- 2021-03-09 08:42:31
- ព័ត៌មាន
មិននឹកស្មានថា កាមេរ៉ា១គ្រឿង អាចផ្លាស់ប្ដូរវាសនា ផាន់ រុង ដូចមេឃហើយនឹងដី
- 2021-03-09 08:42:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មានថា កាមេរ៉ា១គ្រឿង អាចផ្លាស់ប្ដូរវាសនា ផាន់ រុង ដូចមេឃហើយនឹងដី
ចន្លោះមិនឃើញ
អ្នកនិពន្ធ និងជាតារាសម្ដែងទើបរះថ្មីក្នុងវិស័យសិល្បៈ គឺលោក ផាន់ រុង បានរលាស់ខ្លួនចេញពីភាពខ្វះខាត និងមិនសូវមានគេរាប់អាន ក្លាយទៅជាមនុស្សស៊ីវិល័យថ្លៃថ្នូរបានយ៉ាងលឿន ហើយមានប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារថែមទៀតក្នុង១ខែៗ។ អ្វីៗដែលផាន់ រុង កំពុងមាន គឺកើតចេញពីកាមេរ៉ា១គ្រឿង។
ផាន់ រុង ដែលមានរូបសម្បត្តិមិនសូវសមសួន តែមានទេពកោសល្យខាងសម្ដែង និងទឹកចិត្តអំណត់ខ្ពស់ បាននិយាយថា កាមេរ៉ាថតវីដេអូម៉ាក Gopro តម្លៃ៣៨០ដុល្លារ គឺមានតម្លៃខ្លាំងណាស់សម្រាប់រូបលោក ព្រោះវាកើតចេញពីការសន្សំដ៏លំបាក នៅគ្រាដែលម្ដាយលោកផ្ញើប្រាក់ពីស្រុកកំណើតនាខេត្តបន្ទាយមានជ័យដើម្បីសិក្សានៅភ្នំពេញក្នុង១ខែជិត២០០ដុល្លារ ប៉ុន្តែលោកបានឆ្លៀតកិបលុយខ្លះដែលត្រូវចំណាយលើថ្លៃបន្ទប់ជួល និងការហូបចុកប្រចាំថ្ងៃ ដើម្បីទិញវា។
លោកបង្ហើបថា ខែខ្លះលោកសន្សំបានតែចន្លោះពី៣០០០រៀល ទៅ៨០០០រៀលប៉ុណ្ណោះ ក្នុង១ខែ ហើយលោកបានចំណាយពេលជាងបីឆ្នាំ ទើបសន្សំលុយគ្រប់ទិញវាបាននៅឆ្នាំ២០២១៨ ហើយកាមេរ៉ាមួយនេះ ត្រូវបានយកទៅប្រើក្នុងការថតបទមួយដំបូងគេ គឺបទ"Dj ស្រុកស្រែ"។
ផាន់ រុង៖"ពេលលាក់លុយគាត់(ម្ដាយ)អីចឹង ខ្ញុំមានអារម្មណ៍ថាអាណិតគាត់ តែខ្ញុំមិនសោកស្ដាយណាស់ណាទេ ព្រោះកាមេរ៉ានេះហើយដែលទាញខ្ញុំឲ្យមហាជនបានស្គាល់ ហើយខ្ញុំក៏រកលុយបានច្រើនគួរសមដែរពីវា"។
ផាន់ រុង បញ្ជាក់ថា បច្ចុប្បន្នរូបលោក និងក្រុមការងារបានទិញកាមេរ៉ាថ្មី និងទំនើបមួយគ្រឿងទៀតហើយ ប៉ុន្តែលោកថាមិនដែលសូម្បីតែគិតថាចង់បោះបង់កាមេរ៉ាចាស់នេះចោល គឺនៅតែថែទាំ និងប្រើជានិច្ចកាល។ ចាប់តាំងពីលោកប្រឡូកចូលក្នុងសិល្បៈតាមរយៈផលិតរឿងបែបអប់រំបង្កប់នូវឈុតឆាកកំប្លែងទទួលបានការគាំទ្រយ៉ាងច្រើនពីប្រិយមិត្ដ។ ចម្រៀងដែលល្បីរបស់លោក គឺបទ"Dj ស្រុកស្រែ" និងរឿងល្បីចុងក្រោយនេះគឺរឿង"អាអត់ការងារធ្វើ" និងអារហាម"៕