- 2021-02-25 03:53:12
- ព័ត៌មាន
ម្ដាយធម៌ស្រីអូន ចេញមុខមកថា ខ្លួននឹងដាច់បាយស្លាប់ បើនៅតែមានយល់ច្រឡំ
- 2021-02-25 03:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយធម៌ស្រីអូន ចេញមុខមកថា ខ្លួននឹងដាច់បាយស្លាប់ បើនៅតែមានយល់ច្រឡំ
ចន្លោះមិនឃើញ
តារាសម្ដែងជើងចាស់អ្នកស្រី ញឹម សុខា ត្រូវជាម្ដាយធម៌របស់អ្នកនាង នួន សុន្ទរី ហៅស្រីអូនសម្រស់ធម្មជាតិ បានអំពាវនាវដល់ម្ចាស់ផលិតកម្ម ឬផលិតករភាពយន្តទាំងអស់ដែលធ្លាប់ជួលអ្នកស្រីថតគួរហៅអ្នកស្រីចេញថតឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈធ្វើឲ្យប៉ះពាល់ដល់ជីវភាពអ្នកស្រីកាន់តែធ្ងន់ធ្ងរ ដោយម្ចាស់ផលិតកម្មទាំងនោះគិតថាគាត់មានជីវភាពធូរធារទៅហើយ។
នៅក្នុងបទសម្ភាសន៍មួយរបស់លោក អ៊ឹម ជីវ៉ា ជាមួយតារាសម្ដែងស្រីវ័យចំណាស់ ញឹម សុខា កាលពីថ្ងៃទី២៤ ខែកុម្ភៈ អ្នកស្រីនិយាយថា អ្នកស្រីទទួលរងនូវពាក្យនិន្ទា និងយល់ច្រឡំជាច្រើន ក្រោយពីបានក្លាយជាម្ដាយធម៌របស់អ្នកនាង ស្រីអូន ដោយអ្នកខ្លះនិយាយថាអ្នកស្រីត្រូវបានកូនធម៌ផ្ដល់លុយចិញ្ចឹមប្រចាំខែយ៉ាងក្រាស់ក្រែល ថែមទាំងទិញឡាន និងផ្ទះទាំងល្វែងឲ្យទៀត ប៉ុន្តែអ្វីដែលមហាជននិយាយតៗគ្នានេះគឺខុសពីការពិតជាក់ស្ដែងទាំងស្រុង ហើយវាបានធ្វើឲ្យអ្នកស្រីកាន់តែលំបាកថែមទៀត។
អ្នកស្រី ញឹម សុខា បញ្ជាក់ថា ទំនាក់ទំនងកន្លងមកជាមួយកូនធម៌ អ្នកស្រីទទួលបានប្រាក់ចំនួន២លានរៀលដើម្បីសង់ថ្លៃបន្ទប់ជួលគេ ហើយកូនធម៌ក៏បានជួលបន្ទប់ស្នាក់នៅម្ដុំស្ទឹងមានជ័យតម្លៃ៨០ដុល្លារក្នុង១ ឲ្យអ្នកស្រីស្នាក់នៅបាន២ខែ ក្រោយមកទៀតគឺអ្នកស្រីពុំដែលទទួលបានការឧបត្ថម្ភអ្វីទៀតឡើយ។
អ្នកស្រី ញឹម សុខា៖"បានជួយប៉ុណ្ណេះ! ខ្ញុំអរគុណណាស់ ហើយអាណិតកូនណាស់...ព្រោះឃើញរវល់ការងាររកពេលហូបបាយស្ទើរតែមិនបាន ហើយខ្ញុំក៏មិនចង់ឲ្យកូនមានបន្ទុកបន្ថែមលើខ្ញុំដែរ តែខ្ញុំចង់ឲ្យផលិតកម្មហៅខ្ញុំទៅថតវិញផង ព្រោះខ្ញុំស្ទើរដាច់បាយហើយបើអត់មានចំណូលខ្លួនឯង"។
អ្នកស្រីសង្កត់ធ្ងន់ថា អ្នកស្រិចេញមុខមកនេះ មិនចង់ឲ្យទោសអ្នកណាទេ ពិសេសកូនធម៌តែម្ដង ពោលគឺមានតែអគុណ និងដឹងគុណ ដែលបានជួយមួយរយៈកាលកន្លងមក។ ប៉ុន្តែអ្នកស្រីថា គ្រាន់តែចង់លាងជម្រះការយល់ច្រឡំ ដែលថា អ្នកស្រីបានកូនធម៌ជាអ្នកមានហើយ ជីវិតរស់នៅសុខស្រួលហើយ មិនត្រូវការថតសម្ដែងទៀតនោះទេ។
ចំណុចចុងក្រោយនេះហើយ ដែលធ្វើឲ្យអ្នកស្រីលំបាក ព្រោះថា មិនមានផលិតករ ឬអ្នកដឹកនាំភាពយន្តណា ហៅអ្នកស្រីថតសម្ដែងបន្តទៀត ជាហេតុធ្វើឲ្យបាត់ចំណូលស្ទើរទាំងស្រុង។ ដូច្នេះហើយ គ្រានេះ អ្នកស្រីសូមអំពាវនាវឲ្យផលិតករ អ្នកដឹកនាំរឿងនានា ហៅអ្នកវិញផង ព្រោះនេះជាកាតព្វកិច្ចអ្នកស្រី និងមិនឲ្យបន្ទុកលើកូនធម៌ឡើយ។
ជុំវិញការលើកឡើងរបស់អ្នកស្រី ញឹម សុខា ដែលជាម្ដាយធម៌ម្នាក់ក្នុងចំណោម៣នាក់ជាសិល្បការិនីវ័យចំណាស់មានជីវភាពខ្វះខាត ត្រូវបានអ្នកនាង នួន សុន្ទរី ហៅស្រីអូន ទទួលធ្វើជាម្ដាយធម៌កាលពីពេលថ្មីៗនេះ Sabay មិនទាន់អាចទាក់ទងអ្នកនាង នួន សុន្ទរី ដើម្បីសូមការឆ្លើយតបចំពោះការលើកឡើងនេះបាននៅឡើយទេ គិតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ នេះ៕