• 2021-04-27 03:04:55
  • ព័ត៌មាន

ក្រឡេក​មក​នេះ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​២​រូប កំពុង​ជួប​ការ​ប្រឈមខ្លាំង ឥឡូវ​យុវជន​មួយ​ក្រុម រៀប​ចំ​បង្កើត​កម្មវិធីតន្ត្រី​មនុស្សធម៌​ដើម្បី​រក​មូលនិធិ

  • 2021-04-27 03:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ-សិល្ប​ការិនី​ខ្មែរ​វ័យ​ក្មេង​មួយ​ក្រុម បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​ប្រគំតន្ត្រី​ចាប៉ី​ដង​វែង​ដែល​នឹង​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​Facebookនៅ​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០២១។ កម្មវិធី​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​សុំ​ជំនួយ​ពី​សប្បុរសជន​ទៅ​ជួយ​ដល់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ពីរ​រូប​ដែល​បាន​បាត់​បង់ចំណូល​ទាំង​ស្រុង​ជិត​២​ឆ្នាំ​មក​ហើយ។

យុវជន​មួយ​ក្រុមនោះ​មាន លោក យឹង យន ថន សីម៉ា និង​លោក នូ សំណាង ជា​ដើម។ តាម​លោក យឹង យន ប្រាប់ ​Sabay នៅ​ថ្ងៃ​នេះ​ថា ព្រឹទ្ធាចារ្យ​ចម្រៀង​ចាប៉ី​ដង​វែង​ទាំង​ពីរ​រូប​នោះ គឺ​មាន​លោក ង៉ាំ ងូ និង​លោក សៅ អៀង ដែល​ពួកគាត់​មាន​វ័យ​ជរា និង​មាន​សុខភាព​មួយថ្ងៃកាត់មួយថ្ងៃកោរ។ ពួក​គាត់ បាន​បាត់​បង់​ចំណូល​ទាំង​ស្រុង​ខ្ទង់​ជិត​២​ឆ្នាំ​មក​នេះ ដោយ​សារ កូវីដ១៩ ធ្វើ​ឲ្យ​ពួក​គាត់​លំបាក​ខ្លាំង។

ដោយ​មើល​ឃើញ​ដូច្នេះ ផ្សំ​នឹង​លោក​ទាំង​ពីរ​មាន​វ័យ​ជរា​ផង កូន​ចៅ​មិន​មាន​ជីវភាព​ធូរធារ​ផង ទើប​ក្រុម​លោក​សម្រេច​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ជួយ​ដោះ​ទុក្ខ​គាត់​មួយ​គ្រាហ៍ មុន​ពេល​ឈាន​ទៅ​ជួយ​សិល្បករ​ចាស់​ជរា​ផ្សេង​ទៀត។

យឹង យន៖"តាម​ពិត​ទៅ​សិល្បករ​យើង មាន​ការ​លំបាក​ច្រើន​គ្នា​មិនមែន​មាន​តែ​លោក​តាទាំង​ពីរ​ទេ! តែ​ដោយ​សារ​ទី​១​គាត់​ចាស់ សុខភាព​មួយ​ថ្ងៃ​កាត់ មួយ​ថ្ងៃ​កោរ ហើយ​កូន​ចៅ​ក៏​ជីវភាព​ពីបាក ក៏​សម្រេច​ថា ជ្រើស​រើស​រក​វិធី​ជួយ​ពួក​គាត់​មុន​ទៅ!"។

យោង​តាម​ខិត្ដប័ណ្ណ​ផ្សព្វផ្សាយ​មួយ​បង្ហោះ​ដោយ​ក្រុម​តារា​ចម្រៀង យឹង យន កម្មវិធី​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៧ ដល់​ម៉ោង​៨​យប់ ថ្ងៃ​ទី៣០ ខែ​មេសា។ កម្មវិធី​នេះ នឹង​ផ្សាយ​តាម​Page Facebook លោក យឹង យន តែ​ម្ដង។ ដើម្បី​ចូល​រួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌​នេះ ក្រុម​លោក យ៉ឹង យន បាន​ដាក់​លេខ​ទូរស័ព្ទ និង​កុង​ធនាគារ​ដើម្បី​ឲ្យ​សប្បុរសជន​ចូល​រួម គឺ​លេខ០១៧ ៧៧២ ៥៤៩ និង​០១៦ ៦៧៨ ៣៧០៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់