• 2021-04-27 03:15:25
  • ព័ត៌មាន

ហ៊ឹម...លឺ​ហើយ​អាសូរ​ណាស់ ស៊ិន ឧត្តម​ផល្លា និយាយ​ខ្សាវៗ ៖ ខ្ញុំ​មិន​ដឹង​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ!

  • 2021-04-27 03:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ច្រើន​ភាសា ស៊ិន ឧត្តម​ផល្លា បាន និង​កំពុង​ធ្វើ​ឲ្យ​មិត្ត​រួម​អាជីព​ជា​ច្រើន បារម្ភ និង​អាណិត​អាសូរ ក្រោយ​មាន​ដំណឹង​ថា តារា​ស្រី​រូប​នេះ បាន និង​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ជាមួយ​នឹង​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ ស្រប​ពេល​សាមី​ខ្លួន​ពោល​ថា ខ្លួន​មិន​ដឹង​ថា​គង់វង្ស​បាន​យូរ​ប៉ុណ្ណា​នោះ​ទេ។

“ដឹង​យ៉ាង​ម៉េច​ទេ ខ្ញុំ​មិន​ដឹង​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ...!” ស៊ិន ឧត្តម​ផល្លា បាន​ប្រឹង​ឆ្លើយ​តប ក្នុង​សំឡេង​ខ្សាវ​ៗ​ស្ទើរ​ស្ដាប់​មិន​លឺ។

ស៊ិន ឧត្តម​ផល្លា ទើប​នឹង​បើក​ទំលាយ​ពី​ស្ថានភាព​សុខ​ភាព​របស់​ខ្លួន​នា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រោយ​ពី​នាង​បាន​ព្យាយាម​លាក់​បាំង​អស់​រយៈ​ពេល​យ៉ាង​យូរ។ ដើម​ឡើយ តារា​ចម្រៀង​រូប​នេះ បាន​បាត់​មុខ​ពី​សិល្បៈ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់។ ក្រោយ​មក នាង​បាន​ចេញ​មុខ​ម្ដង​តាម​រយៈ​រូបភាព​​សន្លឹក ដែល​បង្ហាញ​ថា នាង​កោរ​សក់​បួស​សង​គុណ​ម្ដាយ។

កាល​នោះ ផល្លា ដែល​មិន​សក់​មួយ​សរសៃ​លើ​ក្បាល មិន​មាន​បំណង​បង្ហាញ​មុខ​នោះ​ទេ ប៉ុន្តែ​នាង​បង្ខំ​ចិត្ត​ចេញ​មក​ទាត់​ចោល​ចចាមអារ៉ាម​ថា នាង​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ក្រុម Dara Entertainment។ លុះ​មក​ដល់​ដើម​ឆ្នាំ ២០២១ នាង​បាន​ចេញ​មុខ​ម្ដង​ទៀត ជាមួយ​រូប​ប៉ុន្មាន​សន្លឹក​ទៀត ដែល​គេ​មើល​ឃើញ​ថា មុខមាត់​របស់ ផល្លា មាន​សភាព​ខ្មៅ​ខុស​ពី​ធម្មតា រហូត​ដល់​សាមី​ខ្លួន​ចេញ​មុខ​មក​អះអាង​ទៀត​ថា ដោយ​សារ​តែ​នាង​ថត​នៅ​ទី​ខ្វះ​ពន្លឺ ទើប​ឃើញ​មុខ​ខ្មៅ​ដូច្នេះ។

ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ផល្លា បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត និង​មិត្ត​រួម​អាជីព​មួយ​ចំនួន​តក់​ស្លុត ក្រោយ​ពី​នាង​បាន​បើក​ទំលាយ​ថា នាង​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​ទៅ​ហើយ។ មិត្ត​រួម​អាជីព​ជា​ច្រើន បង្ហាញ​នូវ​ការ​អាណិត​អាសូរ និង​បាន​ចូល​មក​ជួយ​លើក​ទឹក​ចិត្ត​តារា​ស្រី​គ្រប់​ៗ​គ្នា ក្នុង​នោះ​គេ​ឃើញ​មាន​លោក យ៉ែម សំអូន មេ​ក្រុម​របស់​នាង និង​អតីត​តារា​ចម្រៀង ឌីកាន សុភនាថ ជា​ដើម។

ជុំ​វិញ​ស្ថានភាព​សុខភាព​របស់​នាង ផល្លា បាន​ប្រាប់​ថា ដើម​ឡើយ​នាង​មាន​ជំងឺ​មហារីក​កូន​កណ្ដុរ​នៅ​ម្ដុំ​គល់​ក ហើយ​នាង​បាន​ចូល​ទៅ​ទទួល​ការ​ព្យាបាល​គ្រប់​ដំណាក់​កាល មាន​ទាំង​ការ​ចាក់​បញ្ចូល​សារធាតុ​គីមី​ផង ដែល​ក្រោយ​ការ​ព្យាបាល​នាង​បាន​ធូរស្រាល​ហើយ ហើយ​ជាមួយ​នឹង​ក្ដី​សង្ឃឹម​ថា អ្វី​ៗ​នឹង​វិល​មក​រក​សភាព​ធម្មតា​របស់​នាង​ដូច​កាល​ពី​មុន​វិញ។ ប៉ុន្តែ​គួរ​សោកស្ដាយ មេរោគ​ដ៏​សាហាវ​នេះ បាន​រត់​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាងកាយ​ទៅ​ហើយ។

