• 2021-03-24 03:53:31
  • ព័ត៌មាន

អតីត​តារា​សម្ដែង លឹម ឡានី ប្រាប់​ពី​មូលហេតុ​ដែល​ខ្លួន និង​កូន​ប្រុស​អាក់ខាន​ចេញ​ទៅ​រស់នៅ​បារាំង

  • 2021-03-24 03:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​របស់​អតីត​តារា​សម្ដែង​ស្រី លឹម ឡានី និង​កូន​ប្រុស ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ដើម​ឆ្នាំ​២០២២ ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ-១៩។ ឡានី ធ្លាប់​ប្រកាស​ថា​រូប​នាង និង​កូន​ប្រុស​នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​ជា​អចិន្ត្រៃយ៍​នៅ​ចុង​ឆ្នាំ​២០២០ ហើយ​កំណត់​រយៈ​ពេល​ពី​៥ ទៅ​១០​ឆ្នាំ​ទើប​មក​លេង​ស្រុក​ខ្មែរ​ម្ដង។

អតីត​ជា​តារា​សម្ដែង​ល្បីឈ្មោះ និង​ជា​គ្រូ​បង្ហាត់​ផ្នែក​ដើរ​ម៉ូត លឹម ឡានី បាន​ប្រាប់​Sabay នៅ​ថ្ងៃទី២៤ ខែ​មីនា ថា ការ​ឆ្លង​រាតត្បាត​ជា​សកល នៃ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​មិន​ទាន់​​បើក​ឲ្យ​មានការ​សម្ភាសន៍​ចេញ​ទៅ​រស់នៅ​ប្រទេស​គេ ខណៈ​ដែល​ប្រទេស​បារាំង​កំពុង​ជួប​បញ្ហា​នេះ​ធ្ងន់ធ្ងរ​ដែរ។

លឹម ឡានី៖"រឿង​ចេញ​ទៅ​បារាំង​ដែល​ខ្ញុំ​ប្រាប់​បង​ឯង​នោះ ឥឡូវ​ខាង​ប្រទេស​បារាំង​គេ​Lockdown ហើយ...អីចឹង​ខ្ញុំ​ត្រូវ​រង់ចាំ​រហូត​ដល់​គេ​បើក​វិញ គឺ​ពេល​ដែល​ស្ថានភាព​ជំងឺ​កូវីដ-១៩ ស្ងប់ស្ងាត់​ទាំង​នៅ​កម្ពុជា និង​ប្រទេស​បារាំង​ផ្ទាល់"។

ឡានី ធ្លាប់​បញ្ជាក់​ថា ការ​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​នេះ គឺ​មិនមែន​ទៅ​រស់នៅ​ជាមួយ​ស្វាមី ឬ​បុរស​បរទេស​ណា​ម្នាក់​នោះ​ទេ គឺ​ទៅ​រស់នៅ​ជាមួយ​សាច់ញាតិ និង​អ្នក​ស្គាល់​គ្នា។ ឡានី ថា​ពេល​នេះ​នាង​នៅ​ទំនេរ ហើយ​កូន​ប្រុស​ដែល​នាង​ទទួល​បាន​នេះ គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បុរស​ដែល​នាង​ទិញ​មេ​ជីវិត​ដើម្បី​ពពោះ​នោះ​ឡើយ។

លឹម ឡានី ដែល​សម្រេច​ទិញ​មេ​ជីវិត​ពី​បុរស​បរទេស​ម្នាក់ ដើម្បី​មាន​កូន​ប្រុស​ដោយ​គ្មាន​ឪពុក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ បាន​បាត់​មុខ​ពី​សិល្បៈ​តាំង​ពី​ឆ្នាំ​២០១៤ ក្រោយ​ពី​អ្នកនាង​ថត​រឿង"ហនុមាន" ជាមួយ​តារា​សម្ដែង​ជើង​ចាស់ សាវិន ហ្វីលីប។ បន្ទាប់​ពី​បាត់មុខ​ជា​ច្រើន​ឆ្នាំ ស្រាប់​តែ​នៅ​ឆ្នាំ​២០២០ នាង​ចាប់​ផ្ដើម​មាន​ប្រស្រ័យ​ទាក់ទង​ជាមួយ​អ្នក​សិល្បៈ​ឡើង​វិញ ដោយ​បាន​បង្ហាញ​មុខ​កូន​ប្រុស​ដែល​ពេល​នេះ​មាន​វ័យ​ជាង​២​ឆ្នាំ​ជា​ញឹកញាប់​នៅ​ក្នុង​កម្មវិធី​ជួបជុំ​ផ្សេងៗ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់