• 2021-02-17 03:35:33
  • ព័ត៌មាន

សិល្បករពីរនាក់ចេញមុខចាក់វ៉ាក់សាំងSinopharm មុនគេ ស្រាប់តែនាយ​ក្រឹម ថាទៅចាក់នៅថ្ងៃនេះដែរ

  • 2021-02-17 03:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៧ ខែ​កុម្ភៈ នេះ មាន​តារា​សម្ដែង​ប្រុស​ពីរ​ដួង​ហើយ​បាន​ចាក់​វ៉ាក់សាំង​Sino Pharmដើម្បី​ការពារ​ជំងឺ​កូវីដ-១៩។ តារា​ទាំង​ពីរ​ដួង​នោះ គឺ​លោក យុត្ថារា ឆានី និង​លោក ថមមី ដែល​ជា​ស្វាមី​របស់​តារា​ចម្រៀង​សួស វីហ្សា។

លោក ថមមី បាន​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី១៥ ខែ​កុម្ភៈ។ រីឯ​តារា​សម្ដែង​ជើង​ចាស់ យុត្ថារ៉ា ឆានី វិញ​បាន​ចាក់​វ៉ាក់សាំង​ដូច​គ្នា​នេះ​នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ម្សិលមិញ។ តារា​ទាំង​ពីរ​ដួង​ដែល​មាន​តួនាទី​នៅ​ក្នុង​ជួរ នៃ​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស​ដូច​គ្នា​នេះ បាន​បង្ហោះ​រូប​ថត​ពួកគេ​ពេល​កំពុង​ទទួល​វ៉ាក់សាំង​ទៅ​កាន់​មហាជន​ទៀត​ផង។

ងាក​មក​តារា​កំប្លែង​ជើងចាស់ អ៊ូ ប៊ុណ្ណារ៉ាត់ វិញ។ បន្ទាប់​ពី​ប្រកាស​ទទួល​ស្គាល់​គុណភាព​វ៉ាក់សាំង​Sinopharm របស់​ចិន​ពី​សំណាក់​តារា​កំប្លែង​រូប​នេះ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ នៅ​ថ្ងៃ​នេះ​លោក​សម្រេចចិត្ត​ចេញ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ដែរ​ហើយ បើ​ទោះ​បី​ជា​អាយុ​របស់​លោក​លើស​លក្ខខណ្ឌ​តម្រូវ។ លោក​និយាយ​តាម​បណ្ដាញ​សង្គម​Facebook ផ្ទាល់​ខ្លួន​កាល​ពី​ម្សិលមិញ​ថា៖"ស្អែក​ទៅ​ចាក់​វ៉ាក់សាំង​Sinopharm ហើយ។ អគុណ សន្តិភាព!"។

នាយ​ក្រឹម ធ្លាប់​និយាយ​ថា វ៉ាក់សាំង​Sinopharm របស់​ចិន មាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ អាច​ជឿ​ទុកចិត្ដ​បាន។ បើ​ទោះ​បី​លោក​មាន​វ័យ​៦០​ឆ្នាំ​ទៅ​ហើយ​ក្ដី​ក៏​លោក​នៅ​តែ​បន្ត​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​Sinopharm ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ។ ការ​លើក​ឡើង​នេះ​ក៏​មិន​ខុស​ពី​តារា​កំប្លែង​រួម​ជំនាន់ គឺ​លោក ជួង ជី ហៅ​នាយ​កុយ​ដែរ ដោយ​លោក​ប្រកាស​ថា​ត្បិតថា​ពេល​នេះ​លោក​មាន​វ័យ​៦៤​ឆ្នាំ​ទៅ​ហើយ ក៏​លោក​នៅ​តែ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នេះ​ដែរ។​ ជាក់ស្ដែងនៅថ្ងៃម្សិលមិញ លោកបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩​លើកទី១ រួចហើយ នៅបញ្ជាការដ្ឋានកងអង្គរក្ស៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់