• 2021-01-18 08:58:17
  • ព័ត៌មាន

អបអរសាទរ យឿន ពិសី រៀប​ការហើយ​ជាមួយ នារី​​ដ៏​ស្រស់​ស្អាត​ម្នាក់!

  • 2021-01-18 08:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​កំពុង​ជាប់​កុងត្រា​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស យឿន ពិសី ត្រៀម​ចេញ​ទៅ​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​ភរិយា​ដែល​ទើប​រៀបការ​កាល​ពី​យប់មិញ​នៅ​ខេត្ត​មណ្ឌល​គីរី និង​ខេត្ត​មួយ​ចំនួន​ទៀត។ ទន្ទឹម​គ្នា​នេះ​លោកបង្ហើប​ថា រូប​លោក និង​ភរិយា បាន​ពិភាក្សា​គ្នា​រួច​ហើយ​ថា​នឹង​ពង្រីក​មុខរបរ​របស់​ខ្លួន​ឲ្យ​បាន​កាន់តែធំ​ ឬ​កាន់​តែ​រឹងមាំ​សិន ទើប​យក​បុត្រ។

តារា​ចម្រៀង​វ័យ​២១​ឆ្នាំ​រូប​នេះ បាន​ប្រាប់ Sabay នៅ​រសៀល​ថ្ងៃ​ទី១៨ ខែ​មករា ថា បច្ចុប្បន្ន​រូប​លោក​មាន​ស្ទូឌីយោ​តូច​មួយ រីឯ​ភរិយា​ក៏​មាន​ហាង​សាឡន​តូច​ល្មមមួយ​ដែរនៅ​ក្នុង​ផ្សារ​មួយ ប៉ុន្តែ​ប្រភព​ចំណូល​ទាំង​ពីរ​នេះ​មិន​អាច​ធ្វើ​ឲ្យ​គ្រួសារ​លោក​រុងរឿង ឬ​មាន​លទ្ធភាព​រក​បុត្រ​បាន​នៅ​ឡើយ​ទេ។

យឿន ពិសី៖"អត់​បាន​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស​អី​ទេ​បង​អើត...បាន​តែ​ក្នុង​ប្រទេស​ហ្នឹង! ព្រោះ​ពួក​ខ្ញុំ​សាមញ្ញ​ៗ។ ក្រោយ​រៀបការ​អីចឹង​ចង់​ទុក​លុយ​ធ្វើ​ទុន​រក​ស៊ី​បាន​ច្រើន​បន្តិច ព្រោះ​ខ្ញុំ​ខាង​ស្ទូឌីយោ ហើយ​ប្រពន្ធ​ខ្ញុំ​ខាង​សាឡន"។

សូម​រំលឹក​ថា អតីត​ម្ចាស់​ជយលាភី​លេខ​១​ក្នុង​កម្មវិធី"Cambodia got Talent" ឆ្នាំ​២០១៥ បាន​រៀបការ​ជាមួយ​នារី​ដ៏​ស្រស់​សោភា​ម្នាក់​ឈ្មោះ ហេង កក្កដា មាន​មុខរបរ​ជា​អ្នក​សំអាង។ ពិធី​មង្គល​នេះ បាន​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ថ្មគោល​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មាន​ភ្ញៀវ​សិល្បករ-សិល្ប​ការិនី និង​បងប្អូន​ចូល​រួម​ពិសា​ភោជនីយាហារ​ចំនួន​៣៧​តុ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់