• 2020-12-03 12:46:43
  • ព័ត៌មាន

ថោន លេងមែនទែនហើយ ចាប់ដៃជាមួយក្រុមហ៊ុនកម្សាន្តយក្សរបស់មហាសេដ្ឋីថៃផលិតបទចម្រៀង និងភាពយន្តរួមគ្នា

  • 2020-12-03 12:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថោន បានចាប់ដៃធ្វើការរួមគ្នាជាមួយក្រុមហ៊ុនកម្សាន្តយក្សថៃ GMM GRAMMY របស់មហាសេដ្ឋីលំដាប់កំពូលលោក Paiboon Damrongchaitham ដើម្បីធ្វើការរួមគ្នាដើម្បីពង្រីក និងអភិវឌ្ឍន៍វិស័យកម្សាន្តនៅកម្ពុជា។ នេះបើតាមការប្រកាសរួមគ្នារបស់ក្រុមហ៊ុនទាំង២ក្នុងថ្ងៃចុះកិច្ចព្រមព្រៀងពង្រីកទីផ្សារផ្នែកវិស័យសិល្បៈកំសាន្តនារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ។

តំណាងក្រុមហ៊ុនទាំង២ក្នុងពេលចុះកិច្ចព្រមព្រៀង

អគ្គនាយិកាថោនគ្រុបលោកជំទាវ វ៉ា នីតា បានលើកឡើងថា «ផលិតកម្មថោន និង GMM GRAMMY បានចាប់ដៃធ្វើការជាមួយគ្នាដើម្បីផលិតបទចម្រៀង ការសម្តែងកាយវិការ (MV) ការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី និងឈានដល់ការផលិតខ្សែភាពយន្តរួមគ្នា ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការចាប់ដៃគ្នារវាងផលិតកម្មទាំងពីរ ពួកយើងមានគម្រោងធ្វើការជាមួយគ្នាយ៉ាងច្រើន ប៉ុន្តែដោយសារតែបញ្ហាកូវីដ ធ្វើឲ្យពួកយើងមានការពន្យាពេលផលិតកម្មវិធីមួយចំនួន។ ពួកយើងមានភាពជឿជាក់ឆ្លងតាមបទពិសោធន៍កន្លងមក រាល់ស្នាដៃដែលផលិតកម្ម ថោន មិនថាជាបទចម្រៀង ឬខ្សែរភាពយន្តសុទ្ធតែទទួលបានការគាំទ្រពីមហាជនទាំងក្នុង និងក្រៅប្រទេស»។

ការចាប់ដៃគ្នារវាងផលិតកម្ម ថោន និង GMM GRAMMY ច្បាស់ណាស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាពលរដ្ឋថៃ នឹងទទួលបានវប្បធម៌ចែករំលែកបទពិសោធន៍ថ្មី តាមរយៈផ្ទាំងទស្សនីយភាព ផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់ពីតម្លៃនៃគុណភាពសិល្បៈខ្មែរ និងជាពិសេសពលរដ្ឋខ្មែរដែលកំពុងរស់នៅនៅប្រទេសថៃរាប់លាននាក់លែងឯការទៀតហើយ ពួកគាត់នឹងបានទស្សនាកម្មវិធីសិល្បៈ កម្សាន្ត ភាពយន្ត បទចម្រៀង ការប្រគំតន្ត្រី តាមការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈផលិតកម្ម GMM GRAMMY ក្នុងប្រទេសថៃផ្ទាល់។ អ្វីដែលកាន់តែពិសេសទៀតនោះបទចម្រៀង ថោន ដែលសហការជាGMM GRAMMY មានដាក់លក់នៅលើទីផ្សារប្រទេស ថៃ ថែមទៀតផង។

ផលិតកម្ម ថោន និងផលិតកម្ម GMM GRAMMY ចាប់ពីថ្ងៃនេះតទៅ នឹងរួមគ្នាធ្វើទំនើបកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារឲ្យបានទាន់ពេល និងកាន់តែទូលំទូលាយ ជាពិសេសខិតខំសម្រិតសម្រាំង ផលិតកម្មវិធីល្អៗ ឲ្យបានច្រើនដើម្បីបំពេញតាមតម្រូវការទីផ្សារក្នុងស្មារតីទទួលខុសត្រូវ សំដៅរួមគ្នាលើកកម្ពស់វិស័យសិល្បៈឲ្យមានភាពល្បីល្បាញ និងរួមគ្នាការពារគោរពគាំទ្រលើស្នាដៃអ្នកនិពន្ធ និងក្រុមអ្នកផលិតក្នុងន័យការលើកទឹកចិត្ត ផ្តល់តម្លៃម្ចាស់កម្មសិទ្ធ។ បទចម្រៀង និងកម្មវិធីដែលយើងផលិតទាំងអស់នឹងដាក់បញ្ចូលក្នុងបណ្តាញសង្គម YouTube ថ្មីមួយឈ្មោះថា «TOWN x GMM GRAMMY»។ អគ្គនាយិកាថោនបន្ថែម។

សូមបញ្ជាក់ថា GMM GRAMMY គឺជាក្រុមហ៊ុនកម្សាន្តយក្សមួយរបស់ប្រទេសថៃដែលកំពុងក្តោបទីផ្សារវិស័យកម្សាន្តនៅប្រទេសថៃប្រមាណជា៧០ភាគរយ។ ក្រុមហ៊ុននេះត្រូវបានបង្កើតដំបូងនៅឆ្នាំ១៩៨៣ មានទីស្នាក់ការកណ្តាលនៅទីក្រុងបាំងកក មានសហស្ថានិក២នាក់ លោក Paiboon Damrongchaitham និងលោក Rewat Buddhinan (ស្លាប់)។ លោក Paiboon Damrongchaitham ត្រូវបានសារព័ត៌មាន ឭForbes បានចុះផ្សាយថាលោកជាមហសេដ្ឋីលំដាប់ទី៤០ដែលមានទ្រព្យសម្បត្តិច្រើនជាងនៅប្រទេសថៃ គិតត្រឹមឆ្នាំ២០១២ លោកមានទ្រព្យសម្បត្តិសរុប ២០០លានដុល្លារ។

កិច្ចព្រមព្រៀងពង្រីកទីផ្សារផ្នែកវិស័យសិល្បៈកម្សាន្តរវាងផលិតកម្មទាំង២នេះមានការចូលរួមពីតារាចម្រៀងរបស់ផលិតកម្មទាំង២ លោក កូម៉ា លោក ពេជ្រ ថាណា កញ្ញារ៉ាប៊ី តារាចម្រៀងរ៉េប BOB កញ្ញា សាវ៉ាត់ឌី ធីរីកា និងតារាចម្រៀង ស៊ូ ស៊ីរីកាផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់