• 2021-02-17 04:16:59
  • ព័ត៌មាន

លើក​ទឹក​ចិត្ត​គ្នាផង! យុវជន​មាន​ប្រវត្តិ​កម្សត់ថា ស្ទើរ​១​ជីវិត​ហើយ ទើប​ស្គាល់​លុយ​ពាន់​ដុល្លារ​ប៉ុន្មាន​ខែ​នេះ​ទេ!

  • 2021-02-17 04:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​មាន​ប្រវត្តិ​កម្សត់កម្រ​មក​ពី​ខេត្ត ពោធិ៍សាត់ ចាប់​ផ្ដើម​ស្គាល់​លុយ​ពាន់​ដុល្លារ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​កេរ្តិ៍​ឈ្មោះ​ចាប់​ផ្ដើម​មាន​គេ​ស្គាល់ ហើយ​វីដេអូ​ចម្រៀង​របស់​លោក​បង្ហោះ​លើ​យូធូប​មាន​អ្នក​ចូល​ទស្សនា និង​ស្ដាប់​ច្រើន។

លុយ ពាន់​ដុល្លារ វិចិត្រ ប្រាប់​ថា គឺ​បាន​ពី​ឆាណែល​យូធូប​របស់​លោក ដែល​បច្ចុប្បន្ន​មាន​អ្នក​ចុច​តាម​ដាន(Subscribe) ចំនួន 150k។ វិចិត្រ ដែល​ដើម​ឡើយ ស្ទើរ​គ្មាន​ទី​ពឹង ដោយ​សារ​គ្រួសារ​អត្តខាត់​ពេក សូម្បី​តែ​ផ្ទះ​ក៏​គ្មាន​ជ្រក​នោះ បាន​ប្រាប់​ថា លោក​ចាប់​ផ្ដើម​ធ្វើ​យូធូប ប្រមាណ​ជាង ១​ឆ្នាំ​មុន ដោយ​សារ​តែ​ពេល​នោះ លោក​មិន​ដឹង​ថា ពឹង​ពាក់​អ្វី ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ភាព​ទីទ័ល​បាន។

មុន​ចាប់​ផ្ដើម លោក​បាន​សិក្សា​ពី​យូធូប និង​បាន​ដឹង​ថា បណ្ដាញ​សង្គម​មួយ​នេះ​ពិត​ជា​អាច​រក​លុយ​បាន។ ដូច្នេះ​ហើយ ក៏​ដាក់​ចិត្ត​ធ្វើ​វីដេអូ ដែល​យក​ចេញ​ពី​សកម្មភាព​ច្រៀង​ប្រចាំ​ថ្ងៃ​របស់​លោក​នៅ​កន្លែង​ការងារ​តែ​ម្ដង យក​មក​បង្ហោះ​ក្នុង​ឆាណែល​របស់​ខ្លួន។ ទោះ​យ៉ាង​ណា ដូច​ដាំ​ដើម​ឈើ​អីចឹង​ដែរ គឺ​មិន​បាន​ផល​ភ្លាម​ទេ ក្នុង​នោះ​យុវជន​កម្សត់ ប្រាប់​ថា វីដេអូ​ចម្រៀង​របស់​លោក​ដាក់​ទៅ​ក្នុង​ឆាណែល​នោះ​ច្រើន ប៉ុន្តែ​មិន​មាន​អ្នក​មើល​សោះ។

“ខ្ញុំ​ចេះ​តែ​គិត​ថា ធ្វើ​ម៉េច​ទៀត ហើយ​ក្រោយ​មក​មាន​មិត្តភ័ក្ដិ​ប្រាប់​ថា ធ្វើ​ដាក់​កន្លែង​ណា​ដែល​គេ​លេង​ច្រើន គឺ Tik Tok ហើយ​ខ្ញុំ​ក៏​សាក​ធ្វើ​ដាក់​ទៅ ហើយ​មែន ក៏​ចាប់​ផ្ដើម​ផ្ទុះ​ខ្លាំង​តាម​រយៈ​បទ ឧបសគ្គ​ស្នេហ៍ និយាយ​ទៅ ដោយ​សារ Tik Tok បាន​គេ​ស្គាល់​ខ្ញុំ​ច្រើន...”។

បន្ទាប់ពី​ត្រូវ​បាន​គេ​ស្គាល់​នៅ​លើ​បណ្ដាញ​សង្គម​របស់​ចិន​មក យុវជន​សំឡេង​ក្រអួន​ក្រអៅ ប្រាប់​ថា ប្រិយមិត្ត​ដែល​ជា​អ្នក​គាំទ្រ​លោក​ជា​ច្រើន​បាន​ចូល​មក​ចុច​តាម​ដាន​លើ​ឆាណែល និង​ទស្សនា​បទ​ចម្រៀង​របស់​លោក​ច្រើន​ឡើង​ៗរៀងរាល់​ថ្ងៃ។ ដោយ​ឡែក​បទ "ឧបសគ្គ​ស្នេហ៍" ដែល​ជា​ដើម​ចម​នាំ​លោក​ឲ្យ​មាន​ប្រិយមិត្ត​ស្គាល់​ច្រើន​នោះ មក​ដល់​បច្ចុប្បន្ន មាន​អ្នក​ចូល​ស្ដាប់​ជិត ១០លាន​ដង​ហើយ។

