• 2021-03-18 09:58:08
  • ព័ត៌មាន

មិន​បាច់​ឲ្យ​ឆ្ងល់​ទៀត បញ្ញា សិទ្ធិ ប្រាប់​ទាំង​អស់​អាការ​ដំបូង​របស់​កូវីដ១៩ កើត​លើ​លោក​ផ្ទាល់

  • 2021-03-18 09:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក បញ្ញា សិទ្ធិ បាន​ភ្លាត់​ក្លាយ​ជា​ជន​រង​គ្រោះ​ម្នាក់​ទៀត​ក្នុង​ចំណោម​សិល្បករ​ខ្មែរ​ជា​ច្រើន​របស់​ជំងឺ​កូវីដ១៩ ដោយ​លោក​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កាល​ពី​ថ្ងៃ​ទី ១៧ មីនា កន្លង​ទៅ ហើយ​នៅ​ថ្ងៃ​នេះ​លោក​បាន​ចេញ​មក​បញ្ជាក់​ពី​អាការ និង​ស្ថានភាព​របស់​លោក​ក្រោយ​សម្រាក​ព្យាបាល​បាន​២ថ្ងៃ។

ដូច​នឹង​ការ​អះអាង​របស់​រៀម​ច្បង ណុប បាយ៉ារិទ្ធិ ដែល​បាន​ចេញ​មក​និយាយ​ទាំង​ទឹក​ភ្នែក​ថ្មី​ៗ​នេះ លោក បញ្ញា សិទ្ធិ បាន​បង្ហើប​ថា លោក​ពិត​ជា​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​ណាស់ ក្នុង​វេលា​ទប់ទល់ និង​ព្យាបាល​មេរោគ​សាហាវ​២​ថ្ងៃ​មក​នេះ។ ដូច្នេះ​ហើយ ទើប​លោក​ចេញ​មុខ​នា​ពេល​នេះ ជំរុញ​ឲ្យ​មិត្ត​ភ័ក្តិ​សិល្បករ និង​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ យក​ចិត្ត​ទុក​ដាក់​ការ​ពារ​ខ្លួន កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឆ្លង​ដូច​លោក។

“ឃើញ​តែ​គេ​ផុស​ថា កូវីដ​វា​អីចេះ​អីចុះ តែ​មិន​នឹក​ស្មាន​ថា ខ្ញុំ​ខ្លួន​ឯង​ធ្លាក់​ខ្លួន​ជា​ជំងឺ​កូវីដ​អីចឹង​សោះ...តាំង​ពី​កើត​ជំងឺ​នេះ​មក ខ្ញុំ​គិត​ច្រើន ភ័យ​ខ្លាច...ខ្លាច​បំផុត​គឺ​ខ្លាច​ឆ្លង​ទៅ​ប៉ា​ម៉ាក់​ខ្ញុំគាត់​សុទ្ធ​តែ​ចាស់​ៗ​អស់​ហើយ ខ្ញុំ​ក្មេង​ផង នៅ​ទប់​វា​មិន​ចង់​ជាប់ ទម្រាំ​គាត់​ចាស់ៗ...អីចឹង​ហើយ អ្វី​ដែល​ខ្ញុំ​ផ្ដាំ​ផ្ញើ​បំផុត គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ការពារ​ខ្លួន​ឲ្យ​ជាប់​លាប់ សំខាន់​បំផុត គឺ​ម៉ាស់ កុំ​ប្រហែស តែ​១នាទី​ទេ អាច​នឹង​មាន​វិប្បដិសារី​ដូច​ខ្ញុំ​អីចឹង!”។

លោក បញ្ញា សិទ្ធិ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​កាល​ពី​ថ្ងៃ​ទី១៧ មីនា។ មុន​ពេល​រក​ឃើញ តារា​ប្រុស​ប្រាប់​ថា លោក​មាន​អាការ​មួយ​ចំនួន​​ដូច​នឹង​ជំងឺ​ផ្ដាសាយ ពោល​គឺ​ដំបូង​ឡើយ លោក​ស្ងួត​ក និង​ចេះ​តែ​ស្រេក​ទឹក។ អាការ​ផ្សេង​ទៀត គឺ​លោក​ឈឺ​ក្បាល​ងំ តែ​មិន​ឈឺ​ខ្លាំង​ទេ។ ស្ថានភាព​បែប​នេះ លោក​ក៏​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩ ហើយ​លទ្ធផល​ចេញ​មក​លោក​ពិត​ជា​មាន​វា​មែន។

មក​ដល់​បច្ចុប្បន្ន បញ្ញា សិទ្ធិ ប្រាប់​ថា លោក​មាន​អាការ​អស់​កម្លាំង ដោយ​សារ​តែ​រាគ​(១ថ្ងៃ ៤-៥ដង) និង​ឈឺ​ក្បាល​តិច​ៗ។ ស្ថានភាព​នេះ​កើត​ឡើង​ជា​ប្រក្រតី​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​ពេល​យប់​ធ្វើ​ទុក្ខ​ខ្លាំង។ លោក ថ្លែង​ថា "ពេល​ថ្ងៃ អត់​សូវ​អី​ទេ វា​ធ្វើ​ទុក្ខ​តែ​ពេល​យប់...ពេល​យប់​ជួន​វា​ឡើង​កំដៅ​ខ្លាំង ៣៨-៣៩​អង្សា ហើយ​រាគ​ទៀត និយាយ​ទៅ​គឺ​វា​ធ្វើ​ទុក្ខ​ពេល​យប់​ខ្លាំង!”។

ដូច្នេះ​ហើយ តារា​ប្រុស​នៅ​ក្រឿន​រំលឹក​ជា​ថ្មី​ថា សូម​ចូល​រួម​ការពារ និង​ទប់​ស្កាត់ ដោយ​ការ​ពាក់​ម៉ាស​ឲ្យ​ជាប់ និង​លាង​ដៃ​នឹង​អាល់កុល ឲ្យ​ញឹក៕

អត្ថបទ៖ ទារិកា

មតិយោបល់