- 2020-10-19 03:51:38
- ព័ត៌មាន
នាយកដ្ឋានភាពយន្ដជម្រះរឿងទូរទស្សន៍ថៃ យករូបប្រាសាទអង្គរវត្ដខ្មែរទៅប្រើ
- 2020-10-19 03:51:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកដ្ឋានភាពយន្ដជម្រះរឿងទូរទស្សន៍ថៃ យករូបប្រាសាទអង្គរវត្ដខ្មែរទៅប្រើ
ចន្លោះមិនឃើញ
នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប បញ្ជាក់ជាថ្មីថា ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃ បានទទួលកំហុសរបស់ខ្លួន ហើយបានដករូបប្រាសាទអង្គរវត្តរបស់ខ្មែរពីផូសស្ទ័រ(Poster) ក្នុងរឿងមួយរបស់ថៃដែលមានចំណងជើងថា"សន្យាស្នេហ៍ សន្យាបោកប្រាស់" ចេញវិញអស់ហើយ។
ការបញ្ជាក់នេះ នៅក្រោយពេលដែលមានផលិតករភាពយន្ត និងពលរដ្ឋខ្មែរជាច្រើន ស្ដីបន្ទោសផលិតករភាពយន្តថៃ ថាមានល្បិចខូច ដោយធ្វើកំហុសឆ្គងម្ដងហើយម្ដងទៀត តាមរយៈយករូបប្រាសាទអង្គរវត្តខ្មែរទៅដាក់លើ Poster រឿងរបស់ខ្លួនដែលមិនពាក់ព័ន្ធនឹងទីតាំងប្រាសាទអង្គរវត្តសោះ និងការបំភ្លៃមួយទៀតពីតារាស្រីឈ្មោះផ្កាយព្រឹកកន្លងទៅថាប្រាសាទអង្គរវត្តជារបស់ថៃនោះ បានធ្វើឲ្យពលរដ្ឋខ្មែរមានប្រតិកម្មយ៉ាងខ្លាំង។
ផលិតករភាពយន្តខ្មែរល្បីឈ្មោះមួយរូប គឺលោក ហ៊ុយ យ៉ាឡេង លើកឡើងថា"ចូលចិត្តលេងល្បិចខូច អាងអីចេញលិខិតសុំទោស។ នេះលើកទីប៉ុន្មានហើយ គួរផ្អាកយករឿងប៉ុស្តិ៍នេះមកចាក់ផ្សាយទៅ កុំឲ្យគាត់បានចិត្តពេក"។
ឆ្លើយតបបញ្ហានេះ ប្រធាននាយកដ្ឋានភាពយន្តលោក ប៉ុក បូរក្ស បានប្រាប់ Sabay នៅថ្ងៃទី១៩ ខែតុលា នេះថា ការពិតទាំងម្ចាស់ប៉ុស្តិ៍លេខ៣ និងអ្នកផលិតរឿងនេះ មិនបានដឹងពីកំហុសឆ្គងនេះភ្លាមៗនោះទេ ព្រោះអ្នកធ្វើទីផ្សារក្នុងរឿងនេះទេដែលមានកំហុស ព្រោះគេចង់ទទួលបានការចាប់អារម្មណ៍ពេកទើបដាក់បញ្ចូលរូបប្រាសាទខ្មែរចូលលើ Poster នោះ។ ប៉ុន្តែទូរទស្សន៍នេះ បានលុបរូបប្រាសាទអង្គរវត្តចេញវិញតាំងពីថ្ងៃទី១៦ ខែតុលា។
ប៉ុក បូរក្ស៖"យើងមិនអាចសុំឲ្យគេដក ឬឈប់បញ្ចាំងរឿងនេះទេ ព្រោះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់គេ។ តែយើងបានធ្វើការងារនេះភ្លាមៗតាមរយៈស្ថានទូតថៃប្រចាំនៅកម្ពុជា ហើយគេក៏ទទួលកំហុស និងលុបរូបប្រាសាទយើងចេញពីរឿងនោះវិញអស់ហើយដែរ តែនៅមានបងប្អូនយើងយករូបភាពចាស់មកបង្ហោះ"។
ប្រធាននាយកដ្ឋានរូបនេះ បញ្ជាក់ថា ប្រាសាទអង្គរវត្ដ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដូច្នេះប្រាសាទអង្គរវត្តគឺជារបស់មនុស្សជាតិទាំងអស់ក្នុងការចូលរួមថែរក្សា និងលើកតម្កើង។ ប៉ុន្ដែការយករូបប្រាសាទអង្គរវត្ដរបស់ខ្មែរទៅដាក់ក្នុងរឿង នៃជាតិសាសន៍ណាមួយដោយមិនបានសុំការអនុញ្ញាតនោះ គឺជាការខុសឆ្គង ហើយអ្នកដែលយកទៅប្រើនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ឬត្រូវកែតម្រូវជាបន្ទាន់ដូចជាករណីនេះជាដើម៕