• 2020-11-04 04:09:55
  • ព័ត៌មាន

ខាំ ចេន ៖ និយាយ​មែន ខ្ញុំ​ខ្លាច​តែ​ចប់ Project ហ្នឹង បង សាយ គាត់​ចប់​ដែរ​ទេ!

  • 2020-11-04 04:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ពេញនិយម​សម្រាប់​យុវវ័យ ខាំ ចេន ដែល​បាន​ចូល​រួម​រត់​រយៈ​ពេល​ខ្លី​ជាមួយ​លោក អ៊ួន បឋម ហៅ សាយ នៅ​ឯ​ខេត្ត​កោះកុង​កាល​ពី​សប្ដាហ៍​មុន​នោះ បាន​ប្រាប់​ថា លោក​បាន​ឃើញ​បញ្ហា​ប្រឈម​គួរ​ឲ្យ​បារម្ភ​របស់​យុវជន​បេះដូង​ប៉ុន​មហាមេឃ​នេះ។

ចេន លើក​ឡើង​ថា “និយាយ​មែន​បង ទម្រាំ​តែ​ចប់ Project ហ្នឹង ខ្ញុំ​ខ្លាច​តែ រាងកាយ​របស់​បង សាយ ខ្ទេច​ដែរ​ទេ!”។ អតីត​បេក្ខភាព​កម្មវិធី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" រដូវ​កាល​ទី​២ បាន​ទៅ​ចូល​រួម​រត់​ជាមួយ​លោក សាយ ដើម្បី​ចូល​រួម​លើក​ទឹក​ចិត្ត​យុវជន​មក​ពី​ខេត្ត​រតនគីរី​នេះ។ លោក​បាន​រើស​យក​កំណាត់ ផ្លូវ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង​ដែល​ជា​ស្រុក​កំណើត​របស់​លោក ចាប់​ពី​ស្រុក​បុទុមសាគរ ដល់​តាតៃ ដែល​មាន​ចម្ងាយ​ដី​ ៤០គីឡូម៉ែត្រ ដោយ​ត្រូវ​រត់​កាត់​ភ្នំ​ផង។

ត្បិត​ជា​អ្នក​ចូល​ចិត្ត​កីឡា​មួយ​រូប តែ​ម្ចាស់​បទ "ពង​ទា" ប្រាប់​ថា លោក​ខ្លួន​ឯង​បាន​ជួប​បទ​ពិសោធន៍​ជូរចត់​មិន​ធ្លាប់​ជួប។ ចេន ឲ្យ​ដឹង​ថា លោក​រត់​បាន​តែ​ប្រមាណ ៣០គីឡូ លោក​ចាប់​ផ្ដើម​មាន​បញ្ហា​លើ​រាងកាយ ត្រង់​ផ្នែក​ជង្គង់​ខ្លាំង។ "ពេល​ខ្ញុំ​រត់​បាន​ប្រមាណ ៣០គីឡូ មិន​អី​ទេ ប៉ុន្តែ​ប្រមាណ ១០គីឡូ​ចុង​ក្រោយ ខ្ញុំ​គិត​ថា​ជង្គង់​របស់​ខ្ញុំ ខ្ទេចខ្ទី​អស់​ហើយ ចិត្ត​ខ្ញុំ​នៅ​ពេញ​១០០% តែ​រាង​កាយ​ខ្ញុំ​ខ្ទេច​ខ្ទី​អស់​ហើយ!”។

យ៉ាង​ណា​ក៏​ដោយ ដោយ​ការ​តាំង​ចិត្ត​យក​ឈ្នះ​លើ​ខ្លួន​ឯង លោក ខាំ ចេន ប្រាប់​ថា លោក​ប្រឹង​រហូត​ដល់​គោលដៅ​ទាំង​ត្រដាបត្រដួស​បំផុត ដែល​នេះ​ជា​បទ​ពិសោធន៍​ពិបាក​បំផុត​ក្នុង​ឆាក​ជីវិត​របស់​លោក​គិត​ត្រឹម​ពេល​នេះ។ មាន​ពិសោធន៍​ខ្លួន​ឯង​បែប​នេះ​ហើយ ទើប​យុវជន​មក​ពី​ខេត្ត​កោះកុង លើក​ឡើង​ថា លោក​បារម្ភ ខ្លាំង​ចំពោះ​រៀម​ច្បង​ខាង​លើ។ លោក​ថា ទម្រាំ​ដល់​ចប់​គម្រោង​ដ៏​ធំ​នេះ លោក​គិត​ថា រាង​កាយ​របស់ សាយ មិន​ដឹង​ជា​យ៉ាង​ណា​ទេ។

