• 2020-10-13 02:49:40
  • ព័ត៌មាន

តារា​ចម្រៀង​ជួរមុខ​របស់​ផលិតកម្ម​រស្មី​ហង្សមាស​បី​ដួង កំពុង​ខ្វល់​ចិត្ត​រឿង​ដូច​គ្នា​ក្នុង​ពេល​តែ​មួយ

  • 2020-10-13 02:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​បី​ដួង គឺ​អ្នកនាង ឱក សុគន្ធ​កញ្ញា លោក ណុប បាយ៉ារិទ្ធ និង​លោក នី រតនា បាន​បញ្ចេញ​សារ​ស្រដៀង​គ្នា​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សុខ​សុវត្ថិភាព​ពី​គ្រោះធម្មជាតិ​ទឹកជំនន់ ដោយ​បង្កប់​ពាក្យពេចន៍​ផ្ដាំផ្ញើ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​។

ឱក សុគន្ធ​កញ្ញា៖"សូម​បួងសួង​ទេវតា​តាម​ថែរក្សា​ប្រជា​ជន​កម្ពុជា​ចៀស​ផុត​ពី​គ្រោះ​ធម្មជាតិ​នេះ​ឆាប់ៗ ហើយ​សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​សុវត្ថិភាព​គ្រប់ៗ​ក្រុម​គ្រួសារ"។

ចំណែក​លោក ណុប បាយ៉ារិទ្ធ អំពាវនាវ​ដល់​ប្រជា​ជន​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន ហើយ​រក​ទី​ទួល​សុវត្ថិភាព​ដើម្បី​ស្នាក់​នៅ​បណ្ដោះអាសន្ន និង​ថែរក្សា​សុខភាព​ឲ្យ​បាន​គ្រប់ៗគ្នា៖"សូម​ឲ្យ​ទឹក​ជំនន់​ស្រក​ចុះ​ឲ្យ​ឆាប់​រហ័ស ហើយ​សូម​កុំ​ឲ្យ​បន្ត​ជន់​លេច​ដល់​ខេត្ត​ក្រុង​ដទៃ​ទៀត ជា​ពិសេស​កុំ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ពុក​ម៉ែ បង​ប្អូន កូន​ក្មួយ​ឲ្យ​សោះ"។

ងាក​មក​លោក នី រតនា វិញ។ លោក​បាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ថា៖"បង​ប្អូន​ត្រូវ​ថែរក្សា​សុខភាព​ទាំង​អស់​គ្នា ឥឡូវ​នេះ​ទឹក​ជំនន់​មិន​ទាន់​ស្រក​នៅ​ឡើយ​ទេ ខ្ញុំ​សូម​បួង​សួង​ទេវតា និង​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក​សូម​ឲ្យ​ប្រទេស​កម្ពុជា​យើង​ឆាប់​ផុត​ពី​គ្រោះ​ធម្មជាតិ​នេះ​ផង"។

ស្ថានភាព​គ្រោះ​ធម្មជាតិ​ទឹកជំនន់​នៅ​កម្ពុជា បាន​ជន់​លេច​ខេត្ត​ក្រុង​មួយ​ចំនួន​ដូច​ជា៖ បាត់​ដំបង ពោធិ៍សាត់ និង​ស្រុក​មួយ​ចំនួន នៃ​ខេត្ត​ក្រុង​ដទៃ​ទៀត​ក៏​មាន​ការ​ជន់​លេច​ដែរ។ មន្ត្រី​ជំនាញ​ក្រសួង​ធនធាន​ទឹក ធ្លាប់​បង្ហើប​ថា កម្ពុជា​នឹង​បន្ត​រង​អាកាសធាតុ​សម្ពាធ​ទៀប ឬ​ព្យុះ​ចំនួន​ពីរ​ទៀត​ដោយ​ប្រយោល​ដែល​បញ្ហា​នេះ​នឹង​បង្ក​ឲ្យ​ប្រទេស​កម្ពុជា​បន្ត​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ហើយ​ទឹក​ជំនន់​អាច​នឹង​បន្ត​កើន​ឡើង​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់