​អចលនទ្រព្យ ព្រម​ទាំង​បាន​ឃើញ​ឱកាស​ល្អ​មួយ​ចំនួន​ក្នុង​វិស័យ​នេះ​ផង។ដូច្នេះ​ហើយ ក៏​បាន​ពិភាក្សា​ជាមួយ​ភរិយា​អំពី​ការ​ផែន​ការ​វិនិយោគ​នា​ពេល​អនាគត។ ជា​លទ្ធផល លោក និង​ភរិយា ក៏​បាន​ឯកភាព​គ្នា​សាក​ល្បង​ជា​លើក​ដំបូង ដើម្បី​ស្ទង់​ទី​ផ្សារ និង​ចង់​បន្ថែម​ពិសោធន៍​ផង ខណៈ ២០​ឆ្នាំ​កន្លង​មក ពួក​លោក ធ្លាប់​ធ្វើ​តែ​ការងារ​សិល្បៈ។

ក្រោយ​សម្រេច​ចិត្ត​លើ​ការងារ​នេះ ដោយ​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​គ្នា​ស្រាប់ ជា វិបុល និង គង់ សុជាតិ ក៏​បាន​សម្រេច​សហការ​វិនិយោគ​ជាមួយ​លោក ឡេង និមល ដែល​លោក​ធ្លាប់​ធ្វើ​ការ​ឲ្យ​តែ​ម្ដង។ ភាគី​ទាំង​ពីរ បាន​សម្រេច​ផ្លែ​ផ្កា​រួម​គ្នា ដោយ​បាន​បើក​សម្ពោធ​គម្រោង​ដីឡូតិ៍​ជា​ផល​នៃ​កិច្ចសហការ​គ្នា​លើក​ដំបូង​ម្សិលមិញ​នេះ នៅ​ភូមិ ព្រៃទទឹង ឃុំ ព្រះនិព្វាន ស្រុក​គង ពិសី ខេត្ត កំពង់ស្ពឺ។ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ១០គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី។

លោក ជា វិបុល បាន​គូស​បញ្ជាក់​ថា ការងារ​នេះ គឺ​លោក​មិន​មែន​ធ្វើ​ទទួល​កម្រៃ​ពី​លោក ឡេង និមល នោះ​ទេ ប៉ុន្តែ​លោក គឺ​ជា​ម្ចាស់​ភាគហ៊ុន​ពិត​ប្រាកដ ដែល​បាន​សហការ​វិនិយោគ ៥០% ម្នាក់​ជាមួយ ប្អូន​ប្រុស​ឧកញ៉ា ឡេង ណាវ៉ាត្រា។ ជាមួយ​គ្នា​ដៃគូ​វិនិយោគ​របស់​លោក ជា វិបុល ក៏​បាន​អះអាង​ដូច​គ្នា​ថា គូស្វាមី ភរិយា សិល្បៈ​គូ​នេះ គឺ​ជា​ដៃគូ​វិនិយោគ​របស់​លោក​ពិត​ប្រាកដ។

​ភាគី​ទាំង​ពីរ បាន​សម្រេច​វិនិយោគ​រួម​គ្នា ៥០% ម្នាក់​លើ​ទំហំ​ដី​វិនិយោគ​សរុប​ចំនួន​ ១០ ហិកតា​ ស្មើ​នឹង​ជាង ១០០០ឡូតិ៍ ជាមួយ​នឹង​តម្លៃ​ចាប់​ពី​ជាង ៣០០០ដុល្លារ​ឡើង​ទៅ។ លោក ឡេង និមល បញ្ជាក់​ថា នេះ​ជា​ជំហាន​ដំបូង ប៉ុណ្ណោះ ប្រសិន​បើ​គម្រោង​ទី​១​ដែល​លោក​បាន​អះអាង​ពី​សក្ដានុពល​សេដ្ឋកិច្ច​នេះ​ជោគជ័យ ភាគី​ទាំង​ពីរ​នឹង​វិនិយោគ​រួម​គ្នា​បន្ត​បន្ទាប់​ទៀត៕​

អត្ថបទ៖ ទារិកា

មតិយោបល់