"ខ្ញុំ​ជឿ​ថា អ្នក​ខ្លះ អាច​នៅ​តែ​គិត​ថា អ្វី​ដែល​បង​សាយ​គាត់​ធ្វើ អាច​ត្រឹម​ជា​រូបភាព ប៉ុន្តែ​សម្រាប់​ខ្ញុំ​ដែល​បាន​ទៅ​ចូល​រួម​ផ្ទាល់ ឃើញ​គាត់​ផ្ទាល់...ខ្ញុំ​បារម្ភ​មែន គាត់​ធ្វើ​បាន​ប៉ុណ្ណេះ គឺ​ជា​រឿង​អស្ចារ្យ​ណាស់!”។

ចាប់​តាំង​ពី​បាន​ដំណើរ​ការ​គម្រោង​ដំបូង​កាល​ពី​ថ្ងៃ​ទី ៦ តុលា ២០២០ មក​ដល់​ពេល​នេះ សាយ ម្ចាស់​គម្រោង "Run with Sai for Charity” បាន​រត់​ឆ្លង​កាត់​ខេត្ត​ចំនួន ៧ ហើយ ដែល​មាន​ចម្ងាយ​ដី​សរុប​ប្រមាណ ៧៥០គីឡូ​ម៉ែត្រ។ ដូច​នឹង​ការ​បារម្ភ​របស់​សិស្ស​ប្អូន សាយ ត្រូវ​បាន​គេ​មើល​ឃើញ​បាន​​ជួប​បញ្ហា​បណ្ដើរ​ៗ​ចំពោះ​សុខភាព និង​រាងកាយ ពិសេស​ជើង​ទាំង​ពីរ​គួរ​ឲ្យ​បារម្ភ។

ក្រៅ​ពី​នេះ សាយ បាន​ស្រក​ពី ៦២ គីឡូ​ក្រាម មក​ត្រឹម​៥៤ គីឡូ​ក្រាម រីឯ​ស្បែក​ដែល​ធ្លាប់​ស្រស់ថ្លា បាន​ប្រែ​ជា​ខ្មៅ​គគ្រាត ក្រោយ​ពី​រត់​ហត់​ខ្លាំង​ក្រោម​កម្ដៅ​ថ្ងៃ និង​ហាល​ភ្លៀង​ជា​ច្រើន​ថ្ងៃ​មក។ ត្បិត​ថា​បែប​នេះ ម្ចាស់​គម្រោង​វ័យ ៣០​ឆ្នាំ បញ្ជាក់​ថា លោក​មិន​ផ្លាស់​ប្ដូរ​ផែនការ​ដែល​បាន​គ្រោង​ឡើយ ក្នុង​នោះ​លោក​បាន​ថ្លែង​តាំង​ពី​ដំបូង​ក្នុង​ថ្ងៃ​សន្និសីទសារព័ត៌មាន​នៅ Major Cineplex by Smart។ សាយ៖"បើ​ទោះ​បី​ជា​ខ្ញុំ​លំបាក​វេទនា ឬ​ហត់​ដល់​ស្លាប់ ក៏​មិន​ស្មើនឹង​ក្មេង​ចន្លោះ​ពី​៣០០ ទៅ​៥០០​នាក់ កំពុង​រង់ចាំ​ការ​សង្គ្រោះ​ជីវិត​ពី​គ្រូពេទ្យ នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ដែរ។ ខ្ញុំសប្បាយចិត្ដនៅពេលដែលហ្វេនគិតគូរពីសុខទុកផ្ទាល់ខ្លួនខ្ញុំ តែខ្ញុំចង់ឲ្យបងប្អូនអាណិតក្មេងៗជាងខ្ញុំ ហើយ​ចូល​រួម​បរិច្ចាគ​ទាំង​អស់​គ្នា"។

លោក សាយ តាំង​ចិត្ត​មោះមុត​ក្នុង​យុទ្ធនាការ​ដ៏​ប្រឈម​នេះ ដើម្បីប្រមូលនិធិ​ឲ្យ​បាន ១០០០លាន​រៀល​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ជា​ទី​កន្លែង​កុមារ​កម្ពុជា​ងាយ​រងគ្រោះ​រាប់​ម៉ឺន​នាក់​ពឹងពាក់​អាស្រ័យ។ ចំពោះ​សប្បុរសជន ដែល​ចង់​បរិច្ចាគ​ជា​ទឹកប្រាក់ អាច​បរិច្ចាគ​បាន​តាម​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។

សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់សកម្មភាពរបស់សាយអំឡុង​ពេលរត់ តាមរយៈ​ទំព័រហ្វេសប៊ុក​របស់ Sai, Channel YouTube របស់សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី