• 2020-10-28 04:10:44
  • ព័ត៌មាន

បាត់​មុខ​យូរ​រហូត​ឡើង​គីឡូ​មើល​មិន​ចង់​ស្គាល់ ឥឡូវ​ឮ​ថា ឌុច សុភា វិល​ត្រឡប់​មក​ការ​សម្ដែង​វិញ​ហើយ!

  • 2020-10-28 04:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌុច សុភា ដែល​អតីត​ជា​តារា​ស្រី​កំពូល​មួយ​រូប​នោះ បាន​ចាក​ឆ្ងាយ​ពី​ការងារ​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​ទាំង​ការ​សម្ដែង ឬ​ក៏​ចូល​រួម​កម្មវិធី​សិល្បៈ​នានា ក៏​នាង​មិន​សូវ​បាន​ឃើញ​មុខ​នោះ​ដែរ ឥឡូវ​នេះ​មាន​ដំណឹង​ថា តារា​ស្រី​ទម្រង់​មុខ​មាន​មន្ត​ស្នេហ៍​រូប​នេះ បាន​វិល​ត្រឡប់​មក​ការ​សម្ដែង​វិញ​ហើយ។

តម្រុយ​នេះ ក្រោយ​ពី​គេ​បាន​ឃើញ​នាង​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​សម្ដែង​មួយ​យ៉ាង​កម្រ។ រូប​ភាព​ស្ដី​ពី​សកម្មភាព​របស់ សុភា ត្រូវ​បាន​គេ​ឃើញ​ចែក​ចាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក និង​គណនី IG របស់​កញ្ញា ទឹម រដ្ឋា ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។ ប្រិយមិត្ត​មួយ​ចំនួន​បាន​ពោល​ឡើង​ថា រូប​គេ​ខាន​មុខ ឌុច សុភា យូរ​ហើយ ឯ​អ្នក​ខ្លះ​ទៀត​ក៏​ចោទ​សួរ អំពី​ការ​លេច​វត្ត​មាន​របស់​នាង​នា​ពេល​នេះ ថា​តើ​ជា​ការ​វិល​ត្រឡប់​មក​ការ​សម្ដែង​ឬ​យ៉ាង​ណា?

ទោះ​យ៉ាង​នេះ​ក្ដី គេ​មិន​ឃើញ​សាមី​ខ្លួន ឬ​ក៏​ភាគី​ណា​ផ្សេង​បាន​ស្រាយ​ចម្ងល់​ប្រិយមិត្ត​ចំពោះ​រឿង​នេះ​នោះ​ទេ។ ប៉ុន្តែ​គេ​ជឿ​ថា សុភា ទំនង​ជា​វិល​វិញ​មែន ក្រោយ​ពី​នាង​បាន​ឃ្លាត​ឆ្ងាយ​ពី​ការ​សម្ដែង​អស់​រយៈ​ពេល​ដ៏​យូរ។ ចំពោះ​បញ្ហា​នេះ សាមី​ខ្លួន​តារា​ស្រី មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ដៃគូ​ម្នាក់​ដែល​មាន​វត្តមាន​នៅ​ក្នុង​រូបភាព​ជាមួយ​គ្នា គឺ​កញ្ញា ទឹម រដ្ឋា បាន​គូស​បញ្ជាក់​ពី​រឿង​នេះ។

ឌុច សុភា និង រដ្ឋា ក្នុង​រឿង "ម្ដាយ​២"

តាម រដ្ឋា បាន​ឲ្យ​ដឹង​ថា ឌុច សុភា ពិត​ជា​វិល​មក​ការ​សម្ដែង​វិញ​មែន ហើយ​រូប​ភាព​ដែល​ឃើញ​នាង និង សុភា ថត​រួម​គ្នា​នោះ គឺ​ជា​សកម្មភាព​របស់​ពួក​នាង​ក្នុង​ការ​ថត​ភាពយន្ត​ជាមួយ​គ្នា ដែល​រឿង​នោះ​មាន​ចំណង​ជើង​ថា "ម្ដាយ ២"។ រដ្ឋា មិន​បាន​បញ្ជាក់​បន្ថែម​ឡើយ​ថា រឿង​នេះ​ផលិត​ដោយ​អ្នក​ណា ថត​ចប់​ពេល​ណា ដាក់​បញ្ចាំង​ពេល​ណា និង​សូម្បី​តែ​នាង និង សុភា សម្ដែង​ជា​តួ​អ្វី ក៏​តារា​ស្រី​ខ្ពស់​ស្រឡះ​រូប​នេះ មិន​បាន​ទម្លាយ​ដែរ។

ឌុច សុភា បាន​បាត់​មុខ​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ពោល​គឺ​តាំង​ពី​អំឡុង​ឆ្នាំ ២០១៤-២០១៥ ក្រោយ​ពី​នាង​បាន​ចូល​រួម​សម្ដែង​ក្នុង​បទ "Call មក​បង ម៉េច​សុំ​លេខ​គេ" របស់​លោក ព្រាប សុវត្ថិ។ ក្រោយ​មក នាង​ក៏​បាន​វិល​ត្រឡប់​មក​ការ​សម្ដែង​ជា​ថ្មី​នៅ​អំឡុង​ឆ្នាំ ២០១៨ ដោយ​សម្ដែង​ជា​តួអង្គ​នៅ​ក្នុង​រឿង "ផ្កា​ថ្ម" របស់​ទូរទស្សន៍​ហង្សមាស។ បន្ត​មក​ទៀត នាង​ក៏​បាន​ស្ងប់ស្ងាត់​ជា​ថ្មី។

ឌុច សុភា កាល​ពី​ឆ្នាំ ២០១៩

អំឡុង​ពេល​បាត់​មុខ​នេះ យូរ​ៗ​ម្ដង​គេ​ឃើញ​នាង បញ្ចេញ​រូបភាព​ស្ដី​ពី​ជីវិត​ឯកជន​របស់​នាង​នៅ​លើ​គណនី IG។ ចំណុច​ចាប់​អារម្មណ៍ សុភា បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រែ​ប្រួល​រូប​រាង​ស្ទើរ​មិន​គួរ​ជឿ ដោយ​គេ​ឃើញ​នាង​ឡើង​គីឡូ​ច្រើន ដល់​ថ្នាក់​មើល​មិន​ចង់​ស្គាល់។

ប៉ុន្តែ​វិល​មក​ការ​បង្ហាញ​មុខ​ជា​ថ្មី​នេះ គេ​ឃើញ​ថា សុភា បាន​មក​ជាមួយ​នឹង​ភាព​ស្រស់​បំព្រង​ជា​ថ្មី ពោល​គឺ ស្ថានភាព​ឡើង​គីឡូ​ធាត់​ទ្រលុកទ្រលន់​កាល​ពី​ពេល​មុន​នោះ នៅ​ពេល​នេះ គឺ​លែង​មាន​ហើយ។ដូច្នេះ​ហើយ ប្រិយមិត្ត​នៅ​តែ​សរសើរ​ថា តារា​ស្រី​រូប​នេះ នៅ​តែ​មាន​សម្រស់​ស្អាត និង​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ដដែល៕

រូបភាព៖ ហ្វេសប៊ុក សុភា និង រដ្ឋា

អត្ថបទ៖ ទារិកា

មតិយោបល់