• 2021-02-08 08:38:57
  • ព័ត៌មាន

តោះ...ដឹងចម្លើយ​ហ្សីន​របស់​នាយ កុយ ក្រោយ​ពី​វ៉ាក់សាំង​ការពារជំងឺ​កូវីដ-១៩ មក​ដល់​កម្ពុជា!

  • 2021-02-08 08:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​វ័យ​ចំណាស់​លោក ជួង ជី ហៅ​នាយ​កុយ នៅ​តែ​រក្សា​ជំហរ​ថា​លោក​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ បើ​គ្រូ​ពេទ្យ​ជំនាញ​ថា​លោក​អាច​ចាក់​បាន ប៉ុន្តែ​គិត​មក​ដល់​ឆ្នាំ​២០២១​នេះ លោក​មាន​វ័យ​៦៤​ឆ្នាំ​ទៅ​ហើយ​ដែល​វ៉ាក់សាំង​ឈ្មោះ​"SARS-CoV-2 របស់​ក្រុមហ៊ុន​ចិន Sinopharm មិន​អាច​ចាក់​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៥៩​ឆ្នាំ​បាន។

នាយ​កុយ បាន​ប្រាប់ Sabay នៅ​រសៀល​ថ្ងៃទី៨ ខែ​កុម្ភៈ ថា បើ​ផ្អែក​ទៅ​លើ​អាយុ​របស់​លោក​មិន​អាច​ចាក់​បាន តែ​លោក​នឹង​ប្រាប់​កូន​ចៅ និង​សាច់​ញាតិ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ដែរ បើ​វ៉ាក់សាំង​នោះ​មាន​ទូលំទូលាយ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ហើយ​នោះ។

នាយ​កុយ៖"ចំពោះ​ខ្ញុំ​ឲ្យ​តែ​សម្ដេច​លោក​ថា​វ៉ាក់សាំង​មក​ហើយ​ត្រូវ​តែ​ចាក់...គឺ​ចាក់​ហើយ តែ​មុន​នឹង​ចាក់​ក៏​យើង​ត្រូវ​ពិនិត្យ​សុខភាព​ដែរ ព្រោះ​យើង​អាយុ​ច្រើន​ក្រែងលោ​ប៉ះពាល់​សុខភាព​អីចឹង​ទៅ​ណា។ បើ​គេ​ថា​ខ្ញុំ​ចាក់​បាន ខ្ញុំ​ត្រូវ​តែ​ចាក់​ហើយ ព្រោះ​យើង​ជា​មនុស្ស​របស់​មហាជន ហើយ​សូម​ឲ្យ​បងប្អូន​មាន​ទំនុកទុកចិត្ត​លើ​វ៉ាក់សាំង​នេះ"។

ការ​បញ្ជាក់​របស់​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ គឺ​បន្ទាប់​ពី​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ របស់​ក្រុមហ៊ុន​ចិន Sinopharm ចំនួន​៦០​ម៉ឺន​ដូស បាន​ដឹក​តាម​យន្តហោះ​មក​ដល់​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃទី៧ ខែ​កុម្ភៈ ឆ្នាំ​២០២១។ សម្ដេច​តេជោ ហ៊ុន សែន ធ្លាប់​ណែនាំ​ថា នាយ​កុយ​គួរ​តែ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​នេះ​មុន​គេ ដើម្បី​មាន​ទីផ្សារ​សិល្បៈ​កាន់​តែ​ខ្ពស់។ ភ្លាមៗ​នោះ​នាយ​កុយ បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​ថា លោក​នឹង​ចាក់ ហើយ​លោក​ពិត​ជា​មាន​កិត្តិយស​ដែល​ទទួល​បាន​ការ​ណែនាំ​ពី​សម្ដេច៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់