“និយាយ​ទៅ ខ្ញុំ​បាន​ព្យាបាល​តាម​គ្រប់​ដំណាក់​កាល​របស់​គ្រូ​ពេទ្យ​ហើយ ហើយ​ក៏​បាន​ទៅ​ស្កេន​មើល​នៅ​ដង​ខ្លួន​ទៀត ខ្លាច​វា​ទៅ​នៅ​កន្លែង​ណា​ទៀត តែ​អត់​ឃើញ​មាន​ទេ។ ប៉ុន្តែ​ចុង​ក្រោយ​នេះ វា​ស្រាប់​តែ​ពឺត​ក្បាល​ខ្លាំង​ឡើង​ៗ លុះ​ទៅ​ពេទ្យ​ស្កេន​មើល គេ​ថា ​វា​ជ្រៀត​ចូល​ដល់​ខួរ​ក្បាល​ទៅ​ហើយ!”។

ផល្លា ប្រាប់​បន្ត​ថា គ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​ព្យាបាល​តាម​ដំណាក់​កាល​ជា​ច្រើន​ទៀត តែ​សម្រាប់​នាង​ខ្លួន​ឯង​មិន​ដឹង​ថា នឹង​មាន​លទ្ធផល​បែប​ណា ហើយ​នាង​អាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ​ទេ។ "ខ្ញុំ​គ្រាន់តែ​ចង់ឃើញ​កូនៗ​ខ្ញុំ​មាន​ប្ដី​មាន​ប្រពន្ធ​រួចហើយ ចាំ​យក​ខ្ញុំ​ទៅ​ពេលណា​ក៏បាន​ដែរ"។ ផល្លា ថ្លែង។

ស៊ិន ឧត្តម​ផល្លា បច្ចុប្បន្ន​កំពុង​មាន​បន្ទុក​ចិញ្ចឹម​កូន​ចំនួន ៣នាក់។ ក្រៅ​ពី​អាជីព​សិល្បៈ នាង​ក៏​ជា​ម្ចាស់​អាជីវកម្ម​លក់​គ្រឿង​បុណ្យ យីហោ "ឧត្តម ឧត្តម" នៅ​ខាង​ជើង​វត្ត​ព្រះពុទ្ធ។ កាល​នៅ​សុខភាព​រឹង​មាំ គេ​មើល​ឃើញ​ថា ផល្លា ជា​សិល្បការិនី​ដែល​មាន​ឆន្ទៈ​ខ្លាំង​ចំពោះ​សិល្បៈ ក្នុង​នោះ​នាង​រមែង​ខិត​ខំ​ស្រាវជ្រាវ​រក​សិល្បករ​ចាស់​ៗ មក​បង្ហាញ​ជូន​ប្រិយមិត្ត​ដោយ​មិន​ខ្លាច​នឿយ​ហត់ និង​មិន​ដែល​បាន​ចំណូល​អ្វី​ពី​ការងារ​នេះ​សូម្បី​១០០រៀល។

រូបភាព៖ ហ្វេសប៊ុក ផល្លា

តាម​រយៈ​ការ​ខិត​ខំ​របស់ តារា​ចម្រៀង​ស្រី គេ​បាន​​ដឹង​ថា សិល្បករ​ជើង​ចាស់​ៗ​ជា​ច្រើន ខ្លះ​មាន​ជីវភាព​ធូរធារ ខ្លះ​ទៀត ជួប​ការ​លំបាក​ហួស​ស្មាន​ទាំង​ផ្នែក​ជីវភាព និង​សុខភាព ហើយ​ខ្លះ​ក្នុង​ចំណោម​នោះ ក៏​បាន​ផ្លាស់​ប្ដូរ​ជីវភាព បន្ទាប់​ពី​ការ​ចែកចាយ​របស់ ផល្លា ហើយ​មាន​សប្បុរសជន​ជា​ច្រើន​បាន​ជួយ។ ប៉ុន្តែ​បន្ទាប់​ពី​ជួយ​គេ​ឯង​ជា​ច្រើន​នាក់ មិន​នឹក​ស្មាន​​ថា រឿង​ដ៏​អាក្រក់​មួយ បែរ​ជា​មក​កើត​លើ​អ្នក​ស្រាវជ្រាវ​ពី​សិល្បៈ​រូប​នេះ​ទៅ​វិញ។ ប្រិយមិត្ត និង​មិត្ត​ភ័ក្តិ​ជា​ច្រើន បាន​​បន់​ស្រន់​ឲ្យ តារា​ចម្រៀង​ស្រី មាន​សំណាង​ល្អ ឆ្លង​ផុត​ដំណាក់​កាល​ដ៏​ផុយ​ស្រួយ​នេះ​កុំ​ខាន៕

អត្ថបទ៖ ទារិកា

មតិយោបល់