• 2021-01-30 12:00:09
  • ព័ត៌មាន

សាយ៖ កម្មវិធី "RUN WITH SAI" បានបញ្ចប់មែន តែកិច្ចការ​សង្គម និងមនុស្សធម៌ នៅតែ​បន្ត!

  • 2021-01-30 12:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ ឬ RUN WITH SAI ត្រូវ​បាន​បិទ​បញ្ចប់​ជា​ផ្លូវការហើយ។ នៅក្នុង​កម្មវិធី​បិទបញ្ចប់ ដែលរៀបចំ​ឡើង​នៅ​រោងភាពយន្ត Major Cineplex by Smart នាល្ងាចថ្ងៃទី៣០ ខែមករានេះ សាយបាន​ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រ​ និងចូលរួមបរិច្ចាគ​ក្នុង​កម្មវិធីនេះ តាំងពីដើមរៀងមក។ បន្ថែមលើនេះ សាយ ក៏បានលើកទឹកចិត្ត​ឲ្យពុកម៉ែបងប្អូន បន្ត​ចូលរួម​បរិច្ចាគ​ទៅកាន់មន្ទីរពេទ្យកុមារ​អង្គរ ក៏ដូចជា​ចូលរួម​ធ្វើកិច្ច​សង្គម និងការងារ​មនុស្ស​ធម៌​ផ្សេងទៀត​ជាបន្តបន្ទាប់ផងដែរ។

សូមអាន​សារ​ទាំងស្រុងរបស់សាយ ដូចខាងក្រោមនេះ៖

កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ បានមកដល់ទីបញ្ចប់ជាផ្លូវការហើយ។ សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសបងប្រធាន ហ៊ុន ម៉ានី និង បង សប្បាយណា ដែលបានជ្រោមជ្រែង ផ្តល់ជាអនុសាសន៍ ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងមកដល់កម្មវិធីមួយនេះ ក៏ដូចជារូបខ្ញុំផ្ទាល់ ក្នុងការដំណើរការកម្មវិធីនេះ តាំងពីគ្រាន់តែជាគំនិតដំបូង រហូតឈានដល់ការអនុវត្តដោយជោគជ័យនៅទីបញ្ចប់។ អរគុណដល់ក្រុមការងារអមដំណើរជាមួយខ្ញុំដែលស្ម័គ្រចិត្តស្លាប់រស់ជាមួយគ្នាក្នុងរយៈពេលកន្លងមកនេះ អរគុណដល់ក្រុមគ្រួសារសមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ទូទាំងប្រទេស ដែលបានចូលរួមយ៉ាងសកម្មតាំងពីការបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ការសម្របសម្រួល ការគិតគូរផ្ដល់ទីកន្លែងស្នាក់នៅ និងការហូបចុក។ អរគុណដល់អាជ្ញាធរដែនដីទូទាំងប្រទេសដែលយើងបានឆ្លងកាត់ក្នុងការគាំទ្រ សម្របសម្រួល បរិច្ចាគ ដល់កម្មវិធីយើងខ្ញុំ អរគុណដល់សមត្ថកិច្ចដែលបានជួយសម្រួលមធ្យោបាយធ្វើដំណើរតាំងពីដើមរហូតដល់ចប់យ៉ាងសុវត្ថិភាព អរគុណដល់មន្ទីរពេទ្យកុមារអង្គរដែលបានទុកចិត្តនិងចូលរួមក្នុងព្រឹត្តិការណ៍នេះ អរគុណដល់ក្រុមហ៊ុន Sabay ដែលបានចូលរួមសហការផ្សព្វផ្សាយ អរគុណដល់អ្មកឧបត្ថម្ភកម្មវិធីទាំងផ្លូវការ និងទាំងមិនផ្លូវការ អរគុណដល់ពុកម៉ែ​បង​ប្អូនប្រជាពលរដ្ឋកម្ពុជាដែលបានចូលរួមបរិច្ចាគ ក៏ដូចជាការគាំទ្រនិងការផ្តល់នូវកន្លែងស្នាក់នៅ និងទទួលបាយទឹក។ កម្មវិធីយើងខ្ញុំឈានមកដល់ទីបញ្ចប់ហើយ តែកិច្ចការងារសង្គមយើងនៅតែបន្តហើយយើងនឹងមានកិច្ចការងារសង្គមផ្សេងៗទៀតក្នុងពេលឆាប់ៗនេះ។ យើងខ្ញុំសូមលើកទឹកចិត្តឲ្យពុកម៉ែបងប្អូននៅតែបន្តចូលរួមបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាការចូលរួមធ្វើកិច្ចការងារសង្គមនិងការងារមនុស្សធម៌ផ្សេងៗជាបន្តបន្ទាប់។ ជាចុងក្រោយសូមអរគុណដល់ប្រជាជនកម្ពុជាដែលបានយកចិត្តទុកដាក់មកលើកម្មវិធីរបស់យើងនិងសូមជូនពរឲ្យទទួលបាននូវសេចក្តីសុខ សុខភាពល្អ និងសម្រេចបានគ្រប់ភារកិច្ច។

គួររំលឹកផងដែរថា សាយ បាន​បញ្ចប់​ការ​រត់ជុំវិញ​ប្រទេស​កម្ពុជា រយៈពេល ៩៧ថ្ងៃ លើចម្ងាយផ្លូវ ២៤០៨គីឡូម៉ែត្រ ដោយ​ទទួលបាន​ប្រាក់​បរិច្ចាគ​ជូន​មន្ទីរពេទ្យកុមារអង្គរចំនួនជិត កន្លះលានដុល្លារ។ កម្មវិធីនេះ មិនត្រឹមតែអាច​ជួយ​សង្រ្គោះជីវិត​កុមារ​ជាច្រើន​នាក់ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បានបញ្ជាក់ពីការចេះជួយគ្នា​របស់ខ្មែរ ហើយក៏ជាការជម្រុញ​ឲ្យ​ប្រជាជន​ខ្មែរ​ ជាពិសេស​យុវជន ចាប់ផ្ដើម និងបន្ត​ការងារសង្គម​ជា​បន្តបន្ទាប់ទៀតផងដែរ។ ការលះបង់របស់សាយ ត្រូវបាន​សមាគម​អន្ដរជាតិ​យុវជន និង​សិស្ស​និស្សិត​ដើម្បី​សន្តិភាព ទទួលស្គាល់ និងបានផ្ដល់ពានរង្វាន់ "​វីរៈ​យុវជន​ឆ្នាំ​២០២០" ដល់សាយផងដែរ កាលពីពេលថ្មីៗកន្លងទៅ៕

មតិយោបល់