• 2021-01-13 07:52:38
  • ព័ត៌មាន

ក្នុង​ស្ថានភាព​ជំងឺ​កូវីដដ៏​លំបាក​ប៉ុណ្ណឹង​ហើយ! តារា​ទាំង​៦​ដួង​នេះ នៅ​អាច​បោះ​ទុន​រាប់​ម៉ឺន​ដុល្លារ​រកស៊ី​ទៀត

  • 2021-01-13 07:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ ដែល​បាន​អូស​បន្លាយ​តាំង​ពី​ដើម​ឆ្នាំ​២០២០ រហូត​មក​ដល់​ពេល​នេះ បាន​ធ្វើ​ឲ្យ​វិស័យ​ធុរកិច្ច និង​សេដ្ឋ​ជាតិ នៃ​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន​រង​ផល​ប៉ះពាល់​យ៉ាង​ដំណំ។

និយាយ​ដោយ​ឡែក ចំពោះ​សិល្បករ-សិល្ប​ការិនី​ខ្មែរ​ទាំង​៦​រូប​នេះ នៅ​តែ​មាន​លទ្ធភាព ហើយ​ហ៊ាន​បោះ​ទុន​រាប់​ម៉ឺន​ដុល្លារ ដើម្បី​បើក​ហាង​រកស៊ី​បន្ថែម​លើ​អាជីព​សិល្បៈ​ដែល​អាក់ខាន​ចេញ​ថត ឬ​ច្រៀង​តាំង​ពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២០ រហូត​មក​ដល់​ខែ​មករា ឆ្នាំ​២០២១ នេះ។

១/កំពូល​តារា​ចម្រៀង​កម្ពុជា លោក ព្រាប សុវត្ថិ ដែល​បច្ចុប្បន្ន​កំពុង​ជ្រក​ក្រោម​ផលិតកម្មGalaxy Navatra បាន​បោះ​ទុន​ជិត​ដល់​ខ្ទង់​សែន​ដុល្លារ ដើម្បី​រៀបចំ​រចនា​បទ និង​តុបតែង​ផ្ទះ​ផ្ទាល់​ខ្លួន​នៅ​ក្បែរ​វត្ដ​សំរោង​អណ្ដែត ក្នុង​ខណ្ឌ​សែន​សុខ បង្កើត​ជា​ភោជនីយដ្ឋាន​មួយ​ឈ្មោះ"ផ្ទះ​ព្រាប សុវត្ថិ"។លោក​បាន​បើក​ដំណើរការ​ហាង​នេះ នៅ​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​២០២០។

២/ តារា​ចម្រៀង​ប្រុស​សំឡេង​ស្អក ខេម ដែល​បច្ចុប្បន្ន​លោក​កំពុង​ជ្រក​ក្រោម​ដំបូល​Galaxy Navatra ដែរ​នោះ បាន​បោះ​ទុន​ជាង​២០​ម៉ឺន​ដុល្លារ ដើម្បី​បើក​ភោជនីយដ្ឋាន និង​ផាប់​មួយ​ឈ្មោះ​ថា"T &Y" កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ភោជនីយដ្ឋាន​របស់​លោក​នេះ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ចូល​វត្ដ​សំរោង​អណ្ដែត ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

៣/ ពិធី​ករ​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍ MY Tvគឺ វីជេ ដាដា បាន​បើក​ភោជនីយដ្ឋាន និង​ផាប់​មួយ​កន្លែង​ឈ្មោះ"GM" មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​សាលាACE ក្នុង​ខណ្ឌ​ដូនពេញ។ ចំពោះ​ទំហំ​ទឹក​ប្រាក់​ដែល​លោក​បាន​បោះ​ទុន​វិនិយោគ​នោះ មិន​ត្រូវ​បាន​សាមី​ខ្លួន​បញ្ចេញ​ឡើយ ប៉ុន្តែ​ប្រភព​ខ្លះ​បង្ហើប​ថា មិន​ក្រោម​២​ម៉ឺន​ដុល្លារ​ឡើយ។ ភោជនីយដ្ឋាន និង​ផាប់ នេះ បាន​បើក​ថ្ងៃទី៩ ខែ​តុលា ឆ្នាំ​២០២០។

៤/ ពិធី​ករ សុខ រ៉ាស៊ី។ លោក​បាន​បើក​អាជីវកម្ម​ចំនួន​ពីរ​ផ្ទួន​ៗ​គ្នា គឺ​ទី១​លោក​បើក​ហាង​លក់​សម្លៀក​បំពាក់​ឈ្មោះ"7 Men Fashion" និង​ទី២ បើក​អាហារដ្ឋាន​ឈ្មោះ"MC Place Resturant and Lounge។ ហាង​លក់​សំលៀកបំពាក់ និង​ភោជនីយដ្ឋាន​ដែល​បោះ​ទុន​ក្បែរ​សែន​ដុល្លារ​នេះ បាន​បើក​ដំណើរការ​នៅ​អំឡុង​​ខែ វិច្ឆិកា ឆ្នាំ​២០២០។

៥/ តារា​សម្ដែង​ស្រី​វ័យ​ក្មេង គីម ហួរ បាន​បើក​ភោជនីយដ្ឋាន និង​ផាប់​ឈ្មោះ"អឹមហ្វាយ" កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០២០។ ភោជនីយដ្ឋាន និង​ផាប់ ដែល​ចំណាយ​ទុន​ខ្ទង់​ម៉ឺន​ដុល្លារ​នេះ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

៦/ ពិធី​ការិនី ដួង ហ្សូរីដា បាន​បើក​ហាង​បាយ និង​កាហ្វេ​មួយ​ឈ្មោះ​"Tube Coffee"។ ប្រភព​មួយ​បញ្ជាក់​ថា ហាង​នេះ​បោះ​ទុន​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​ឡើយ។ ហាង​នេះ បាន​បើក​ដំណើរការ​កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ឫស្សីកែវ ។

ក្រៅ​ពី​តារា​ទាំង​៦​ដួង ដែល​បាន​ងាក​ពី​ការងារ​សិល្បៈ​មក​បើក​ហាង​រកស៊ី​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ-១៩ វាយ​លុក​នេះ​ក៏​មាន​តារា​មួយ​ចំនួន​ទៀត​ដែរ​ដែល​បាន​ត្រៀម​បើក​ហាង​រកស៊ី គឺ​មាន​ដូច​ជា៖ តារា​សម្ដែង​ស្រី សូដា នីតា និង​តារា​ចម្រៀង​ស្រី សេន ជូរី ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់