• 2021-01-29 07:58:07
  • ព័ត៌មាន

គួរឱ្យស្ញប់ស្ញែង! ម្ចាស់​បទ "នឹក​ខ្លាំង​ណាស់" ឆ្លងកាត់ភាពជូរចត់តស៊ូពី Assistant កាម៉េរ៉ា ក្លាយជាអ្នកដឹកនាំរឿង

  • 2021-01-29 07:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាន ខាវ ជាអតតីបេក្ខជន Cambodia Idol រដូវកាលទី២ ហើយ​លោក​បានធ្វើឱ្យ មហាជនគ្រប់ស្រទាប់ស្គាល់រូបលោកតាមរយៈស្នាដៃ Original Song ជាច្រើនហើយបទដែលទទួល បានការគាំទ្រ និងផ្ទុះចាប់អារម្មណ៍ខ្លាំងនោះគឺបទ "នឹកខ្លាំងណាស់” និងបទ "លាទាំងញញឹម”។

យ៉ាងណាមិញទស្សនិកមួយចំនួនមិនធ្លាប់បានដឹងទេថាក្រៅពីវិស័យចម្រៀងបច្ចុប្បន្នកម្លោះអ្នកបាត់ ដំបងរូបនេះ ក៏ជាអ្នកដឹកនាំរឿង(Director)ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN និង MY TV មួយរូបផងដែរ។ ហើយបច្ចុប្បន្ននេះអាចនិយាយបានថា ខាន ខាវ បានជោគជ័យមួយកម្រិតលើក្ដីស្រមៃ និងគោលដៅ របស់ខ្លួន ក្រោយ​ជោគជ័យខ្លាំងលើស្នាដៃដឹកនាំរឿង "ទេពធីតាព្កុលមាស” កំពុង​ចាក់បញ្ចាំងលើទូរទស្សន៍ CIN ហើយរឿងថ្មីមួយទៀតគឺ "នគរមាស” ដែលសព្វថ្ងៃកំពុងដំណើរការថត។

នេះ​ជា​សមិទ្ធផល​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​បក​ទៅ​រឿង​រ៉ាវ​ពី​អតីតកាល​របស់​ ខាន ខាវ លោក​ឆ្លង​កាត់​ការ​តស៊ូ​ខ្លាំង​មុន​បាន​មក​ដល់ចំណុច​នេះ។ លោក​បានរៀបរាប់ប្រាប់ Sabay ពីដំណើរជីវិតដែលបានជួប ប្រទះ ភាពលំបាកជូរចត់ តស៊ូទម្រាំមានថ្ងៃនេះថា "ខ្ញុំបានប្រឡូកក្នុងវិស័យភាពយន្ដនេះតាំងពី ឆ្នាំ ២០១៥ នៅឯស្រុកកំណើត លុះដល់ឆ្នាំ២០១៦ ខ្ញុំបានចាកឆ្ងាយពីផ្ទះឈានជើងលើទឹកដី​ថ្មីនៃ រាជធានីភ្នំពេញ។ បើនិយាយពីការពិបាកមានច្រើនណាស់ ដោយសារ ខ្ញុំជាអ្នកនៅខេត្តហើយមាន ជីវភាព ខ្វះខាតនៅពេលដែលឡើងមកភ្នំពេញត្រូវពឹងពាក់លើខ្លួនឯង​ទាំង​ស្រុង"។

អ្នក​បាត់​ដំបង​បាន​ប្រាប់​ថា កាល​នៅ​ស្រុក​កំណើត ដោយ​សារ​ជីវភាព​ខ្វះ​ខាត តែ​ចង់​ចេះ​ចង់​ដឹង លោក​បាន​ទៅសុំ​អង្គការ​ដើម្បីបានរៀន​ភ្លេង។ លុះ​រៀន​ចេះ​ចាំ​ហើយ នៅ​ឆ្នាំ ២០១៦ ក៏​សម្រេច​ផ្សង​ព្រេង​ឡើង​មក​ភ្នំពេញ ជា​ពេល​លោក​បាន​ជួប​បញ្ហា​ប្រឈម​ថ្មី​ទៀត គឺ​អត់​មាន​កន្លែង​ស្នាក់។ ដូច្នេះ​ដើម្បី​ដោះស្រាយ លោក​បាន​សម្រេច​ទៅ​សុំបងជីដូនមួយម្នាក់​ដើម្បី​ស្នាក់​នៅជាមួយ។

ចំណេរ​ត​មក គឺ​លោក​ដេក​គិត ដើរ​គិត​រក​វិធី​ចាក​ចេញ​ពិ​ភាព​លំបាក រហូត​ដល់​ពេលខ្លះ លោក​លែង​ខ្វាយខ្វល់​ពី​ខ្លួន​ឯង​ថែម​ទៀត។ ទី​បំផុត លោក​បាន​ចាប់​ផ្ដើម​ការងារ​ដំបូង​ជា​ជំនួយ​ការកាមេរ៉ា​។

”ខ្ញុំពិតជាពិបាកខ្លាំងសម្រាប់ អភិវឌ្ឍខ្លួន​ដំបូង​ឡើយ ខ្ញុំធ្វើជាជំនួយការកាម៉េរ៉ា ទម្រាំតែអាចកាន់ កាម៉េរ៉ាខ្លួនឯងបាន បន្ទាប់មកខ្ញុំ ចាប់ផ្ដើមចេះសរសេរ សាច់រឿង ក៏ក្លាយជាជំនួយការអ្នកដឹកនាំរឿង រហូតមក ទើបក្លាយជាអ្នកដឹកនាំរឿងមកដល់ពេលបច្ចុប្បន្ន"។ យ៉ាង​ណា​លោក​ថា លទ្ទផលពេល​នេះ គឹ​ទើប​តែ​បាន​ប្រមាណ​៣០% លើ​អ្វី​ដែល​លោក​ប៉ង ពោល​គឹ​មាន​រឿង និង​មេរៀន​ថ្មី​ជា​ច្រើន​ទៀតត្រូវ​រៀន​បន្ថែម។

ត្បិត​ថា អាជីព​ជា​អ្នក​ដឹកនាំ​បាន​រីក​ចម្រើន ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មាន​គេ​ស្គាល់​ច្រើន គឺ​តាមរយៈ​បទ​ចម្រៀង​ទៅ​វិញ។ ខាន ខាវ ចាប់​ផ្ដើម​គេ​ស្គាល់​ច្រើន​តាម​រយៈ​បទ​ចម្រៀង​មួយ​ចំនួន​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ផ្ទាល់ ហើយ​លោក​ច្រៀង​ខ្លួន​ឯង​ថែម​ទៀត គឺ​បទ "នឹក​ខ្លាំង​ណាស់" និង​បទ "លា​ទាំង​ញញឹម" ជាដើម។

ខាន ខាវ បញ្ជាក់​ថា លោក​អ្វី​ៗ កំពុង​ដើរ​ទន្ទឹម​គ្នា​ល្អ ហើយ​លោក​នឹង​មិន​បោះបង់​ចោល​មួយ​ណា​ទេ​នៅ​ពេល​ខាង​មុខ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់
អត្ថបទថ្មី