• 2021-01-26 09:20:05
  • ព័ត៌មាន

មោទកភាព​ជួស ទី​បំផុត សាយ ទទួល​ពានរង្វាន់​​​ដែល​​រូប​គេ​សម​នឹង​ទទួល​បានហើយ​នៅ​ថ្ងៃ​នេះ

  • 2021-01-26 09:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ួន បឋម ដែល​ជា​ផ្ដើម​កម្មវិធី "រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ" ទទួល​ពាន​រង្វាន់​វីរៈ​យុវជន​ឆ្នាំ​២០២០ ពី​សមាគម​អន្ដរជាតិ​យុវជន និង​សិស្ស​និស្សិត​ដើម្បី​សន្តិភាព នៅ​រសៀល​ថ្ងៃទី២៦ ខែ​មករា នេះ ក្រោម​អធិបតីភាព​របស់​ប្រធាន​សមាគម​លោក​ តាំង គីមស្រ៊ុយ និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោកជំទាវ ជូ ប៊ុនអេង។

តារា​ចម្រៀង និង​សម្ដែង​លោក អ៊ួន បឋម ហៅ​សាយ និយាយ​ថា រូប​លោក​ពិត​ជាមាន​សេចក្ដី​សោមនស្ស​រីករាយ និង​នឹកស្មាន​មិន​ដល់​ថា​បាន​ទទួល​ពាន​រង្វាន់​នេះ​ឡើយ។ លោក និង​ក្រុម​ការងារ រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ផ្ដើម​គំនិត​ថ្មីៗ​ជួយ​ដល់​សង្គមជាតិ ហើយ​ពាន​រង្វាន់​លើក​នេះ​មិនមែន​សម្រាប់​តែ​លោក​ម្នាក់​នោះ​ទេ គឺ​សម្រាប់​យុវជន​កម្ពុជា។

ទាក់ទង​នឹង​កម្មវិធី​ប្រគល់ និង​ទទួល​ពាន​រង្វាន់​នេះ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោកជំទាវ ជូ ប៊ុនអេង បាន​កោតសរសើរ​ចំពោះ​វីរភាព​របស់​សាយ​ក្នុង​ការ​រត់​ចម្ងាយ​ផ្លូវ​ដល់​ទៅ​ជាង​២០០០​គីឡូ​ម៉ែត្រ ដោយ​ប្រើ​ពេល​តែ​៩៩​ថ្ងៃ ដើម្បី​រៃអង្គាស​ថវិកា​ទៅ​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។ លោក​ជំទាវ បន្ថែម​ថា សាយ ពិត​ជា​មាន​វីរភាព​ដូច​ឈ្មោះ"បឋម" មែន គឺ​អ៊ួន បឋម ជា​យុវជន​កម្ពុជា​ដំបូង​គេ​ចេះ​ផ្ដើម​គំនិត​ជួយ​សង្គម​តាម​រយៈ​សកម្មភាព​រត់​របស់​ខ្លួន។

ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ប្រមាណ​៥០​នាក់ ក្នុង​កម្មវិធី​ប្រគល់ និង​ទទួល​ពាន​រង្វាន់"វីរ​យុវជន​ឆ្នាំ​២០២០ ដល់​សាយ នា​​សណ្ឋាគារ​មួយ​នា​រាជធានី​ភ្នំពេញ ថ្ងៃ​នេះ ប្រធាន​សមាគម​អន្តរជាតិ​យុវជន និង​សិស្ស​និស្សិត​ដើម្បី​សន្តិភាព​លោក​បណ្ឌិត តាំង គីមស៊្រុយ បញ្ជាក់​ថា ពានរង្វាន់​នេះ​ពិត​ជា​មាន​អត្ថន័យ​ខ្លាំង​ណាស់​សម្រាប់​យុវជន​ដែល​មាន​វីរភាព​ជួយ​សង្គម​ជាតិ។ ពានរង្វាន់​នេះ តែង​តែ​ធ្វើ​ការ​ប្រគល់​ជូន​ដល់​វិរ​យុវជន​ល្បីៗ​ជាង​៥០​ប្រទេស នៅ​លើ​ពិភព​លោក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ និងប៉ាវ ស្រីពេជ្រ

មតិយោបល់