ស្ថានភាព​នេះ បាន​ជួយ​ផ្លាស់​ប្ដូរ​ជីវិត​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​ពោធិ៍សាត់​ស្ទើរ​ទាំង​ស្រុង។ លោក​ថា ពី​មុន​ឡើយ លោក​មិន​ដែល​ស្គាល់​លុយ​ពាន់​ដុល្លារ​សោះ​ឡើយ សំអាង​លើ​ការងារ​ជា​អ្នក​យាម​ផ្ទះ​សំណាក់​ឲ្យ​គេ​បាន​ប្រាក់​ខែ ៤០ដុល្លារ នោះ តែ​លុយ​ហូប​បាយ​ប្រចាំ​ថ្ងៃ លោក​មិន​មាន​គ្រប់​គ្រាន់​ផង។ លោក​ថា នៅ​ចាំ​ពេល​មួយ​លោក​មាន​ជំងឺ ហើយ​អត់​មាន​លុយ​នៅ​ហ្នឹង​ខ្លួន​១រៀល ពេល​នោះ​ដេក​គិត ត្រូវ​ធ្វើ​យ៉ាង​ណា។

តែ​ចុង​ក្រោយ​ក៏​សម្រេច​ចិត្ត​ទៅ​ពេទ្យ​សិន ព្រោះ​សុខភាព​កាន់​តែ​ធ្វើ​ទុក្ខ​ខ្លាំង​ហើយ។ លុះ​ក្រោយ​មក​ទៀត បាន​មក​ធ្វើ​ជា​តារា​ចម្រៀង​ប្រចាំ Sky Bar ក្នុង​ភោជនីយដ្ឋាន "ស្លា​មាស" លោក​អាច​រក​ប្រាក់​បាន​ច្រើន​ជាង​មុន​ក៏​ពិត​មែន តែ​គ្រាន់​តែ​អាច​ជួយ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​សម្រាប់​ការ​ចាយ​វាយ តែ​មិន​មាន​សល់​អី​ដុំ​កំភួន​ដែរ។ "និយាយ​ទៅ​គឺ​ទើប​តែ​ប៉ុន្មាន​ខែ​មុន​នេះ​ទេ យូធូប​ខ្ញុំ​បាន​លុយ​គួរ​សម ខ្ទង់​ពាន់​ដុល្លារ​ដែរ​បង ទើប​បាន​២ ៣ខែ​ហ្នឹង"។ វិចិត្រ ថ្លែង។

មក​ដល់​បច្ចុប្បន្ន សួ វិចិត្រ បាន​រក​ឃើញ​ពន្លឺ​ជីវិត​ថ្មី​ខ្លះ​ៗ ក្រោយ​ពី​បាន​ហែល​ទុក្ខ​លំបាក​ប្រមាណ ២០​ឆ្នាំ​មក​ហើយ ។ លោក​ថា លោក​អាច​រក​កម្រៃ​ពី​ការ​ចេញ​ច្រៀង​តាម Affair ផ្សេង​ៗ​ខ្លះ​ទៀត ក្នុង​នោះ ១ខែ​លោក​អាច​ចេញ​ច្រៀង​បាន ២ ៣ កម្មវិធី​ដែរ ដែល​ប្រាប់​ថា រីករាយ​ណាស់ និង​សង្ឃឹម​ថា ពុក​ម៉ែ​បង​ប្អូន​នៅ​តែ​អាណិត​ស្រឡាញ់ ហើយ​លោក​នឹង​រឹត​តែ​ដុះខាត់​សមត្ថភាព​ច្រៀង​បន្ថែម​ទៀត។

សួ វិចិត្រ គឺ​ជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដោយ​ម្ដាយ​ជា​អ្នក​លក់​នំ​បញ្ចុក។ គ្រួសារ​របស់​លោក បាន​រស់​បែក​ខ្ញែក​គ្នា​២០​ឆ្នាំ​ហើយ ក្រោយ​អ្នក​មាន​គុណ​ទាំង​ពីរ​បាន​លែងលះ​គ្នា ហើយ​ម្ដាយ​ទៅ​ធ្វើ​ពលករ​នៅ​ថៃ ឪពុក​ក៏​រស់​ក្នុង​ភាព​អស់​សង្ឃឹម។ ឯ​លោក និង​ប្អូន​ស្រី​តូច​ៗ​ពីរ​នាក់ រស់​នៅ​កណ្ដោច​កណ្ដែង​គួរ​ឲ្យ​ស្រណោះ​កណ្ដាល​វដ្ដសង្សារ​ល្វឹងល្វើយ។

រូបភាព៖ ហ្វេសប៊ុក វិចិត្រ

យ៉ាង​ណា​នៅ​មាន​ភ័ព្វ​ខ្លះ លោក​នឹង​ប្អូន​ៗ​បាន​ការ​យក​អសារ​ពី​ជីតា​ម្នាក់​ដែល​ជា​អ្នក​ដទៃ​សុទ្ធសាធ។ វិចិត្រ តស៊ូ​ច្រើន​ណាស់​ជាមួយ​ការងារ​ផ្សេង​ដូច​ជា​ដើរ​លេង​ភ្លេង​ការ ច្រៀង និង​យាម​ផ្ទះ​សំណាក់​ជា​ដើម។ លោក​គ្មាន​ផ្ទះ​ស្នាក់​ទេ ពោល​គឺ​ធ្វើ​ការ​កន្លែង​ណា​ដេក​កន្លែង​នោះ​កាល​ពី​អតីត ហើយ​មក​ទល់​បច្ចុប្បន្ន ក៏​លោក​នៅ​តែ​មិន​ទាន់​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី